ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ថ្នាក់​ផ្កាយ​១​ម្នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​១​គ្រាប់​ភ្ជុ​ច​ដី​គំរាម​បុរស​ម្នាក់ ដោយ​សង្ស័យ​ថា ជា​ចោរ​ចូល​លួច​អីវ៉ាន់​ក្នុងផ្ទះ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ក្រុម​០៦ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បុរស​បង្ក​ឈ្មោះ​ប៊ុត សំណាង អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី ។ ចំណែក​ខាង​ជន​រង​គ្រោះ​ដែល​ត្រូវ​លោក​យោធា​ផ្កាយ​១​យល់​ច្រ​លំ​ថា​ចោរ ឈ្មោះ​ហ៊ុ​ក សេង​ម៉េ​ង​លី អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៦៥A ក្រុម​០៦ ក្នុងភូមិ​-​កើតហេតុ​ខាងលើ ។ ក្នុង​ករណី​ដដែល​នេះ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាមទារ​ថ្លៃ​សំណង​ជំងឺ​ចិត្ត​ពី​ បុរស​ជា​ជន​បង្ក ប៉ុន្តែ​ការ​ច​រា​នេះ​យ៉ាងណា​នោះ ពុំ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ទេ ព្រោះ​មានការ​លាក់លៀម ។

យោង​តាម​ការ​រៀបរាប់​របស់​បុរស​ខាងលើ​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​នៅ​វេលា​កើតហេតុ គាត់​បានឮ​សំឡេង​ចេញពី​របង​ផ្ទះ​របស់​គាត់ ដោយ​គាត់​សង្ស័យ​ថា មាន​ចោរ​ចូល​ផ្ទះ ។ ភ្លាម​ៗ រូប​គាត់​បាន​ទាញ​កាំភ្លើង​មួយ​ដើម​ម៉ាក K59 លេខ​៨៥៩៦ ស្ទុះ​ចេញ​មក​ក្រៅ ដើម្បី​តទល់​ជាមួយ​ចោរ ។ ប៉ុន្តែ​ខណៈ​ចេញ​មក​ក្រៅ គាត់​ពុំ​ឃើញ​អ្វី​ឡើយ តែ​បែរជា​ឮ​សំឡេង​ឆ្កែ​ព្រូស​ក្បែរ​របង​ផ្ទះ ក៏​ស្ទុះរ​ត់ទៅ​មើល​ស្រាប់​តែ​ឃើញ​បុរស​ម្នាក់​នៅ​ក្បែរ​នោះ ត្រូវ​ឆ្កែ​កំពុង​ឆ្កែ​ព្រូស​ដាក់ ។

ឃើញ​ដូចនេះ បុរស​ជា​ជន​បង្ក ក៏​បាន​បាញ់​ភ្ជុ​ច​ទៅ​នឹង​ដី​គំរាម​បុរស​ដែល​ត្រូវ​ឆ្កែ​ព្រូស​នោះ ដោយ​ស្មានថា ជា​ចោរ​ដែល​ចូល​ផ្ទះ​របស់​ខ្លួន ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ដោយ​ភ័យ​ស្លន់ស្លោ ក៏​បាន​ព្យាយាម​រត់​យករួចខ្លួន រួច​ទៅ​ប្តឹង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​អន្ត​រាគមន៍​ឃាត់ខ្លួន យក​ទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម ។

លោក​វរសេនីយ៍ទោ មាំ​ង សុខ​លុ​ច នាយការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៧ មីនា នេះ​ថា ករណី​នេះ​លោក​ពុំ​បានដឹង​ឡើយ ហើយ​សំណុំរឿង​នេះ ក៏​ពុំ​មែន​លោក​ជា​អ្នក​កាន់​ដែរ ពោល​គឺ​ថ្នាក់លើ​ជា​អ្នកចាត់ការ​ទាំងស្រុង ហើយ​មក​ទល់​ពេល​នេះ លោក​ក៏​មិនដឹង​ថា បុរស​ជា​ជន​បង្ក ត្រូវ​បាន​គេ​ចាត់ការ ឬ​សម្រេច​ដោះ​លែង​យ៉ាងណា​នោះ​ទេ ៕