សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

ខេត្តសៀមរាប ៖ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ ក្រុង​ខេត្តសៀមរាប ប្រមាណ​ជាង​១០០​អង្គ​/​នាក់ បាន​និមន្ត​មក​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋបាល​សាលាខេត្ត នា​ថ្ងៃ​ទី​០៧ ខែ​មិ​នា ឆ្នាំ​២០១៦ ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត ជួយ​រក​យុត្តិធម៌ ចំពោះ​ការ​តែងតាំង​ចៅអធិការ​វត្ត​ថ្មី និង​សុំ​ឱ្យធ្វើ​កិច្ច​ដំណើរការ​កសាង​ព្រះ​រូប​បដិមា​ដ៏​ធំ ឱ្យ​បាន​រួចរាល់ ដើម្បី​ទុក​តម្កល់​ជាទី​សក្ការៈ​នៅ​ក្នុង​វិមាន​សង្ឃ នៃ​ទី​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ នេះ​ផង​។ ក្នុង​ការ​តវ៉ា​នេះ​ក្រោម​ការ​និមន្ត​ដឹកនាំ​របស់ ព្រះ​ភិក្ខុសង្ឃ ព្រះ​នាម អ៊ុ​ន សម្ផស្ស  បាន​ចូល​ជួប​លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ អភិបាលរង​នៃ​គណៈអភិបាល ខេត្ត ដោយ​មាន​ព្រះ​វត្តមាន របស់​ព្រះ​គ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប និង អស់លោក លោកស្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

តាម​សង្ឃដីកា​របស់ ភិក្ខុ អ៊ុ​ន សម្ផស្ស បាន​បញ្ជាក់​ពី​គោលបំណង របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ សុំ​ធ្វើ ការ​ជួប​លោក​អភិបាលខេត្ត ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​អំពី​អធិករ ដែល​បាន​កើតឡើង​នៅ​ក្នុង​ទី​វត្ត ព្រះឥន្ទ្រ​កោ​សី​យ៍ ក្រោយ​ពេល​ដែល​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ឥន្ទ​កេស​រោ ពេជ្រ សន ព្រះ​មេគណ​ខេត្ត​ទទួល​អនិច្ចធម្ម​ទៅ ក្នុង​ទី​វត្ត​តែង​មាន​ភាព​មិន​ចុះសម្រុង​គ្នា​នឹង​គ្នា ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ។ ក្នុង​នោះ​ដែរ​ភិក្ខុ អ៊ុ​ន សម្ផស្ស និង​ប្រជា​ពុទ្ធបរិស័ទ ក៏​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ ភិក្ខុ ចាន់ សុវណ្ណ និង​ភិក្ខុ ក្រួច សុ​មាន ជា​លេខា ព្រះ​មេគណ ខេត្ត​ដែល​បាន​ទទួល​អនិច្ចធម្ម​ទៅ ព្រមទាំង​បក្ខពួក​បាន​ធ្វើ​ឱ្យ​មានរឿង​មិន​ប្រក្រតី​ក្នុង​ទី​វត្ត  នៅ​ពេល​ដែល​វត្ត​គ្មាន​ចៅអធិការ​គ្រប់គ្រង បាន​ធ្វើការ​ដេញ​ភិក្ខុ​សាមណេរ ចំនួន​៤​អង្គ​ចេញពី​វត្ត​ដោយ​មិនដឹង​ពី​មូលហេតុ ។ ចំពោះ​ការ​តែងតាំង​ភិក្ខុ ចាន់ សុវណ្ណ ឬ ភិក្ខុ ក្រួច សុ​មាន នោះ  ភិក្ខុ អ៊ុ​ន សម្ផស្ស និង​ព្រះសង្ឃ ពុទ្ធ​បរិ​ស​ទ័​ចំណុះ​ជើងវត្ត មិន​គាំទ្រ​បេក្ខភាព​ទាំង​ពីរ​អង្គ​នេះ​ឡើង ។

  ដោយ​មូលហេតុ​ព្រះ​ភិក្ខុ ចាន់ សុវណ្ណ បាន​ចាកចេញ​ចោល​វត្ត​អស់​រយៈ ពេល ១១​ឆ្នាំ ទៅ​រស់នៅ​សហរដ្ឋអាមេរិក គឺ​ពុំ​អាច​មក​គ្រប់គ្រង​កន្លែង​សុំ​សីល និង គរុភណ្ឌ​បាន​ឡើយ ហើយ​ចំពោះ ភិក្ខុ ក្រួច សុ​មាន បាន​ធ្វើ​ឱ្យ​បាត់បង់​បច្ច័យ​របស់​បុណ្យ​ព្រះ​សព​ព្រះ​មេគណ​ខេត្ត​ចំនួន​៥៥​លាន​៦​សែន​២​ពាន់​រៀល និង​ប្រាក់​ដុល្លា ចំនួន​១​ពាន់​៦៦១​ដុល្លា ដោយ​មិនដឹង​មូលហេតុ ។ ភិក្ខុ អ៊ុ​ន សម្ផស្ស ក៏​បាន​មាន​សង្ឃដីកា​យ៉ាង ទទូច​ចំពោះ​បញ្ហា​ការ​កសាង​ព្រះ​រូ​បដិមា​ធ្វើ​អំពី​ស្ពាន់​ដ៏​ធំ​ទុក​តម្កល់​សម្រាប់​ទី​សក្ការៈ​នៅ​ក្នុង​ទី​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ ដែល​បាន​កសាង​បាន​ប្រមាណ​៨០% ហើយ​ត្រូវ​បាន​សម្តេច​សង្ឃរាជ ទេព វង្ស ធ្វើការ​ហាមឃាត់ មិន​ឱ្យ​យក រូ​បដិមា​ធ្វើ​អំពី​ស្ពាន់ ដាក់​តាំង​គោរព​បូជា​នៅ​ក្នុង​ទី​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន​ព្រះ​មេគណ​ខេត្ត ដោយ​ទី​វត្ត​នេះ​ជា​វត្ត​បុរាណ មាន​ប្រាសាទ​ទៀត​ផង ។

ក្នុង​នោះ​ដែរ​ក៏​មាន​បងប្អូន​ពុទ្ធបរិស័ទ​យើង​ក៏​បាន​លើក នូវ​សំណូមពរ​សុំ​បន្ត​ការ​កសាង​រូ​បដិមា​ធ្វើ​អំពី​ស្ពាន់​នោះ ឱ្យ​បាន​រួចរាល់​ផង​ដែរ ។ មាន​ថេរ​ដីកា​ជាមួយ​គ្នា​នោះ​ដែរ​ព្រះ​គ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប ក៏​បាន​គូសបញ្ជាក់​ថា ចំពោះ​បញ្ហា​អធិករ​ដែល​កើតឡើង​នៅ​ក្នុង​ទី​វត្ត​នោះ ភិក្ខុសង្ឃ និង​ពុទ្ធបរិស័ទ ត្រូវ​តែ​រៀបចំ​នូវ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ ទាំង​បញ្ហា​បុគ្គល​ដើម្បី​ដាក់​ជូន​មក​គណៈសង្ឃ​វិន័យ ឬ​អនុគណ​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ ទៅ​តាម​ក្រឹត្យក្រម​ធម៌​វិន័យ​របស់​ព្រះសង្ឃ តែ​ចំពោះ​អាជ្ញាធរ គឺ​បាន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល និង​ធ្វើការ​ផ្សះផ្សារ ដើម្បី​ក្នុង​ផលប្រយោជន៍​ឱ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​យើង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន ។

មាន​ប្រសាសន៍​នោះ​ដែរ​លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ ក៏​បាន​គូសបញ្ជាក់​ថា គោល​ជំហរ​របស់​ខេត្ត សូម​គាំទ្រ​នូវ​រាល់​ការ​កសាង​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ទៅ​លើ​សម​ទ្ធិ​ផល​ក្នុង​វត្ត និង​ទី​សាធារណៈ ពីព្រោះ​ថា វិស័យ​ព្រះពុទ្ធ សាសនា នៅ​ពេល​បច្ចុប្បន្ន​នេះ គឺជា​យន្តការ​មួយ​ក្នុង​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ ចូល​មក​ទស្សនា​កម្សាន្ត នៅ​តាម​ទី​វត្ត​អារាម ដែល​មាន​អាយុកាល​ចំណាស់​ៗ​សំខាន់​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប និង​បណ្តា​ខេត្ត ផ្សេង​ៗ​ទៀត​។​លោក​ក៏​បាន​ជម្រាប​ដល់​ភិក្ខុសង្ឃ និង​ពុទ្ធបរិស័ទ​ផង​ដែរ​ថា រាល់​ការ​កសាង​យើង​ត្រូវធ្វើ​ទៅ​តាម ដំណាក់កាល និង​ជ្រើសរើស​ពេលវេលា​ឱ្យ​សម​ស្រប​ណាមួយ ដែល​ធ្វើ​ឱ្យ​កិច្ចការ​របស់​យើង​ទទួល​បាន​ជោគជ័យ ។ ម្យ៉ាងទៀត​កិច្ចការ​ទាំងនេះ ក៏​ត្រូវ​យើង​ធ្វើការ​ផ្សា​ភ្ជាប់​ទៅ​នឹង​ក្រុមការងារ​ថ្នាក់​ជាតិ ក្នុង​ផលប្រយោជន៍​ដល់​សង្គម​ជាតិ ក៏​ដូច​ក្នុង​ទីវ​ត្តរបស់​ខ្លួន​ផង​ដែរ ។ លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ ក៏​បាន​លើក​ផង​ដែរ ចំពោះ​បញ្ហា​អធិករ ដែល​កើត​នៅ​ក្នុង​ទី​វត្ត គឺ ជា​លក្ខណៈ​បុគ្គល ហើយ​ក៏​ជា​កិច្ចការ​របស់​ព្រះសង្ឃ ដូច​តាម​សង្ឃដីកា​របស់​ព្រះ​អនុគណ​ក្រុង​បាន​លើក​ឡើង ។

ដូច្នេះ​អាជ្ញាធរ​ខេត្ត គឺជា​អ្នកធ្វើការ​សម្របសម្រួល​ប្រកប​ទៅ​ដោយ​សន្តិវិធី ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ដោយ​មើល ឃើញ​នូវ​កង្វះ​នៃ​ការ​គ្រប់គ្រង​ព្រះសង្ឃ​ក្នុង​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោ​សី​យ៍  មន្ទីរ​បាន​តែងតាំង​ចៅ អធិការ​ស្តីទី ដែល​មាន​ព្រះ​នាម ភិក្ខុ ចាន់ សុវណ្ណ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ក្រសួង​ចេញ​សេចក្តី​ប្រកាស តើ​តែងតាំង​ភិក្ខុ​អង្គ​ណា ក្រោយ​ពេល​គណៈកម្មការ​ធ្វើការ​ជ្រើសរើស​និង​វាយតម្លៃ ឬ ក៏​យក​ព្រះសង្ឃ​ពី​វត្ត​ផ្សេង​មក​ធ្វើ​ចៅអធិការ​វត្ត ក្នុង​ការ​បញ្ចប់​អធិករ​ក្នុង​ទី​វត្ត​នេះ​ក៏​មាន​ផង​ដែរ ។ បន្ថែម​ពី​នេះ​លោក​ក៏​បាន​ធ្វើការ​ពាំនាំ​នូវ​សំណើ និង​សំណូមពរ​របស់​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ជូន​ដល់​អភិបាលខេត្ត​ក្នុង​ការ​ជម្រុញ​ឱ្យ​សម​ទ្ធិ​ផល​ដែល​យើង​បាន​កសាង​នេះ​សម្រេច​បាន​ដោយ​ជោគជ័យ និង​ទទួល​បាន​ផល​អនុ​សង្ឃ​ស្មើ​ៗ​គ្នា​ផង​ដែរ ៕