ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​សាធារណជន​ផ្តល់​សៀវភៅ​ប្រើ​រួច​ដើម្បី​ដាក់​តាម​បណ្ណាល័យ

ក្រសួង​អប់រំ យុវជន និង​កីឡា អំពាវនាវ​សាធារណជន​ផ្តល់​នូវ​ឯកសារ និង​សៀវភៅ​អាន​ផ្សេងៗ​ដែល​បាន​ប្រើប្រាស់​រួច ដល់​បណ្ណាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ស្ម័គ្រ​ចិត្ត។

លិខិត​អំពាវនាវ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន​នេះ បណ្ណាល័យ​មាន ៨.៤៧០​បណ្ណាល័យ​នៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បណ្ណាល័យ​ទាំង​នេះ​ភាគ​ច្រើន​មាន​តែ​សៀវភៅ​សិក្សា​គោល​ប៉ុណ្ណោះ ពុំ​ទាន់​មាន​សៀវភៅ​អាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​របស់​សិស្សានុសិស្ស សម្រាប់​សិក្សា​ស្រាវជ្រាវ និង​អាន​បន្ថែម​នៅ​ឡើយ។

អាស្រ័យ​ហេតុ​នេះ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ជួយ​ពី​សាធារណជន​ទូទៅ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ការ​ផ្តល់​នេះ អាច​ធ្វើ​តាម​រយៈ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី និង​ខេត្ត ឬ​នាយក​សាលា​រៀងៗ​ខ្លួន​ដោយ​ផ្ទាល់។

អនុក្រឹត្យ​ស្ដីពី​ទិវា​ជាតិ​អំណាន បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ ការ​អំពាវនាវ​ស្វែងរក​ការ​ផ្តល់​សៀវភៅ​ពី​សាធារណជន ធ្វើ​ឡើង​មុន​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​រៀបចំ​ទិវា​ជាតិ​អំណាន​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធានបទ "បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន"។ ទិវា​នេះ​មាន​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ ដើម្បី​រួម​ចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​ខ្មែរ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​តែង​និទាន​រឿង អាន​អត្ថបទ​អក្សរ​សិល្ប៍ ស្មូត​កំណាព្យ និង​តាំង​ពិព័រណ៍​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។