ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៥​នាក់ និង​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​មាន​៤​នាក់ ពាក់ព័ន្ធ​ជាមួយ​ក្រុម​ទទួលផល​ចោរកម្ម (​ទិញ​រថយន្ត​ចោរ​) និង​ម្នាក់​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​គប់​ដុំ​ថ្ម​ឲ្យ​របួសធ្ងន់​លើ​អ្នក​ដ៏​ទៃ ។

ជនសង្ស័យ​ពាក់ព័ន្ធ​ទិញ​រថយន្ត​ចោរ​(​ទទួលផល​ចោរកម្ម​)៤​នាក់ ១.​ឈ្មោះ​ប៉ែន ចាន់​រិ​ទ្ធ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល​ផ្លូវ​៩២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ ពេញ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ។ ២.​ឈ្មោះ​អ៊ិ​ត សុខ​សោម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​ជាងភ្លើង ៣.​ឈ្មោះ​ជា បូ​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាង​ជួល​ជុល​រថយន្ត ស្នាក់​នៅ​យានដ្ឋាន​(​ឥត សុខុម​) សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៤.​ឈ្មោះ​ន​ន់ វិចិត្រ ហៅ ចិត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ទិញ​លក់​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​២០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ពាក់​ពន្ធ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​ឈ្មោះ ប្រាក់ វិច្ឆិកា ហៅ វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៦៩ ផ្លូវ លេខ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ លោក​វរៈសេនីយ៍ទោ​តី វិសាល អនុប្រធាន​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្រោម​ការ​ដឹកនាំ​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍​ត្រិ សុង លី ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល នគ្របាល​ព្រហ្មទណ្ឌ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែមីនា ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​បង្ក្រាប​បាន​ជនសង្ស័យ​២​ក្រុម ១​ក្រុម​ជា​អ្នក​ទទួលផល​ចោរកម្ម​(​ទិញ​រថយន្ត​)​ពី ចោរ និង​១​ក្រុម​ជា​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​គប់​ដុំ​ថ្ម​)​លើ​អ្នក​ដទៃ​បណ្តាល​ឲ្យ​របួស​ក្បាល​ធ្ងន់ ។

លោក​តី វិសាល បន្ត​ថា ជនសង្ស័យ​ទទួលផល​ចោរកម្ម​ទាំង​៤ នាក់​នោះ​តែងតែ​ទទួល​រង់ចាំ​ទទួល​ទិញ​រថយន្ត​ពី​ក្រុម​ចោរ​ដែល​លួច​បាន​យក​មក​លក់​ឲ្យ សរុប​ទិញ​បាន​ចំនួន ៥​លើក ហើយ​រថយន្ត​ដែល​ទិញ​ពិ​ចោរលួច​មក​លក់​ឲ្យ​ពួក​គេ​នេះ​គឺ​ប្រភេទ​រថយន្ត​កាម​រី​ឆ្លាម ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល មាន​ករណី​ចោរលួច​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស សេរី​ឆ្នាំ​១៩៩៨ ពាក់​ស្លាក​លេខ ភ្នំពេញ​២D.៤០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជា​រថយន្ត​របស់​ឈ្មោះ​ញឹ​ម ឳ​វ៉ា​ត ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ។ ក្រោយ​ពី​មាន​ករណី​ចោរលួច​រថយន្ត​នោះ លោក​វរៈសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រើប្រាស់​កំលាំង​ជំនាញ​បើក​ការ​ស៊ើប​អ​ង្គេ​ត ស្រាវជ្រាវ ដោយ​មានការ សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​៥​មីនា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​ឈ្មោះ អ៊ិ​ត សុខ​សោម និង​ជា បូ​រ៉ា នៅ​គាល់​ស្ពាន​ជ្រោយចង្វា ដែល​ជនសង្ស័យ​២​នាក់​នោះ កំពុង​ជិះ​រថយន្ត​កាម​រី​ឆ្លាម​អត់​មាន​ពាក់​ស្លាក​លេខ​បម្រុង​យក​ទៅ​លក់​នៅ​ខេត្ត​ប៉ៃលិន ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ ប៉ែន ចាន់​រិ​ទ្ធ ហៅ ញ៉ា​ញ់ និង​ឈ្មោះ​ន​ន់ វិចិត្រ ហៅ​ចិត្រ ។ ពួក​គេ​បាន​សារភាព​ថា​រថយន្ត​១ គ្រឿង​ដូច​មាន​ភិនភាគ​ខាងលើ​នេះ គឺ​ទិញ​ពី​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ និង​ធ្លាប់​ទិញ​រថយន្ត​កាម​រី​ឆ្លាម​ចំនួន​៤​គ្រឿង​ហើយពី​ចោរ យក​ទៅ​លក់​តាម​បណ្តាល​ខេត្ត​បាន​១​គ្រឿងក្នុង​តម្លៃ​មិន​លើស​ពី​២.០០០​ដុល្លារ​ទេ ជា​តម្លៃ​ថោក​ព្រោះ​រថយន្ត​គ្មាន​ស្លាក​លេខ និង​មិន​បាន​ធ្វើ​លិខិត​ទិញ​លក់​ត្រឹមត្រូវ​ឡើយ ហើយ​លក់​ទៅ​ឲ្យ​អ្នក​រកស៊ី​ដឹកឈើ ព្រមទាំង​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត ។ លោក តី វិសាល បន្ត​ថា ជនសង្ស័យ​មិន​បាន​ចាំ​ថ្ងៃខែ​ទិញ​រថយន្ត​ពី​ចោរ ហើយ​ក៏​មិន ស្គាល់​អត្តសញ្ញាណ​ចោរ​ដែរ ប៉ុន្តែ​ដឹង​ថា​ធ្លាប់​ទទួល​ទិញ​រថយន្ត​ពី​ចោរ​ចំនួន​៤-៥​ដង​រួច​មក​ហើយ​លើក​នេះ​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ។

រីឯ​ជនសង្ស័យ​ឈ្មោះ​ប្រាក់ វិច្ឆិកា ហៅ វីត សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៥ ឈ្មោះ វីត បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​មាន ស្ថាន​ទម្ងន់ទោស​ប្រើ​ដុំ​ថ្ម​គប់​ទៅ​លើ​ឈ្មោះ​មុនី ពេជ្រ​មនោ​រម្យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស បណ្តាល​ឲ្យ​រង​របួស​ក្បាល​ជា​ទម្ងន់ ក្នុង​ជម្លោះ​គ្នា​មួយ​នៅ​ម្តុំ​វិមាន​ឯករាជ្យ ។ ក្រោយ​ពី​បង្ហាញ មុខ​ជនសង្ស័យ​ទាំង​ពីរ​ក្រុម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ៕