ព័ត៌មាន​ជាតិ &raquo បរិស្ថាន

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​មួយ​គ្រឿង​ដឹក​ដី​ហូរ​ធ្លាក់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ កាលពី​ម្សិលមិញ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​ជើង​គោក​ខេត្តបន្ទាយមានជ័យ បាន​ដេញ​តាម​ចាប់​យក​មក​ការិយាល័យ  ដើម្បី​ធ្វើការ​អប់រំ ។ មន្ត្រី​នគរបាល​ចរាចរ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​អ្នកបើកបរ​រថយន្ត​ឈ្មោះ សុខ ថា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី រថយន្ត​ម៉ាក​នី​សាន់​កែ​ច្នៃ​ដឹក​ដី  ពាក់​ស្លាក​លេខ កំពង់ធំ 3A-0059 ។

តាម​កា​រៀបរាប់​ពី​ឈ្មោះ​សុខ ថា​រ៉ា គេ​បាន​ដឹក​ដី​ពី​ចំណុច​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ  ឆ្ពោះទៅ​កាន់ ស្រុក​មង្គល​បូ​រី តែ​គេ​មិន​បានដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​ធ្លាក់​ដី​នោះ​ទេ  តែ​នេះ​ក៏​ជា​ការ​ឆ្វេស​ប្រហែស​របស់​គេ មិន​បាន​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ ពេល​មើលឃើញ​តាម​កញ្ចក់​គេ​ក៏​បាន​ឈប់​រថយន្ត  ដើម្បី​យក​សំណាញ់​ចង​រឹត​ទ្វារ​រថយន្ត​កុំ​ឲ្យ​ជ្រុះ​ដី​ដែរ ។ លោក​សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរ​ជើង​គោក​ខេត្ត បាន​បញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ជ្រុះ​ដី​ពេញ​រាយ​ប៉ាយ​នៅ​លើ​ផ្លូវជាតិ​នេះ គឺ​មក​ពី​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​កិប​គន្លឹះទ្វារ​ក្រោយ​មិន​ជិត​ទើប​បង្ក​ឲ្យ​ជ្រុះ​ដី​ដូច្នេះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ជា​គំរូ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ផ្សេង​ទៀត​កុំ​យកតម្រាប់​តាម​នោះ សមត្ថកិច្ច​បាន​ឲ្យ​សាមីខ្លួន​ជា​អ្នកបើកបរ​ទៅ​កាយ​ដី​ដែល​ជ្រុះ​ធ្លាក់​លើ​ថ្នល់ជាតិ ត្រង់​ចំណុច​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល​នោះ ឲ្យ​អស់​ពីលើ​ដងផ្លូវ ។​ទាក់ទិន​និង​ការ​ចាប់​រថយន្ត​ដឹក​ដី​បង្ក​ឲ្យ​ដី​ជ្រុះ​ធ្លាក់​នោះ ប្រជាពលរដ្ឋ មាន​សេចក្តី​ត្រេកអរ ហើយ​ថែម​ទាំង និយាយ​រិៈ​គន់​ថា គ្រប់​រថយន្ត​ដឹក​ដី​ច្រើ​តែ​ពួក​គ្មាន​សុ​វជី​វ​ធម៌ ក្នុង​ការ​បើកបរ ទោះបីជា​ក្នុង​ប្រជុំជន​ក៏​មិនសូវ​បង្អង់​ល្បឿន​ដែរ ហើយ​ពួក​គាត់​បាន​មើល​រថយន្ត​ខ្លះ ដឹក​ដី​ហៀរ​ពេញ​គ្មាន​ទាំង​គ្រប​សំណាញ់ អ្នកខ្លះ​ឃើញ​ថា​បាន​គ្រប់​សំណាញ់​បាន​ត្រឹមត្រូវ  ប៉ុន្តែ​គាត់​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា  រថយន្ដ​ដឹក​ដី​មិន​បាន​គ្រប​សំណាញ់​នោះ សុទ្ធតែ​អ្នកមាន​ខ្នង​អាង ដូច្នេះ​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​មើល​ផង​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​នគរបាល​ចរាចរ ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ដល់​អ្នកបើកប​រេ​ថ​យន្ត​ដឹក​ដី ដល់​ការដ្ឋាន ជីក​កាយ​ដី​នៅ​ភូមិ​ពង្រ និង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ នោះ​ដែរ​ពី​ការ​ដឹក​ដី​មិន​ឲ្យ​ហៀរ​ពេញ​ដែល​បង្ក​ឲ្យ​ជ្រុះ​ដី ធ្លាក់​លើ​ផ្លូវ និង​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ។ បើ​តាម​ការ​ត្រួតពិនិត្យ​ប័ណ្ណបើកបរ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ចំនួន​៣៧​រូប នៅ​ការដ្ឋាន​ទាំង​២​ខាងលើ​នោះ គឺ​រក​ឃើញ​អ្នកមាន​ប័ណ្ណបើកបរ​តែ​១៤​រូប​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​អ្នក​ទាំង​ដែល​គ្មាន​នោះ​គេ​និយាយ​ថា បាន​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ហើយ​តែ​នៅ​មិន​ទាន់​បាន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ គី មក​រា នាយ​រង​ការិយាល័យ​នគរបាល​ចរាចរ​ដែល​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​៕