ភ្នំ​ប្រុស​-​ភ្នំ​ស្រី តំណាង​ឲ្យ​ប្រាជ្ញា និង​ការព្យាយាម​របស់​នារី​

​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​ជា​រមណី​ដ្ឋា​ន​មួយ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយ​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្តកំពង់ចាម ប្រមាណ ៧ គីឡូម៉ែត្រ​។ ភ្នំ​មួយគូ​នេះ បាន​បង្កើតជា​រឿងនិទាន​ទាក់ទង​នឹង​ការចូល​ស្តី​ដ​ណឹ្ត​ង​កូនចៅ​។ ជាពិសេស​នោះ ភ្នំ​ទាំងពីរ​នេះ ក៏​ជា​និមិត្តរូប​នៃ​បញ្ញា​និង​ការអត់ធ្មត់​របស់​ស្ត្រី ផងដែរ​។​

​រមណីយដ្ឋាន ភ្នំ​ប្រុស​-​ភ្នំ​ស្រី មានរឿង​និទាន ទាក់ទង​ទៅនឹង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ អំពី​ពិធី​ចូល​ស្តីដណ្តឹង​កូនចៅ​។ កាលពី​ដើមឡើយ កម្ពុជា មាន​ស្តេច​ស្រី​មួយអង្គ ព្រះនាម​ស្រី​អយុធ្យា ជា​អ្នក​សោយរាជ្យ​។ ដោយសារ​ព្រះ​នាង​ជា​សេ្ត​ច​ផែនដី ទើប​គ្មាន​បុរស​ណាមួយ ហ៊ាន​ទៅ​ដណ្តឹង​យក​ជា​ភរិយា​ឡើយ​។ អ៊ីចឹង​ហើយ ព្រះ​នាង​ក៏​ដណ្តឹង​បុរស​ម្នាក់ ដែលមាន​រូប​ជាទី​គាប់​ព្រះទ័យ មក​ធ្វើជា​ព្រះ​ស្វាមី​វិញ​។ ដោយហេតុតែ​ព្រះ​រាជិនី​ស្រី​អយុធ្យា ដណ្តឹង​ប្រុស​ជា​ព្រះ​ស្វាមី ទើប​ស្រីៗ​ដែល​នៅក្រោម​ព្រះរាជ​ឱវាទ ក៏​ដណ្តឹង​ប្រុសៗ​ធ្វើជា​ស្វាមី​តាម​ដែរ​។​

​រឿងនិទាន​ខាងលើ បាន​បង្កើត​ទំនៀមទម្លាប់​ថ្មី ដោយ​ឲ្យ​ខាង​នារី ជា​អ្នក​ចូល​ស្តីដណ្តឹង​បុរស​ធ្វើជា​ស្វាមី​។ ទំនៀប​ទម្លាប់​នេះ បាន​បង្កើត​ឲ្យ​មាន​ភាព​អៀនខ្មាស​ដល់​ស្ត្រី​ដែលមាន​រូបសម្បត្តិ​អាក្រក់ ដោយ​ត្រូវ​បុរស​រើសអើង​និង​ប្រកែក​មិន​ព្រមយក​ធ្វើជា​ភរិយា​។ ដូច​ច្នោះ​ហើយ ចំណេរ​ចេរកាល​ក្រោយមក ពួក​ស្រី្ត ក៏​ប្រជុំគ្នា​ដើម្បី​រក​វិធី​កែប្រែ​ប្រពៃណី​នេះ​ចោល ដោយ​ពួកគេ​ចង់​ឲ្យ​ខាង​បុរស​ជា​អ្នក​ចូល​ស្តីដណ្តឹង​ខាង​នារី​វិញ​ម្តង​។​

​បន្ទាប់ពី​គិតបែបនេះ​ហើយ ពួក​ស្រីៗ ក៏​បបួល​ពួក​ប្រុសៗ ភ្នាល់​គ្នា ដោយ​សន្យាថា «​បើ​ខាង​បុរស​លើកដី​ធ្វើ​ភ្នំ​ទាប​ជាង​នារី គឺ​បុរស​ត្រូវតែ​ចូល​ស្តី ដណ្តឹង​ខាង​នារី​វិញ​ម្តង​»​។ ក្រោយពី​បាន​ចុះ​ខសន្យា​ភ្នាល់​គ្នា​ដូច​ពោល​មកនេះ ភាគី​ខាង​ស្ត្រី ក៏​ចាប់ផ្តើម​កេណ្ឌ​មនុស្ស​ស្រី​ឲ្យ​បាន​ច្រើន រីឯ​ខាង​បុរស ក៏​ប្រមូល​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន​ដូចគ្នា ដើម្បី​ប្រកួត​យកជ័យ​ជម្នះ​។ ភាគី​ទាំងពីរ​បានកំណត់​ថា «​យើង​ទាំងអស់​ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ​ទើប​ឈប់​ទាំងអស់គ្នា តែបើ​ផ្កាយព្រឹក​មិន​រះ យើង​មិនត្រូវ​ឈប់​ទេ​។ នៅពេល​ផ្កាយព្រឹក​រះ បើ​ភាគី​ណា​លើកដី​ពូន​ជា​ភ្នំ​បាន​ខ្ពស់ជាង ភាគី​នោះ​ជា​អ្នកឈ្នះ​»​។​

​ពេល​ព្រមព្រៀងគ្នា​ដូ​ចេះ្ន​ហើយ ពួកគេ ក៏​ចាប់ផ្តើម​ជញ្ជូន​ដី​រែក​ទូល យកទៅ​ពូន​ធ្វើជា​ភ្នំ​។ ពេលនោះ​ជា​ពេល​រាត្រី ពួក​ស្រីៗ ជញ្ជូន​ដី អស់​វេលា​បី​-​បួន​ម៉ោង ក៏​នាំគ្នា​បង្អួត​គោម​តូច​មួយ យ៉ាងខ្ពស់​។ ពួក​ប្រុសៗ​ក្រឡេកមើល​ទៅលើ​ឃើញ​គោម​ដែល​ស្រីៗ​ប​ង្អូ​ត​នឹង​ឬ​ស្សី​មួយ​ដើម​នោះ ស្មានថា​ផ្កាយព្រឹក​រះ ក៏​បបួលគ្នា​ឈប់​ធ្វើការ ហើយ​និ​ន្ទ្រា​លង់លក់​អស់​ទៅ​។​ពួក​ស្រីៗ​ក៏​នាំគ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ​មែនទែន​ទើប​ឈប់​។ ដល់​មាន់រងាវ ពួក​ប្រុសៗ​ភ្ញាក់ឡើង ហើយក៏​លាន់មាត់​ថា « យើងទាំងអស់គ្នា​ខុស​ហើយ​។ ផ្កាយព្រឹក​មែនទែន​ទើបតែនឹង​រះ​សោះ »​។ ពេល​ក្រឡេកឃើញ ភ្នំ​របស់​ស្រី​មាន​កម្ពស់​ខ្ពស់ជាង​ភ្នំ​របស់ខ្លួន ពួក​ប្រុសៗ​ក៏មាន​សេចក្តី​អៀនអន់​ក្នុង​ចិត្ត ដោយ​ចាញ់កល​ស្រីៗ​។ ចាប់តាំងពី​កាលនោះ​មក ប្រុសៗ​ក៏​ដណ្តឹង​ស្រីៗ​ធ្វើជា​ភរិយា​វិញ​ម្តង រហូតមកដល់​សព្វ​ថៃ្ង​នេះ​។ 

​រឿងនិទាន​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា ស្ត្រី​ក៏មាន​ប្រាជ្ញា មិន​ចាញ់​បុរស​ដែរ​។ ជាងនេះទៀត ស្ត្រី​ក៏​អាច​សម្រេច​ភាពជោគជ័យ​ដ៏​ធំធេង និង​អាចបំពេញ​កិច្ចការ​ដ៏​ធំដុំ ដូច​បុរស​ដែរ ឬក៏​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​បុរស​ក៏​ថា​បាន​។ ម្យ៉ាងទៀត សេចក្តី​នៃ​រឿងនេះ ក៏​ចង់​អប់រំ​បុរស​គ្រប់រូប មិន​ឲ្យ​មើលងាយ​ឬ​បន្ទាប​តម្លៃ​ស្ត្រី​នោះឡើយ ចំណែកឯ ស្ត្រី​ក៏​មិនត្រូវ​ចុះចាញ់​បុរស​ដែរ​។ យ៉ាងណា​ក៏​ចុះ បុរស​និង​ស្ត្រី​ត្រូវ​ពឹងពាក់​គ្នា​ជានិច្ច ដើម្បី​សម្រេច​កិច្ចការ​អ្វីមួយ សម​ដូច​សុភាសិត​ខ្មែរ​ពោល​ទុក​ថា​«​សំណាប​យោង​ដី ស្រី​យោង​ប្រុស​»៕
 
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​