ដល់ពេល​អ៊ុយ​ក្រែ​ន​ស្តាយក្រោយ​ព្រោះ​ជឿ​លើ​អឺរ៉ុប​?

​អ៊ុយ​ក្រែ​ន​ខឹងសម្បារ​ខ្លាំង ក្រោយពេល​ប្រធាន​គណកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​ក្លូ ចាំង​កឺ ថ្លែងថា អ៊ុយ​ក្រែ​ន​មិនទាន់​អាច​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​និង​ណា​តូ​ឡើយ ពោល​ត្រូវ​ចាំ​យ៉ាងហោចណាស់​ក៏​ក្នុង​រយៈពេល ២០ ទៅ​២៥​ឆ្នាំ​ទៀត​ដែរ​។ តែ​គេ​ជឿជាក់ថា ការលើកឡើង​របស់​មេ​ដឹកនាំ​អឺរ៉ុប​នេះ  ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ហូ​ឡង់​បោះឆ្នោត​ក្នុង​ប្រជាមតិ​គាំទ្រ​កិច្ចព្រមព្រៀង​ភ្ជាប់​ខ្លួន​អ៊ុយ​ក្រែ​ន​ជាមួយ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ ក្តី​ប្រាថ្នា​របស់​អ៊ុយ​ក្រែ​ន​ចង់​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប កំពុង​ក្លាយជា​សុ​បិ​ន្ត​ដែល​មិនអាច​ក្លាយជា​ការពិត​។​

​មេដឹកនាំ​គណបក្ស​ស្តាំនិយម​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ការខឹង​សម្បារ​ខ្លាំង​ចំពោះ មេដឹកនាំ​អឺរ៉ុប​ដែល​បាន​ថ្លែងថា អ៊ុយ​ក្រែ​ន​នឹង​មិនអាច​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ ចន្លោះ​ពី ២០ ទៅ ២៥​ឆ្នាំ​ទៅមុខទៀត​។

  ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅក្នុង​ប្រទេស​ហូ​ឡង់ កាលពីដើម​សប្តាហ៍​នេះ ប្រធាន​គណបក្ស​កម្ម​កា​រ​អឺរ៉ុប​លោក ហ្ស​ង់ ក្លូ​ចាំង​កឺ  (Jean-Claude Juncker) បាន​លើកឡើងថា អ៊ុយ​ក្រែ​ន​មិនអាច​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល ២០​ទៅ ២៥​ឆ្នាំ​ទៀត ហើយក៏​មិនអាច​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​ដូចគ្នា​ដែរ​។​

​លោក Oleg Lyashko ប្រធាន​គណបក្ស​កំណែទម្រង់​អ៊ុយ​ក្រែ​ន បាន​ប្រតិកម្ម​តប​ចំពោះ​ការ​ពាក្យសម្តី​របស់លោក ចាំង​កឺ  ដោយ​លោក​សង្កត់ធ្ងន់ថា មិនគួរណា​សហភាព​អឺរ៉ុប​ប្រើប្រាស់​ពាក្យសម្តី​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ៊ុយ​ក្រែ​ន​បែបនេះ​ឡើយ​។​

​លោក​ថា​៖ « អ៊ុយ​ក្រែ​ន​មិនអាច​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុងពេល ៥​ឆ្នាំ​ឡើយ បើតាម​គោលនយោបាយ​របស់​សហ​ភាព​អឺរ៉ុប​បច្ចុប្បន្ន​។ វា​នឹង​មិនមាន សហភាព​អឺរ៉ុប និង​ណា​តូ ប៉ុន្តែ​វា​នៅមាន​អ៊ុយ​ក្រែ​ន​។ ហើយ​វា​នឹង​ក្លាយជា​បែបណា​អាស្រ័យ​លើ​ប្រជាជន​អ៊ុយ​ក្រែ​ន​ខ្លួនឯង មិនមែន​លើ​លោក ចាំង​កឺ​ឡើយ​»​។​

-​លោក ចាំង​កឺ ថ្លែង​សុន្ទរកថា​ពី​អ៊ុយ​ក្រែ​ន​មុនពេល​បោះឆ្នោត​ប្រជាមតិ​នៅ​ហូ​ឡង់​
​តាមពិតទៅ សុន្ទ​កថា​របស់​ប្រធាន​គណកម្មការ​អឺរ៉ុប​នេះ​ធ្វើឡើង​នៅក្នុង​ប្រទេស​ហូ​ឡង់ ហើយ​មុន​ពេលដែល​ប្រជាមតិ​ពាក់ព័ន្ធ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភ្ជាប់​ខ្លួន​អ៊ុយ​ក្រែ​ន​ជាមួយ​សហភាព​អឺរ៉ុប ត្រូវ​រៀបចំឡើង​នៅ​ខែមេសា​ខាងមុខ​នោះ​។​

​អាច​ថា លោក ចាំង​កឺ ចង់​បញ្ជាក់ប្រាប់​ប្រជាជន​ហូ​ឡង់​ថា ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ មិន​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប និង​មិនមែន​មានន័យថា អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​អឺរ៉ុប​ពេញសិទ្ធិ​ឡើយ​។ តាមពិតទៅ កិច្ចព្រមព្រៀង​នេះ​ត្រឹម​ជា​ជំហាន​ដំបូង​នៃ​ការ​ឈានទៅ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។ វា​មាន​គោលដៅ​ជួយ​ឲ្យ​អ៊ុយ​ក្រែ​ន​អនុវត្ត​គោលនយោបាយ​កែទម្រង់​ផ្ទៃក្នុង​មាន​ប្រព័ន្ធ​ច្បាប់ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​តម្រូវ​ស្តង់ដា​សហភាព​អឺរ៉ុប និង​ឈានទៅ​ចូលរួម​ក្នុង​សហភាព​នេះ​នៅពេល ខាងមុខ​។​

​ប្រធាន​គណបក្ស​ខាងលើ​លោក Oleg Lyashko យល់ស្រប​ដែរ​ថា អ្វីដែល​លោក ចាំង​កឺ និយាយ​ជាការ​ជំរុញ​ឲ្យ​មានការ​ទទួលយក​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ប៉ុន្តែ​លោក​សង្កត់​ថា វា​ពិតជា​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ខឹង​ខ្លាំងណាស់​។ វា​ប្រៀបដូចជា ការ​បំបាក់ស្មារតី​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​បាន ប្រឹងប្រែង​តស៊ូ ធ្វើ​ពលី​កម្ម​គ្រប់យ៉ាង​ដើម្បី​ទទួលបាន​សមាជិកភាព​អឺរ៉ុប​ដូច្នេះ​ដែរ​។​

 ត្រលប់​លទ្ធផល​ស្ទង់​មតិ​បង្ហាញថា ប្រជាជន​ហូ​ឡង់​ច្រើនជាង​៥០​ភាគរយ​បង្ហាញ​ការជំទាស់​កិច្ចព្រមព្រៀង​នេះ​រួចទៅហើយ​។  យ៉ាងណាមិញ លទ្ធផល​នៃ​ប្រជាមតិ​នេះ​មិនមាន​អនុភាព​ចាប់បង្ខំ ដាក់​សម្ពាធ​ឲ្យ​សភា សម្រេច​បែបណា​ឡើយ​។

-​អ៊ុយ​ក្រែ​ន​នៅក្នុង​ស្ថានភាព «​ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​»
​លើកឡើង​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា​អ៊ុយ​ក្រែ​ន​ត្រូវ​ចាំ​២០ ឬ​២៥​ឆ្នាំ​ទៀត​ដើម្បី​បាន​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប វា​មិន​ខុសពី​សំពោង​អ៊ុយ​ក្រែ​ន​មួយ​ព្រនង់​ឡើយ​។ អាច​ថា​បំណង​ចង់​ក្លាយជា​សមាជិក​អឺរ៉ុប​កំពុងតែ​ជា​សុ​បិ​ន្ត​ដែល​ពិបាក​ក្លាយជា​ការពិត ហើយ​អ៊ុយ​ក្រែ​ន​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក ងាកក្រោយ​ក៏​មិន​រួច ទៅមុខទៀត​ក៏​មិនកើត​។ រុស្ស៊ី​ឯណោះ​វិញ​ដែល​ទាញ​អ៊ុយ​ក្រែ​ន​កុំ​ឲ្យ​ចូល​ជាមួយ​អឺរ៉ុប​ព្រោះ​ខា្ល​ច​បាត់បង់​ឥទ្ធិ កំពុង​ញញឹម ព្រោះ​អ៊ុយ​ក្រែ​ន​ទៅមុខ​មិន​រួច​ឡើយ​។ កន្លងមក​ព្រោះតែ​ចង់បាន​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប​នេះហើយ ទើប​ជម្លោះ​អ៊ុយ​ក្រែ​ន​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​និង​អូសបន្លាយ​មកដល់​បច្ចុប្បន្ន​ចេញ​រូបរាង​ឡើង​។

​កាលពី​ចុងឆ្នាំ ២០១៣ រដ្ឋាភិបាល​លោក Viktor Yanukovych ដែល​ស្និទ្ធ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​បាន​ទាត់ចោល​កិច្ចព្រមព្រៀង​ជំរុញ​សមាហរណកម្ម​ជាមួយ​សហភាព​អឺរ៉ុប រហូតដល់​ជំរុញ​ឲ្យ​ក្រុម​អ្នកគាំទ្រ​សហភាព​អឺរ៉ុប​ដឹកនាំ​បដិវត្ត​ទម្លាក់​លោក​ពី​តំណែង​។ ការធ្លាក់​ពី​តំណែង​របស់លោក នាំ​ឲ្យ​រុស្ស៊ី​អន្តរាគមន៍ និង​ដណ្តើមយក​ទឹកដី  Crimea ពី​អ៊ុយ​ក្រែ​ន ហើយ​បង្ក​ឲ្យ​បែកខ្ញែក​គ្នា​ក្នុងចំណោម​ទឹកដី​ភាគ​ខាងកើត​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ក្រុង​គៀវ​ថែមទៀត​។ បើ​មើល​ជម្លោះ​ភាគ​ខាងកើត​ពិបាក​បញ្ចប់ ខណៈ​រដ្ឋាភិបាល​ក្រុង​គៀវ​របស់លោក  Petro Poroshenko នោះ​ស្រវាស្រទេញ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និ​យោ​បាយ ផង និង​បញ្ហា​សន្តិសុខ​ខាងក្នុង​ផង​។

​រឿង​ដែល​រឹតតែ​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​អស់សង្ឃឹម​នោះ គឺ​ការផ្លាស់ប្តូរ​គោលជំហរ​របស់​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ចំពោះ​រុស្ស៊ី​។ ព្រោះតែ​បញ្ហា​អ៊ុយ​ក្រែ អឺរ៉ុប​ក៏​ខាតបង់​មិន​ស្ទើរ​ដែរ ព្រោះ​ត្រូវ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី និង​បង្ខំចិត្ត​ដាក់ទណ្ឌកម្ម​និង​ផ្តាច់ចំណង​ពាណិជ្ជកម្ម​មួយចំនួន​ផង​។​

​រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស្ទើ​ក្អួត​ឈាម​គឺ ប្រមុខ​គណកម្មការ​អឺរ៉ុប លោក ហ្ស​ង់ ក្លូ​ចាំង​កឺ គ្រោង​នឹង​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ ដើម្បី​ជួប​ជជែក​ជាមួយ​មេដឹកនាំ​រុស្ស៊ី​បញ្ហា​កិច្ចសហប្រតិបត្តិការ​នា​នា​។ ទស្សនកិច្ច​ផ្លូវការ​របស់​មេដឹកនាំ​អឺរ៉ុប​ទៅ​រុស្ស៊ី​នេះ​មិន​ធ្លាប់មាន​ពីមុនមក​នោះ​តាំងពី​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ដើមឆ្នាំ ២០១៤ ហើយ​គេ​រំពឹងថា ឆ្លៀតឱកាស​ពិសេស​នេះ អឺរ៉ុប​នឹង​ពិចារណ​ដក​ទណ្ឌកម្ម ដែល​បានដាក់​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​និង​រដ្ឋ​រុស្ស៊ី​ពីរ​ឆ្នាំ​មកនេះ​ផង​។ អឺរ៉ុប​អាច​នឹង​លើក​ទណ្ឌកម្ម ទីក្រុង  ក្រោមលេស​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ផុយស្រួយ​Minks ដែល​បាន​ចូល​ជា​ធរមាន​តាំងពី​ខែកុម្ភៈ​ឆ្នាំមុន​មក​នោះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​