លោ​កក វណ្ណ សុ​ផា​ណ្ណា មន្ត្រី​ជើងចាស់​រដ្ឋបាល​ព្រៃឈើ​ចូលនិវត្តន៍ បាន​ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន ឈើ​យ៉ាង​គឃ្លើន ផ្គើន​នឹង​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន​

​ខេត្តសៀមរាប​៖ លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប កំពុង​ក្លាយទៅជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​ក្រអឺតក្រទម​គ្មាន សមត្ថកិច្ច​ណា សូម្បីតែ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​តាមផ្លូវ​ជាតិ​លេខ​៦ ពី​ខេត្តសៀមរាប ទៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ធំៗ​២​គ្រឿង​ដឹកឈើ​លើស​ចំណុះ​ស្ទើរតែ​រយះ​ផ្លូវ ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ហួស​ទៅ​ខេត្តបន្ទាយមានជ័យ តាមផ្លូវ​ជាតិ​លេខ​៦​បាន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ហើយ​សូម្បីតែ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​មិន​ហ៊ាន​ក្អក​ផង ។​

​ប្រភពពី​មន្ត្រីនគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ជា​របស់លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ និង​សកម្មភាព​ខាង​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ដោយមាន​អ្នករត់​ការ​ដល់​ទៅ​៣​នាក់ ទី​១​ឈ្មោះ ឆ័យ ទី​២​ឈ្មោះ វិសាល និង​ទី​៣ ឈ្មោះ ម៉ែន វុទ្ធី ហៅ​ធី​ឡយ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។ ពួកគេ​បាន​ប្រើ​អំណាច​សម្លុត គម្រាម លួងលោម និង​សូកប៉ាន់​ដោយសារ​តែមាន​អ្នករត់​ការបើកផ្លូវ​បែបនេះហើយ​ទើប​លោក វណ្ណ សុ​ផា​ណ្ណា អាច​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​សូម្បីតែ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​លោក វណ្ណ សុ​ផា​ណ្ណា មិន​ទាំង​ញញើត​ផង គឺ​ដឹក​ផ្គើន​។​

​គួរ​រំលឹក​ដែរ​ថា ពេលដែល​លោក វណ្ណ សុ​ផា​ណ្ណា កាល​នៅ​ធ្វើជា​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប គឺ​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ និង​កំពង់ធំ កើនឡើង​យ៉ាង​ពេញបន្ទុក​ដោយមាន​ការបើក​ដៃ​ពី​លោក វណ្ណ សុ​ផា​ណ្ណា ប្រមូលយក​ផលប្រយោជន៍​មិនដែល​ខ្វល់​នឹង​ការ​រលាយ​ព្រៃឈើ​នោះទេ​។ ឥឡូវនេះ​ទោះបី​លោក វណ្ណ សុ​ផា​ណ្ណា អស់តំណែង​ជានា​យ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​យ៉ាងណាក៏ដោយ ក៏​លោក វណ្ណ សុ​ផា​ណ្ណា បានចេញ​មុខមក​ធ្វើជា​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ​យ៉ាង​រលូន​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​មិន​ហ៊ាន​ប៉ះពាល់​ទេ​ថែមទាំង​ជួយ​រត់ការ រហូត​បណ្តាក់​គ្នា​ជួយ​មើលផ្លូវ​ថែមទៀត​។

ភស្តុតាង​ជាក់ស្តែង​មិនអាច​ប្រកែក​បាន គឺ​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​លើ​ដង​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តសៀមរាប ទៅ​ខេត្ត​បន្ទាយ មានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​នោះ គឺជា​របស់លោក វណ្ណ សុ​ផា​ណ្ណា​។ នេះ​គេ​ចាត់ទុកថា​ជា​រឿងអាស្រូវ​ដដែលៗ របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការដឹកនាំ​របស់លោក ឆេង គឹម​សុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​គ្មាន​សមត្ថភាព​លុបបំបាត់​។ ហើយ​ករណីនេះ​អតីតមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ លោក វណ្ណ សុ​ផា​ណ្ណា ចេញមុខ​ប្រព្រឹត្ត​ពេញទំហឹង​គួរ​ឲ្យ​អាម៉ាស់​បំផុត​៕

KA-07-02-2016-18 KA-07-02-2016-20 KA-07-02-2016-19