វិចារណកថា៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ គឺជាខួបគម្រប១០៥ឆ្នាំ នៃទិវានារីអន្តរជាតិ ដែលប្រទេសជាច្រើននៅលើពិភពលោក បានប្រារព្ធទិវានារីអន្តរជាតិជារៀងរាល់ឆ្នាំ ។ នៅក្នុងប្រទេសកម្ពុជាក៏មានប្រារព្ធទិវានារីអន្តរជាតិផងដែរ ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងបង្ហាញពីតួនាទីដ៏សំខាន់ របស់ស្ត្រីនៅក្នុងសង្គមជាតិ និងនៅក្នុងសង្គមគ្រួសារ។

តាមពិនិត្យជាក់ស្តែង នារីមានតួនាទីសំខាន់ណាស់ នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ព្រោះស្ត្រីជាមាតា នៃពិភពលោក ហើយកិច្ចការមួយចំនួន មិនអាចសម្រេចទៅបានទេ ប្រសិនគ្មានការចូលរួមពីស្រ្តី។ មានន័យថា ការប្រារព្ធទិវានារីអន្តរជាតិ លើកទី១០៥ នៅកម្ពុជា និងនៅទូទាំងពិភពលោក គឺជាបញ្ហាសំខាន់បំផុត ដើម្បីឲ្យស្ត្រីកាន់តែមានសិទ្ធិធំធេង ចូលរួមក្នុងការងារបម្រើប្រទេសជាតិ បម្រើសង្គមជាតិ ពង្រឹងសង្គមគ្រួសារ ដើម្បីនាំមកនូវភាពសុខសាន្ត និងសេចក្តីសុខសកលលោក។ 

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ស្ត្រីចូលរួមកាន់តែច្រើននៅក្នុងឆាកនយោបាយ នៅក្នុងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិ។ វត្តមានស្ត្រីនៅក្នុងការងារគ្រប់ស្ថាប័ន គឺជាកត្តានាំមកនូវតម្លាភាព រវាងសិទ្ធិស្ត្រី និងបុរសនៅក្នុងសង្គមជាតិ ព្រោះស្រ្តីអាចធ្វើអ្វីបានសព្វបែបយ៉ាង ដូចជាបុរសដែរ។

លើសនេះទៅទៀត បើមើលទៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ជាដើម ស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការងារ ដើម្បីនាំមកនូវប្រាក់ចំណូលពង្រឹងសេដ្ឋកិច្ចជាតិ និងជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាភាពសុខសាន្តក្នុងសង្គមជាតិ ។ មានការងារខ្លះស្ត្រីអាចធ្វើបាន ហើយបុរសមិនអាចធ្វើបាននោះទេ បញ្ហានេះហើយដែលមនុស្សទូទាំងពិភពលោក ឲ្យតម្លៃទៅលើស្ត្រី គោរពស្ត្រី ហើយមានបណ្ដាប្រទេសជាច្រើន ដែលជ្រើសរើសស្ត្រី ឲ្យធ្វើជាមេដឹកនាំ ដើម្បីបង្ហាញថា ស្ត្រីមានសមត្ថភាពមិនចាញ់បុរសឡើយ។

នៅក្នុងឱកាសប្រារព្ធទិវានារីអន្តរជាតិ ខួបលើកទី១០៥ ក្នុងទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ត្រីថ្មីរួចហើយ សម្រាប់ត្រៀមចូលកាន់តំណែងធ្វើជាអភិបាលខេត្ត នៅតាមបណ្ដាខេត្តមួយចំនួន ខណៈអភិបាលខេត្តទាំងនោះ មានអាយុជិតចូលនិវត្តន៍។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ការកំណត់ជ្រើសរើសយកមន្ត្រីថ្មីជាស្ត្រី ត្រៀមឲ្យចូលកាន់តំណែង ជាអភិបាលខេត្តនៅតាមបណ្ដាខេត្តមួយចំនួន គឺធ្វើឡើងដើម្បីលុបបំបាត់ ការអន្តរាគមន៍របស់មន្ត្រីមួយចំនួន ដែលចូលចិត្តធ្វើការងារអន្តរាគមន៍នោះ។ សម្រាប់អភិបាលខេត្ត ដែលមានអាយុជិតចូលនិវត្តន៍ មានដូចជាខេត្តពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យជាដើម។ 

ចំណុចគួរឲ្យកត់សម្គាល់ គឺសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ឲ្យគណៈកម្មការយេនឌ័រ ដើម្បីស្ត្រី ជួយផ្តល់កិច្ចសហការជ្រើសរើសមន្ត្រីជាស្ត្រី ត្រៀមចូលកាន់តំណែងជាអភិបាលរងខេត្តផងដែរ ហើយបើជ្រើសរើសមិនបានទេនោះ ត្រូវទុកកន្លែងនោះ ឲ្យនៅទំនេរដដែល និងរងចាំការជ្រើសរើសមន្ត្រីថ្មីជាស្ត្រី ចូលទៅកាន់តំណែងបំពេញការងារនោះ។

គោលការរបស់រាជរដ្ឋាភិបាល គឺការជ្រើសរើសមន្ត្រីសម្រាប់ចូលកាន់តំណែងជាអភិបាលខេត្តថ្មី និងជាអភិបាលរងជាស្រ្តី គឺភាគច្រើនជ្រើសរើសមនុស្ស ដែលកំពុងបំពេញការងារនៅក្នុងខេត្តនោះ ដោយមិនអាចជ្រើសរើសពីក្រៅបានទេ ។ តាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានន័យថា នៅក្នុងជួរអភិបាល អភិបាលរងខេត្ត នាពេលឆាប់ៗខាងមុខនេះ មានស្ត្រីចូលរួមកាន់តែច្រើន ដើម្បីធ្វើការងារបម្រើប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទៅតាមតួនាទីរបស់ខ្លួន និងបំពេញចំណុចខ្វះចន្លោះរបស់បុរសផងដែរ។

ការលើកកម្ពស់ស្ត្រីឲ្យចូលរួមធ្វើការងារក្នុងស្ថាប័នរដ្ឋ គឺក្រសួង និងអង្គភាពរដ្ឋផ្សេងៗទៀត ក៏គួរយកគំរូតាមក្រសួងមហាផ្ទៃ ក្នុងការលើកទឹកចិត្តស្ត្រីឲ្យជួយធ្វើការងារបម្រើសង្គម និងបម្រើប្រទេសជាតិ ឲ្យបានកាន់តែច្រើនថែមទៀត ។ ជាពិសេសនៅក្នុងក្រុមគ្រួសារ គួរលុបបំបាត់ឲ្យបាននូវអំពើហិង្សាទៅលើស្ត្រី ព្រោះស្ត្រីមានតួនាទីសំខាន់ ជួយដល់សង្គមគ្រួសារទាំងមូល និងជួយដល់សង្គមជាតិតាមគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ការងារ។ ការគោរពសិទ្ធិស្ត្រី ការឲ្យតម្លៃនារី មិនមែនសម្រាប់តែថ្ងៃទី៨មីនា នោះទេ គឺស្ត្រីមានសិទ្ធិពេញលេញជារៀងរហូត។

ការលើកទឹកចិត្តស្ត្រី ឲ្យតម្លៃនារីនៅក្នុងសង្គមកម្ពុជា គឺកើតមានតាំងពីដូនតាមក តាមទំនៀមទម្លាប់ប្រពៃណី ហើយស្ត្រីអាចធ្វើការងារគ្រប់បែបយ៉ាងជួយដល់បុរស និងសង្គមជាតិ។ សូមចាត់ទុកថ្ងៃ ៨មីនា ឆ្នាំ២០១៦ ជាខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ជាថ្ងៃជួយឲ្យនារីកម្ពុជា កាន់តែមានតួនាទីសំខាន់ ដើម្បីជួយដល់ប្រទេសជាតិ និងសង្គមគ្រួសារ៕