GMAC សេចក្តីប្រកាសព័ត៌មាន ជំរុញឲ្យកែសម្រួលលើសេចក្តីព្រាងច្បាប់សហជីព

ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរនៅកម្ពុជាGMAC និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ជំរុញឲ្យមានការកែសម្រួលទៅលើមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ ដែលចែងពីលក្ខខណ្ឌក្នុងការបង្កើតសហជីព  ប្រភពថវិកានិងដំណើរការរបស់សហជីព ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់GMACនៅថ្ងៃអង្គារទី ៨ ខែមីនា ឆ្នាំ២០១៦។

 ការកែសម្រួលដ៏សំខាន់ដែល GMAC និង CAMFEBA ចង់ឲ្យមាននោះ គឺនៅមាត្រា ១០ ដែលកំណត់ពី ការបង្កើតសហជីព។ សេចក្តីព្រាងច្បាប់បច្ចុប្បន្ន បានចែងថា សហជីពមូលដ្ឋានមួយត្រូវបានបង្កើតឡើងដោយកម្មករ-និយោជិតនៅក្នុងសហគ្រាស ឬគ្រឹះស្ថានមូលដ្ឋាននោះចំនួន ត្រឹមតែ ១០ (ដប់) នាក់ ។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីពដែលកំពុងមានភាពចម្រូងចម្រាសនឹងប្រព្រឹត្តទៅនាសប្ដាហ៍នេះ នៅសាលសន្និសីទ២-៣នៃវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ នៅមុនកិច្ចពិភាក្សានេះចាប់ផ្ដើម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បន្តជំរុញឲ្យពិចារណាលើទិដ្ឋភាពជាក់ស្ដែង ក្នុងដំណើរការបង្កើតច្បាប់មួយនេះ ដើម្បីធានាថាច្បាប់នេះផ្ដល់ផលប្រយោជន៍ដល់ទាំងកម្មករ-និយោជិត និងនិយោជកនៅក្នុងវិស័យឧស្សាហកម្មដ៏ធំបំផុតរបស់កម្ពុជានេះ។

សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំដែលបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ហើយសិក្ខាសាលានេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីតំណាងមកពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងថ្នាក់ដឹកនាំសហជីពផងដែរ។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានមានប្រសាសន៍ថា៖ “សម្រាប់កន្លែងធ្វើការមួយកន្លែង ដូចជារោងចក្រកាត់ដេរជាដើម ដែលមានកម្មករ-និយោជិតរាប់ពាន់នាក់ អ្នកអាចនឹងមើលឃើញសហជីពរាប់សិប ត្រូវបានបង្កើតឡើង ដូច្នេះ វានឹងបង្កជាភាពរញ៉េរញ៉ៃ ហើយប្រហែលជាមិនអាចតម្កល់ផលប្រយោជន៍ជាធំសម្រាប់កម្មករ-និយោជិតទាំងអស់ក្នុងរោងចក្របានឡើយ”។

លោក ខេន លូ  បានមានប្រសាសន៍បន្តទៀតថា៖ “យើងបានស្នើថា ដើម្បីបង្កើតសហជីពមួយបាន លុះត្រាតែមានកម្មករ-និយោជិតចំនួន ២០% នៃកម្លាំងពលកម្មសរុបក្នុងសហគ្រាសមួយៗ ដើម្បីធានាថា កម្មករមានតំណាងត្រឹមត្រូវ ហើយនិយោជក អាចជួបចរចាជាមួយនឹងតំណាងដែលពិតប្រាកដ” ។

ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរក៏ជំរុញឲ្យមានការកែសម្រួលលើមាត្រា ១៩ ក្នុងសេចក្តីព្រាងច្បាប់នោះ ដែលចែងថា មានតែតុលាការការងារប៉ុណ្ណោះ ដែលអាចព្យួរបញ្ជិការសហជីពមិនឲ្យប្រតិបត្តិការ ប្រសិនបើសហជីពត្រូវបានរកឃើញថា បានអនុវត្តការងារដោយរំលោភលើច្បាប់ ។

លោក ខេន លូ បានមានប្រសាសន៍ថា៖ “យើងមានក្តីព្រួយបារម្ភថា ដំណើរការនៃនីតិវិធីតុលាការនៅកម្ពុជាចំណាយពេលវេលាយូរ ជាពិសេសនៅពេលដែលតុលាការ មានបន្ទុកការងារច្រើន ដែលជាហេតុនាំឲ្យសហជីពដែលមិនគោរពច្បាប់នោះនៅបន្តសុពលភាពរបស់ខ្លួន ក្នុងអំឡុងពេលរង់ចាំការសេចក្តីសម្រេចពីតុលាការ ។ ប្រាកដណាស់ ករណីនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្ម ទាំងមូល ដូច្នេះយើងចង់ឲ្យច្បាប់នេះផ្ដល់អំណាចដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចសម្រេចព្យួរបញ្ជិការរបស់សហជីពដែលបានអនុវត្តដោយរំលោភលើច្បាប់” ។

GMAC បានឲ្យដឹងថា មាត្រា ២០ នៃសេចក្តីព្រាងច្បាប់នេះ ក៏បង្កក្តីព្រួយបារម្ភសម្រាប់និយោជកផងដែរ ដោយសារតែ ច្បាប់នេះបានកំណត់លក្ខណៈសម្បត្តិ ក្នុងកម្រិតទាបពេក សម្រាប់មេដឹកនាំសហជីពដែលត្រូវកាន់តួនាទីគ្រប់គ្រង ក្នុងសហជីពមួយៗ ។

សេចក្តីព្រាងច្បាប់គ្រាន់តែតម្រូវឲ្យថ្នាក់ដឹកនាំសហជីពចេះអាន និងសរសេរភាសាខ្មែរ និងការធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ។

លោក ខេន លូ បានមានប្រសាសន៍ថា៖ “ចាំបាច់យើងត្រូវធានាថា ថ្នាក់ដឹកនាំសហជីព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងដ៏សំខាន់នេះ ដូច្នេះ យើងជំរុញឲ្យរដ្ឋាភិបាលកែសម្រួលសេចក្តីព្រាងច្បាប់នេះ ដើម្បីធានាថា ថ្នាក់ដឹកនាំសហជីពមានកម្រិតវប្បធម៌យ៉ាងហោចណាស់ត្រឹមថ្នាក់ទី ៩ ហើយពួកគេត្រូវមាន លិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ដែលបញ្ជាក់ថា មិនធ្លាប់បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយក្នុងរយៈពេលកន្លងមកនោះទេ ។ នេះគឺដើម្បីជាផលប្រយោជន៍ដល់ថ្នាក់ដឹកនាំរោងចក្រ ក៏ដូចជាកម្មករ ដើម្បីធានាថា ការចរចាលើបញ្ហាសំខាន់នានា ត្រូវបានធ្វើឡើងដោយបុគ្គលដែលមានចំណេះដឹងត្រឹមត្រូវ និងមានបទពិសោធន៍” ។

GMAC និង CAMFEBA ក៏បានផ្ដល់ការគាំទ្រដល់មាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះផងដែរ ដែលមាត្រាទាំងនោះកំពុងតែត្រូវបានជំទាស់ដោយតំណាងសហជីព ដែលចូលរួមក្នុងកិច្ចពិភាក្សា ជាពិសេស គឺត្រង់មាត្រាដែលតម្រូវឲ្យសហជីពធ្វើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណើរការរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។

លោក ខេន លូ បានមានប្រសាសន៍បន្ថែមទៀតថា៖ “យើងមើលឃើញថា មាត្រានេះមានភាពចាំបាច់ដើម្បីធានាថា សហជីពមានតម្លាភាព គណនេយ្យភាព និងអនុវត្តការងារប្រកបដោយភាពសុចរិត ។ ដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមក យើងឃើញមានតឹកតាងមួយចំនួនដែលបង្ហាញពីការអនុវត្តខុសខាងផ្នែកហិរញ្ញវត្ថុក្នុងជួរថ្នាក់ដឹកនាំនៃស្ថាប័នសហជីព ដែលបានធ្វើឲ្យខូចផលប្រយោជន៍កម្មករ និងប៉ះពាល់ដល់កិត្តិនាមនៃសហជីពខ្លួនឯងផងដែរ ។ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុមូលដ្ឋាន នឹងធានាថា បញ្ហានេះនឹងមិនកើតឡើងឡើយ” ។

GMAC ក៏គាំទ្រមាត្រាក្នុងច្បាប់នេះ ដែលតម្រូវឲ្យមានការបោះឆ្នោតជាសម្ងាត់ដោយសំឡេងយ៉ាងតិច ៥០%+១ នៃសមាជិកដែលចូលរួមកិច្ចប្រជុំសម្រេចធ្វើកូដកម្ម ។

បើយោងតាម GMAC នាពេលបច្ចុប្បន្ន កូដកម្មខុសនីតិវិធីច្បាប់ដឹកនាំដោយ សហជីពភាគតិចក្នុងបណ្ដារោងចក្រមួយចំនួន បង្កការខូចខាតដល់ឧស្សាហកម្មកាត់ដេរ ហើយរំលោភលើសិទ្ធិធ្វើការងាររបស់អ្នកដែលមិនមែនជាកូដករ ព្រមទាំងបានរារាំងពួកគេដែលមិនបានយល់ព្រមធ្វើកូដកម្ម មិនឲ្យចូលធ្វើការ និងខាតបង់ប្រាក់ចំណូល ។

លោក ខេន លូ បានបន្ថែមថា៖ “សមាគមនិយោជក រាប់បញ្ចូលទាំង GMAC ត្រូវមានការប្រុងប្រយ័ត្នអំឡុងពេលកិច្ចពិគ្រោះយោបល់ ដើម្បីធានាថា ច្បាប់នេះ នៅពេលអនុម័តរួច នឹងផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងគ្រប់វិស័យ ជាពិសេសឧស្សាហកម្មកាត់ដេរ ពីព្រោះមានប្រជាជនរាប់លាននាក់ដែលកំពុងរស់នៅដោយពឹងផ្អែកលើវិស័យនេះ” ៕