ស.អ.ក នឹងសន្និសីទ សារព័ត៌មាន ស្តីពីផែនការដោះ ស្រាយបញ្ហាប្រឈម ក្នុងវិស័យស្រូវ អង្ករនៅថ្ងៃស្អែក

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ នឹងរៀបចំធ្វើសន្និសីទ សារព័ត៌មានស្តីពី ផែនការដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យ ស្រូវអង្ករ នាភោជនីយដ្ឋាន ទន្លេបាសាក់២។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធ ស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ដើម្បីដោះស្រាយ បញ្ហាប្រឈម ដែលវិស័យស្រូវអង្ករ កម្ពុជា បាននិង កំពុងជួបប្រទះ នាពេលបច្ចុប្បន្នប្រកប ដោយប្រសិទ្ធភាពខ្ពស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ចេញនូវ ផែនការគន្លឹះក្នុងការ ដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យ ស្រូវអង្ករកម្ពុជា ទាំងក្នុងរយៈ ពេលខ្លី និងរយៈពេលវែង។

តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួន កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា បានសម្រេចដាក់ ចេញនូវផែនការ គន្លឹះសំខាន់ៗ មួយចំនួន ដើម្បីដោះស្រាយ បញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ។ អ្នកពាក់ព័ន្ធនៅក្នុងវិស័យ ស្រូវអង្ករសំខាន់ៗ តំណាងមក ពីខាងរោងម៉ាស៊ីន កិនស្រូវក្រុមហ៊ុន នាំចេញអង្ករ និងសហគមន៍កសិករ នឹងអញ្ជើញចូលរួម នៅក្នុងសន្និសីទសារព័ត៌មាន។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា មានប្រសាសន៍ថា “សហព័ន្ធស្រូវអង្ករ កម្ពុជា កំពុងប្រឹងប្រែង យ៉ាងខ្លាំង ធ្វើការជាមួយ សមាជិក និងអ្នកពាក់ព័ន្ធ ទាំងអស់ ពិសេសក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ស្វែងរកដំណោះស្រាយ សម្រាប់វិស័យស្រូវអង្ករ ដែលដែលជាវិស័យ មួយដ៏មាន សក្តានុពល និងសារៈសំខាន់សម្រាប់ សេដ្ឋកិច្ចជាតិ ជាពិសេសសម្រាប់ ទ្រទ្រង់ជីវភាព ប្រជាកសិករខ្មែរ និងសន្តិសុខស្បៀង”។