ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

នៅ​ពេល​ដែល​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​​កាន់តែ​ទូលាយ យុវជន​ និង​យុវតី ​គួរតែ​ទាញ​យក​ប្រយោជន៍​ពី​វាឱ្យ​​បាន​ច្រើន​ តាម​ដែល​អាច​​​ធ្វើ​ទៅ​បាន​ សម្រាប់​អនាគត​ការងារ​ និង​មុខរបរ​ ។

ការ​តាមដាន​មើល​អ្វី​ ដែល​មាន​កើតឡើង​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ គេ​នឹង​ឃើញ​ថា​ យុវជន ​និង​យុវតី​កម្ពុជា​ បាន​ប្រើប្រាស់​ប្រ​ព័​ន្ធ​សង្គម​មួយ​នេះ​ ដើម្បី​ក​ម្សា​ន្ត​​ច្រើន​​ជាង​ ដើម្បី​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ​ដូច​ជា​ការងារ​ និង​មុខរបរ​ជាដើម​ ។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ វិច្ឆិកា​ ២០១៥ មាន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ ជា​ជនជាតិ​កម្ពុជា​ចំនួន​៣,៣​លាន​នាក់ ​ដោយ​មាន​មនុស្ស​គ្រប់​ប្រភេទ​។ ពួក​​គេ​នាំ​គ្នា​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​ការ​សម្តែង​មតិ​ទាក់ទង​នឹង​បញ្ហា​ផ្សេង​ៗ​​នៅ​ក្នុង​សង្គម​ចែករំលែក​ព័ត៌មាន ធ្វើការ​កម្សាន្ត និង ទំនាក់​ទំ​​នង​ជាមួយ​មិត្តភក្តិ​ជាដើម​ ។

ប៉ុន្តែ​មាន​ចំណុច​សំខាន់​មួយ​ ដែល​គេ​គួរតែ​យកចិត្តទុកដាក់​នោះ​ គឺ​ពួក​គេ​ត្រូវ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នេះ ​ជា​មធ្យោបាយ​សម្រាប់​ការ​ស្វែង​រក​ការងារ ​និង​បង្កើត​មុខរបរ ​។ យុវជន​ និ​ងយុវតី​កម្ពុជា​ ត្រូវ​ស្វះស្វែង​កសាង​ទំនាក់ទំនង​​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​នឹង​មនុស្ស​សំខាន់​ៗ​ នៅ​ក្នុង​ស្ថាប័ន ​និង​ក្រុមហ៊ុន​ផ្សេង​ៗ​ ដែល​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ ឬ​ក៏​ដឹកនាំ​ស្ថាប័ន​ និង​ក្រុមហ៊ុន​ទាំងនោះ​

ដោយ​​បាន​កសាង​ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង ​ឬ​ក៏​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជា​មុន​​នោះ យុវជន ​និង​យុវតី​នឹង​អាច​ទាញ​យក​ប្រយោជន៍​​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​​បែប​នេះ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​សម្ភាសន៍​រក​ការងារ​ធ្វើ​ ។

ដូច​​គ្នា​នេះ គេ​ក៏​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​បង្កើត​ទំនាក់ទំនង​​ជាមួយនឹង​អតិថិជន​ផង​ដែរ ​។ តាម​ពិត​ទៅ​ មុខរបរ​លក់ដូរ​តូច​ៗ​​មួយ​ចំនួន ​កំពុង​តែ​កើត​មាននៅ​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ដូច​ជា​ការ​លក់​គ្រឿង​កែ​សម្ផស្ស​​របស់​មនុស្ស​ស្រី​ និង​គ្រឿង​ទូរស័ព្ទ​ជាដើម​ ។ ដូច្នេះ គេ​ក៏​អាច​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សម្រាប់​បុ​ព្វ​​ហេតុ​នៃ​ការ​ប្រកប​មុខរបរ​ផង​ដែរ​ ។

នេះ​​ជា​អ្វី​ដែល​យុវជន​ និង​យុវតី​កម្ពុជា​គួរ​យកចិត្តទុកដាក់​ផង​ដែរ ​សម្រាប់​អនាគត​របស់​ពួក​គេ ​។ ក្រៅពី​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​កម្សាន្ត ដើម្បី​ទទួល​ព័ត៌មាន និង​ដើម្បី​ទំនាក់ទំនង​មិត្តភក្តិ​នោះ យុវជន​និង​យុវតី​ ក៏​គួរតែ​គិតគូរ​ផង​ដែរ​ អំពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​​មួយ​នេះ​ ដើម្បី​ស្វែងរក​ការងារ ​និង​ប្រកប​​របរ​ផ្សេង​ៗ ៕