ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​ដីធ្លី​ចំនួន​២ គឺ​មក​ពី​សហគមន៍​ដីធ្លី​បណ្តាញ​អតីត​ស្ត្រី​បឹង​កក់ និង​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​ចំនួន​ជាង​៥០​នាក់ បាន​លើកគ្នា​មក​កាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​រក​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​បឹង​កក់ ដែល​នៅ​សេសសល់​ចំនួន​៧​គ្រួសារ​ទៀត។ ចំណែកឯ​អ្នក​មក​ពី​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​ចំនួន​ជាង​១០០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដើម្បី​ឱ្យ​ក្រសួង​ធ្វើការ​ដោះស្រាយ​ឱ្យ​ពួក​គាត់ ដែល​ពួក​គាត់​មានការ​ព្រួយបារម្ភ​ក្រោយ​ពី​រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ផ្លូវដែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពុំ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ពួក​គាត់។

ការ​ដាក់​ញត្តិ​ទាំង​ពីរ​សហគមន៍ និង​ទៅ​តាម​ស្ថាប័ន​ទាំង​ពីរ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

យោង​ទៅ​តាម​ខ្លឹមសារ​ញ្ញត្តិ​របស់​អ្នក​តវ៉ា​មក​ពី​សហគមន៍​ដីធ្លី​បឹង​កក់​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​សរសេរ​ថា ពលរដ្ឋ​រង​គ្រោះ ដោយសារ​ការ​បណ្តេញចេញ​ទាំង​បង្ខំ​ត្រូវ​គេ​បូម​ខ្សាច់​ពន្លិច​ផ្ទះ និង​ដីធ្លី​នៅ​បឹង​កក់​ធ្វើ​ឱ្យ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ។ 

ខ្លឹមសារ​ញត្តិ​ក៏​បាន​ស​សេរ​បន្ត​ទៀត​ថា ថ្មី​ៗ​កន្លង​មកនេះ យើងខ្ញុំ​និង​សហគមន៍​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុងភ្នំពេញ​បាន​នាំ​គ្នា​យក​ពងមាន់​គប់​ទៅ​លើ​ការិយាល័យ​ធនាគារ​ពិភព​លោក ដោយសារ​តែ​ស្ថាប័ន​នេះ មិន​យកចិត្តទុកដាក់​ចំពោះ​ការ​សុំ​អន្តរាគមន៍​ជា​ច្រើន​លើក​របស់​ពួក​គាត់ ។ យើងខ្ញុំ​វេទនា​កាន់តែ​ខ្លាំង​ឡើង​ៗ​ប៉ុន្តែ​សហរដ្ឋអាមេរិក និង​ធនាគារ​ពិភពលោក នៅ​តែ​ធ្វើ​មិនដឹង មិន​ឮ ។

ជា​ចុង​ក្រោយ​នៃ​ញត្តិ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អតីត​បឹង​កក់ និង​សមាជិកសមាគម​ស្ត្រី​បឹង​កក់ សហគមន៍​បុរី​កីឡា​៣​មក​រា និង​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​SOS នឹង​ឆ្លើយ​តប​ឱ្យ​បាន​សម​ស្រប​ក្នុង​ពេល​ឆាប់​ៗ​នេះ ចំពោះ​សហរដ្ឋអាមេរិក និង​ធនាគារពិភពលោក  បើសិនជា​នៅ​តែ​មិន​មានការ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខសោក និង​ការ​លំបាក​វេទនា​របស់​យើង ។

ចំពោះ​ខ្លឹមសារ​ញ្ញត្តិ​របស់​អ្នក​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​សរសេរ​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​សហគមន៍​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​មាន ៨ សហគមន៍​៖
១-​សហគមន៍​អភិវឌ្ឍន៍​ថ្មី ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។
២-​សហគមន៍​រួមចិត្ត​តែ​មួយ ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។
៣-​សហគមន៍​ភូមិ​១៧ ស្ថិត​នៅ​ភូមិ​១៧ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទទួល​គោក ។
៤-​សហគមន៍​ភូមិ​១០៤ ស្ថិត​នៅ​ភូមិ​២២ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទទួល​គោក ។
៥-​សហគមន៍​ភូមិ​១០៥  ស្ថិត​នៅ​ភូមិ​២២  សង្កាត់​បឹង​កក់​២ ខណ្ឌ​ទទួល​គោក ។
៦-​សហគមន៍​ភូមិ​២ ស្ថិត​នៅ​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
៧-​សហគមន៍​ភូមិ​២៣ ស្ថិត​នៅ​ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទទួល​គោក ។
៨-​សហគមន៍​ទួល​សង្កែ​ប៊ី ស្ថិត​នៅ​ក្រុម​ទី​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ពួក​យើង​ទាំងអស់​គ្នា​មានការ​ព្រួយបារម្ភ​ជា​ពន់ពេក ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ផ្លូវដែក​នៅ​រាជធានី​ភ្នំពេញ ហើយ​ពុំ​មានការ​ពិគ្រោះ​យោបល់ និង​ព្រមព្រៀង​ជា​ឯក​ឆន្ទ​ពី​ប្រជាពលរដ្ឋ ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ការពិគ្រោះ​យោបល់​ម្តង​ហើយ​ម្តង​ទៀត​រហូត​ទៅ​ដល់​៤​ចំណុច​នោះ​។ ប្រជាជន​មាន​គោល​ជំហរ​មិន​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ណាមួយ​ទេ​នៃ​គម្រោង​ទាំងឡាយ ដោយ​ពួក​យើង​ស្រឡាញ់​សន្តិភាព និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​សកម្ម ។ ពួក​យើង​ក៏​ជា​ប្រជាជន​ដែល​ជឿជាក់​លើ​សិទ្ធ​មនុស្ស​ភាព​ថ្លៃថ្នូរ និង​ប្រជាធិបតេយ្យ ។

ក្រោយ​ពេល​ដាក់​ញត្តិ​របស់​ស្ត្រី​អតីត​បឹង​កក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​រួច​ហើយ ក្រុម​ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី​ទាំង​ជាង​៥០​នាក់​នោះ បាន​លើកគ្នា​មក​កាន់​ធនាគារ​ពិភពលោក​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ដដែល​នោះ​ផង​ដែរ ។ ដោយ​បាន​នាំ​គ្នា​យក​សម្លៀក​បំពាក់​ចាស់​ៗ​មួយ​ចំនួន និង​កង់​ឡាន​ទៅ​ដុត​នៅ​មុខ​ទីស្នាក់ការ​ធនាគារពិភពលោក ។ បុ​៉​ន្តែ​សកម្មភាព​នោះ​ធ្វើ​បាន​តែ​បន្តិច ក៏​ត្រូវ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ធ្វើការ​រារាំង និង​រុញច្រាន​ចេញ​ទៅ​វិញ ព្រមទាំង​បាន​ដកហូត​យក​សម្ភារ​មួយ​ចំនួន ។ ក៏​មាន​អ្នក​តវ៉ា​ខ្លះ​ដែល​ជា​ស្ដ្រីភេទ បាន​មានះ​ចំពោះ​ការ​រារាំង ទើប​សមត្ថកិច្ច​ចាប់អូស​រុញ​ចេញ​ឱ្យ​ផុត​ពីមុខ​ធនាគារពិភពលោក ។

តាម​ការ​កត់សម្គាល់ ពុំ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​មាន​ទេ ហើយ​ក៏​ពុំ​មាន​ចាប់​ក្រុម​អ្នក​តវ៉ា​ណា​ម្នាក់​ទុក​ដែរ ។ ដោយសារ​មានការ​រារាំង​បែប​ខ្លាំង​បន្តិច ទើប​ក្រុម​អ្នក​តវ៉ា​បំបែក​គ្នា​ចេញ​អស់​ទៅ ។ ទំនង​បើ​នៅ​មានះ​ទៀត ប្រហែលជា​អាច​ត្រូវ​ដំបង​ខ្លះ​មិន​ខាន ៕