បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

តារា​សម្ដែង​ស្រី​វ័យ​ក្មេង​បី​រូប បាន​មក​ជួប​ជា​លើក​ដំបូង​សម្រាប់​ការ​សម្ដែង​ជា​តួ​អង្គ​ខ្មោច​ជាមួយ​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ដែល​ទើប​បាន​ក្រុង​ពាលី​កាល​ពី​ចុង​សប្ដាហ៍​មុន។

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

ខ្សែ​ភាពយន្ត​នេះ មាន​ចំណង​ជើង​ថា “ខ្មោច​ក្រមុំ​ទាំង​៣” របស់​ផលិតកម្ម បដិហារ្យ​ភាពយន្ត។ ខ្មោច​ក្រមុំ​ទាំង​៣​ដែល​ជា ឆ្អឹង​របស់​រឿង​មាន កញ្ញា ដួង ម៉ានិច សម្ដែង​តួ​អង្គ​ខ្មោច​នាង លីនណា កញ្ញា នីតា វរវង្ស តួ​អង្គ​ខ្មោច​នាង បុប្ផា និង​កញ្ញា ពុធ ស្រី​ខូច សម្ដែង​តួ​អង្គ​ខ្មោច​នាង រំដួល។

 

ពួក​គេ​ទាំង​បី​អះអាង​ថា នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​របស់​ពួក​នាង ដែល​បាន​សម្ដែង​ជា​តួ​អង្គ​ខ្មោច​ក្នុង​រឿង​មួយ​ជាមួយ​គ្នា។ ដូច្នេះ​ហើយ ពួក​នាង​អះអាង​ថា នឹង​រួម​គ្នា​បង្កើត​សមិទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​ទស្សនិកជន។ “សម្រាប់​ខ្ញុំ គឺ​ជា​លើក​ដំបូង​ទៀត​ដែល​បាន​សម្ដែង​ជា​តួ​ខ្មោច ខណៈ​រឿង​កន្លង​មក​អត់​ដែល​ទេ។ លឺ​ថា មាន​ឈុត​ឆាក​លង ចង​អាឃាត​ណា​ទៀត ខ្ញុំ​នឹង​ព្យាយាម ហើយ​សង្ឃឹម​ថា​ពុក​ម៉ែ​បង​ប្អូន​ពេញ​ចិត្ត។  កញ្ញា ពុធ ស្រី​ខូច ម្នាក់​ក្នុង​ចំណោម​តួ​អង្គ​ខ្មោច​៣នាក់​ថ្លែង។

 

“ខ្មោច​ក្រមុំ​ទាំង​៣” គឺ​វណ្ណកម្ម​ទី​១​របស់​ផលិតកម្ម​បដិហារ្យ ដោយ​ថ្មី​ៗ​នេះ បាន​បើក​ពិធី​ក្រុង​ពាលី​ចេញ​ថត​នៅ​តំបន់​កោះ​ក្របី។ លោក ស៊ុម ភារិន ចាងហ្វាង បាន​ឲ្យ​ដឹង​ថា ខ្សែ​រឿង​របស់​លោក ជា​ប្រភេទ​រឿង​ខ្មោច ហើយ​លោក​ធ្វើ​រឿង​នេះ​ឡើង គឺ​លោក​ចង់​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​កម្ម​ផល និង​ឆ្លុះ​បង្ហាញ​ពិត​តថភាព​សង្គម ដែល​បុរស​មាន​ប្រពន្ធ​ហើយ លួច​ទៅ​មាន​ស្រី​ថ្មី។

 

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

 

ដូច្នោះ​ហើយ ខ្មោច​ក្រមុំ​ទាំង​បី សម្ដែង​ដោយ ម៉ានិច ស្រីខូច និង​វរវង្ស គឺ​ត្រូវ​ស្លាប់​ដោយ​សារ​តែ​ទង្វើ​ភ្លើត​ភ្លើន ខ្វះ​ការ​ពិចារណា​វែង​ឆ្ងាយ​របស់​ខ្លួន។ “រឿង​ខ្មោច​មាន​គេ​ធ្វើ​ច្រើន​ហើយ តែ​ខ្ញុំ​នឹង​ប្លែក​ជាង​គេ ហើយ​ខ្ញុំ​ចង់​ឲ្យ​សិល្បៈ​ភាពយន្ត​យើង​មាន​គ្រប់​រសជាតិ គឺ​មាន​តិច ខ្ញុំ​មាន​រសជាតិ​ប្លែក​តិច អីចឹង​យើង​មាន​គ្រប់​រសជាតិ។ ខ្ញុំ​ហ៊ាន​និយាយ​ថា រឿង​ខ្ញុំ​នឹង​មាន​រសជាតិ​ប្លែក​គេ”។ លោក ភារិន បន្ថែម។

 

ក្រៅ​ពី​តួ​អង្គ​ស្រី​ទាំង​៣​នាក់​ខាង​លើ “ខ្មោច​ក្រមុំ​ទាំង​៣” មាន​ចូល​រួម​ដោយ ណាខុន ជា​តួឯក​ប្រុស​ឈ្មោះ “សុផល” នាយ ចឺម សម្ដែង​ជា​តួ​ខិល​ខូច​ធ្វើ​ឲ្យ​កូន​ស្រី​គេ​ពរ​ពោះ ប៉ែន ស្រី​ពេជ្រ ជា​តួ​ប្រពន្ធ ណាខុន និង​តារា​ប្រុស​ស្រី​ជាច្រើន​ដួង​ទៀត។ “ខ្ញុំ​នឹង​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​បាន​ល្អ ហើយ​ជា​ការ​តប​មក​វិញ ខ្ញុំ​សង្ឃឹម និង​សំណូម​ពរ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ចូល​រួម​គាំទ្រ​ស្នាដៃ​ភាពយន្ត​ខ្មែរ​យើង​ផង។ ណាខុន ថ្លែង។

 

លោក ស៊ុម ភារិន ចាងហ្វាង​ផលិតកម្ម ប្រាប់​បន្ថែម​ថា “ខ្មោច​ក្រមុំ​ទាំង​៣” បាន​ត្រៀម​កញ្ចប់​ថវិកា ប្រមាណ​ជិត ៤ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ និង​គ្រោង​៣​ខែ​សម្រាប់​ដំណើរ​ថត។ ចាងហ្វាង​ដដែល បញ្ជាក់​ថា រឿង​នេះ គ្រោង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​រង្វង់​កក្កដា ២០១៦​ខាង​មុខ៕

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

បង្ហាញ​មុខ តួអង្គ​ខ្មោច​ក្រមុំ​ទាំង​៣

 

អត្ថបទ៖ ទារិកា