មណ្ឌល​ឃុំឃាំង​មាន​កេរ្តិ៍ឈ្មោះ​អសោច​ប្តូរ​ឈ្មោះថ្មី តែ​រោគសញ្ញានៅ​ដដែល

មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​​​​ពោធិ៍​​​សែនជ័យ​​​ ដែល​​​មាន​​​កេរ្តិ៍​​​ឈ្មោះ​​​អសោច​​​នៅ​ក្នុង​​​រាជ​ធានី​​​ភ្នំពេញ​​​ ជា​​​កន្លែង​​​​ឃុំ​​​ឃាំង​​​​​​​ជនអនាថា​​​ ស្ត្រី​​​រក​​​ស៊ីផ្លូវ​​​ភេទ​​​ និង​​​អ្នក​​​ញៀន​​​ថ្នាំ​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាលនោះ ​​​​​​បាន​​​រង​ការ​​​រិះគន់​​​ពី​​​សំណាក់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ជាយូរ​មក​ហើយ​ថា មិន​​​បាន​​​ផ្តល់​​​ការ​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​អ្វី​​​ឡើយ​​​។

​​​យោង​​​តាម​​​លោក សន សុផល ប្រធាន​​​​​​មន្ទីរ​​​សង្គម​​​កិច្ច​​​រាជធានី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ ​​​ឥឡូវ​​​នេះ​​​មណ្ឌល​​​នេះ​​​មាន​​​ឈ្មោះ​​​ថ្មី​​​ហើយ​។ ​​​លោក​​​បាន​​​ថ្លែង​​​ថា ពីពេលនេះតទៅ​​​ វានឹង​​​ត្រូវ​​​គេ​​​ស្គាល់​​​ថា ជា​​​មណ្ឌល​​​សង្គម​​​កិច្ច​​​​​​ភ្នំពេញ​​​។

ដោយ​​​បដិសេធ​​​មិន​​​ផ្តល់​​​ហេតុ​​​ផល​​​ផ្លូវ​​​ការ​​​សម្រាប់​​​ការ​​​ប្តូរ​​​ឈ្មោះ​​​ ប៉ុន្តែ បាន​​​កត់​​​សម្គាល់​​​ថា នឹង​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​តិច​​​តួច​​​នៅ​​​មណ្ឌល​​​នេះនោះលោក សុផល បាន​​​ថ្លែង​​​ថា “​​​​​​ក្រសួង​​​សង្គម​​​កិច្ច​​​បាន​ចេញ​សារាចរ​ឲ្យ​​​ប្តូរ​​​ឈ្មោះ​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

អ្នក​​​ជាប់ឃុំ​​​មួយ​​​ចំនួន​​​ដើរ​​​ និង​​​អង្គុយ​​​ត្រេតត្រត​​​នៅ​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ពោធិ៍សែនជ័យ​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីខែ​​​ធ្នូ ឆ្នាំ​​​២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

អ្នក​​​ជាប់ឃុំ​​​មួយ​​​ចំនួន​​​ដើរ​​​ និង​​​អង្គុយ​​​ត្រេតត្រត​​​នៅ​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ពោធិ៍សែនជ័យ​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីខែ​​​ធ្នូ ឆ្នាំ​​​២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ដោយ​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​ក្រុម​​​មន្ត្រី​​​នៅ​​​​មណ្ឌល​​​នេះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​គ្រប់​​​គ្រង​​​មណ្ឌល នឹង​​​ធ្វើ​​​ដូច​​​ពី​​​មុន​​​អ៊ីចឹង​​​”។

លោក វ៉ាន ង៉ាត​​​ អនុប្រធាន​​​មណ្ឌល​​​នេះ​​​ដែល​​​គេ​​​ស្គាល់​​​ច្បាស់​​​ថា ព្រៃ​​​ស្ពឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប្តូរ​​​ឈ្មោះ​​​នេះ​​​ក្នុង​​​​​បំណង​​​​បញ្ចៀស​ការ​​​វាយ​​​ប្រហារ​​​ពី​​​សំណាក់​អ្នក​​​រិះ​​​គន់​​​ដែល​​​តែង​​​តែ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​បិទ​​មណ្ឌល​​​នេះ​​​ជា​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ ជុំវិញ​​​របាយ​​​ការណ៍​​​ ដែ​​​ល​​​ថា​​​ មាន​​​ការ​​​រំលោភ​​​បំពាន​​ផ្លូវ​កាយ និង​​​ផ្លូវ​​​ភេទ​​​នៅ​​​ក្នុង​​​មណ្ឌល​​​នេះ​​​។

លោក​​​ វ៉ាន ង៉ាត បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ប្តូរ​​​ឈ្មោះ​​​នេះ ​​​ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​អង្គការ ​​​មិន​​​មែន​​​រដ្ឋាភិបាលនានា​ ​​​រិះ​​​គន់​​​មណ្ឌល​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ស្ថានភាព​​នៅ​​​មណ្ឌល​​​​​​នេះ​​​ដែល​​​លោក​​​​​​លើក​​​ឡើង​​​ថា បច្ចុប្បន្ន​​​នេះ​បាន​​​ផ្តល់​​​កន្លែង​​​ស្នាក់​​​នៅ​​​ដល់​​​​​​ “ជន​​​អនាថា​​​ ជន​​​ពិការ និង​​​មនុស្ស​​​ចា់”​​​ ជាង​​​១៦០​​​នាក់ ដែល​​​ត្រូវ​​​បានចាប់​​​​ប្រមូល​​​​​​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ ពី​កន្លែង​អចិន្ត្រៃយ៍​ជាង​១០០កន្លែង​នោះ ​​​បាន​​​ប្រសើរ​​​ឡើង​​​ចាប់​​​តាំង​​​ពី​​​អ្នក​​​ជាប់ឃុំ​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​ស្ថានភាព​​​ប្រសើរ​​​ជាង​​​មុន ពីព្រោះ​​​យើង​​​មាន​​​ទឹក​​​ស្អាត​​​ប្រើប្រាស់​​​​ និង​​​ភ្លើង​​​អគ្គិសនី​​​គ្រប់​​​គ្រាន់។ ​​​ហើយ​​​មាន​​​គម្រោង​​​សាង​​​សង់​​​បន្ទប់​​​ទឹក​​​បន្ថែម​​​ទៀត​​​នៅ​ពេល​​​អនាគត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា លើ​​​សពី​​​នេះ​​​ទៅ​​​ទៀត​​​ ​​​បុគ្គលិក​​​វេជ្ជសាស្ត្រ​​​មក​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ក្បែរ​​​នោះ​​​បាន​​​មក​​​ពិនិត្យ​​​សុខភាព​​​របស់​​​ពួក​​​គេ​​​រៀង​​​​រាល់​សប្តាហ៍។

លោក​​​បាន​​​ថ្លែង​​​ថា “ប្រសិន​​​បើ​​​ពួកគេ​​​មាន​​​បញ្ហា​​​សុខភាព ពួក​​​គេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ពោធិ៍ចិនតុង​​​”។

channa-prey-speuលោក​​​ តូច ចន្នី​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សង្គម​​​កិច្ច​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ចៅ​ហ្វាយ​​​នាយ​​​របស់​​​លោក គឺ​​​លោក ​​​សួង ​​​ម៉េងឡុង​​​ ដែល​​​គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​បាន​​​ទេ លុះ​​​ណា​​​តែ​​​ប្រធាន​​​អ្នក​​​នាំ​​​ពាក្យ​​​អនុញ្ញាត​​​ឲ្យ​​​ខ្ញុំ​​​និយាយ​​​”។

នៅក្នុង​​​អីុម៉េល​​​ លោក ​​​ហ្វីល ​​​រ៉ូបឺត ​​​សុន ​​​អនុប្រធាន​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​នៅ​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បានចាត់​​​ទុក​​​ការ​​​ប្តូរ​​​ឈ្មោះ​​​នេះ​​​ថា ជា​​​រឿង​​​មិន​​​សំខាន់​​​។

ដោយ​​​ចាត់​​​ទុក​​​មណ្ឌល​​​ព្រៃ​​​ស្ពឺ​​​ជា​​​ “​​​តំបន់​​​គ្រោះ​មហន្តរាយ​​​​សិទ្ធិ​​​មនុស្ស ​”លោក​​​ រ៉ូបឺតសុន​  បាន​​​ថ្លែង​​​ថា “ការ​​​ប្តូរ​​​រូប​​​រាង​​​ដូច​​​ជាប្តូរ​​​ឈ្មោះ​​​ ឬ​​​ការ​​​លាប​​​ថ្នាំ​​​ថ្មី​​​នោះ គ្មាន​​​អ្វី​​​ផ្លាស់​​​ប្តូរ​​​ធាតុ​​​ពិត​​​នៃ​​​មណ្ឌល​​​ដែល​​​រឿង​​​រ៉ាវ​​​ទាំង​​ស្រុង​របស់វា​គឺ​ដដែល​​​ជា​​​មួយ​​​នឹង​​​ការ​​​រំលោភ​បំពាន​​​​​​​​​សិទ្ធិ​​​មនុស្ស​​​​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ការ​​​វាយ​​​ដំ​​​ និង​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​សន្តិសុខ និង​​​បុគ្គលិ​​​ក​​​គឺ​​​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ជា​​​ប្រព័ន្ធ​​​ និង​​​​​​រាល​​​ដាល​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “មណ្ឌល​​​នេះ​​​គួរ​​​ត្រូវ​​​បិទ​​​ចោល​​​​​​ ហើយ​​​អគារ​​នៅទីនោះ​​​​ត្រូវ​​​ឈូស​​​កម្ទេច​​​ឲ្យ​​​រាប​​​ដល់​​​ដី ដើម្បី​​​កំុ​​​ឲ្យ​​​បើក​​​ឡើង​​​វិញ​​​ក្រោម​​​ឈ្មោះ​​​ថ្មី ឬ​​​រូប​​​រាង​​​ខាង​​​ក្រៅ​​​ថ្មី​ទៀត​​​​”៕​​​ សារុន​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​​​​ Anthony Jensen)

The post មណ្ឌល​ឃុំឃាំង​មាន​កេរ្តិ៍ឈ្មោះ​អសោច​ប្តូរ​ឈ្មោះថ្មី តែ​រោគសញ្ញានៅ​ដដែល appeared first on ខេមបូឌា ដេលី.