នគរបាល​ត្រៀម​ឆែក​ឆេរ​ការដ្ឋាន​សាងសង់​កាស៊ីណូ​ស្វែង​រក​​ចាប់​ខ្លួន​ជន​ឆបោក​ជា​ជន​ជាតិ​ចិន​

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា នគរ​បាល​អន្តោប្រវេសន៍​កំពុងត្រៀម​​​ឆែក​ឆេរ​​​កាស៊ីណូ​កំពុងធ្វើ​ការ​សាងសង់​​មួយ​កន្លែង​​នៅ​​​​ក្រុង​ព្រះសីហនុ រក​ជនជាតិ​ចិន​​មួយ​ក្រុម​ធំ​ដែល​គេ​ជឿ​ថា កំពុង​​ប្រតិបត្តិការ​​ក្រុម​ជំរិតទារ​ប្រាក់​​​តាម​ប្រព័ន្ធ​អុីនធឺណិត។

លោក អ៊ុក ហៃសិលា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​​ក្រសួង​​​មហាផ្ទៃ​​​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​រង់ចាំ​សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ​អនុ​ម័ត​​​យល់​ព្រម​លើ​ដីកា​ឆែកឆេរ​ ដើម្បី​​ឲ្យពួកគេ​អាច​​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​កាស៊ីណូ​នេះ​​ ទីដែល​បុរស​​៦០​នាក់​ត្រូវ​គេ​ជឿ​ថា​កំពុង​ស្នាក់​នៅ​ទីនោះ។

ឧត្ដម​សេនីយ៍ទោ អ៊ុក ហៃសិលា បាន​មាន​​​ប្រសាសន៍​ថា ​”​យើង​នឹង​​​ឆែក​ឆេរ​កន្លែង​ដែល​​​​ជន​ជាតិ​ចិន​ស្នាក់​នៅ​រួម​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​ដីកា​ឆែកឆេរ​ពី​តុលា​ការ​​​ជាមុន​សិន”។

លោក​​បដិសេធ​​មិន​ប្រាប់​ឈ្មោះ​​កាស៊ីណូ​នេះ ឬ​ពន្យល់​​ពី​របៀប​ដែល​ក្រុម​​ជំរិត​ទារ​ប្រាក់​​ជាច្រើន​មក​បើក​ហាង​នៅ​ទីនោះ​ឡើយ ដោយ​លើក​ឡើង​​ពី​ភាព​រសើប​នៃការ​ស៊ើប​អង្កេត។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ នគរ​បាល​​​បាន​រក​ឃើញ​​ក្រុម​ជំរិត​ទារ​ប្រាក់​​មួយ​ចំនួន​​ដែល​ប្រតិបត្តិការ​​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​​​ភាគច្រើន​​​ប្រើប្រាស់​អីុនធឺណិត​ដែលមាន​តម្លៃថោក​​ទៅកាន់ប្រទេស​ផ្សេង​ៗទៀត​ ជា​ពិសេស​ប្រទេស​ចិន។

ឧត្ដម​សេនីយ៍​ទោ អ៊ុក ហៃសិលា បាន​មាន​​​ប្រសាសន៍​ថា នគរ​បាល​អន្តោប្រវេសន៍​​​មាន​គម្រោង​​ឆែកឆេរ​​ថា តើ​ជន​បរទេស​ទាំង​នេះ​មាន​​ទិដ្ឋាការ​ ឬ​ប័ណ្ណ​ការ​ងារ​ត្រឹម​ត្រូវ​ និង​ថាតើ​ពួកគេ​​មាន​កុំព្យូទ័រ​ដែល​បង្ហាញ​ពី​ក្រុម​ជំរិត​ទារ​ប្រាក់​​តាម​ប្រព័ន្ធ​អុីនធឺណិត​ឬយ៉ាង​ណា​នោះ។

លោក អុឹម វលក្ខណ៍ ​ប្រធាន​អង្គភាព​នគរ​បាល​ជន​បរទេស​​នៅក្នុង​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បង្កើត​​ជា​​ក្រុម​មួយ​ដើម្បី​​ជួយ​ដល់​​មន្ត្រី​អន្តោប្រវេសន៍​​ក្នុង​ការ​ស៊ើប​អង្កេតរបស់ពួកគេ​។

យោង​តាម​លោក សៀង សេន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ករណី​ដាច់ដោយឡែក​មួយ​ទៀត​ បុរស​ជនជាតិ​ចិន​៣៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត​កាលពី​សប្ដាហ៍មុន​ ដោយ​សង្ស័យ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធឺណិត​នោះ នឹង​ត្រូវ​និរទេស​ទៅវិញ​នៅ​ពេល​ឆាប់ៗនេះ។

​ឧត្ដម​សេនីយ៍ឯក សៀង សេន ​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​រង់ចាំ​ការ​យល់​ព្រម​​​​ពី​ស្ថានទូត​ចិន​ និង​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប៉ុន្តែ​យើងមិន​ទាន់​ដឹង​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ”។

លោក​ឧត្ដមសេនីយ៍ឯក សៀង សេន បាន​​មាន​ប្រសាសន៍​បន្ថែម​ថា ក្រុម​ស៊ើបអង្កេត​បាន​​​​បញ្ចប់​ការ​សាកសួរ​បុរស​ទាំង​នេះ​​ដែល​កំពុង​ត្រូវ​ឃុំខ្លួន​នៅទីស្នាក់ការ​របស់​​នាយ​កដ្ឋាន​​​​លោក​៕ សារុន​​

The post នគរបាល​ត្រៀម​ឆែក​ឆេរ​ការដ្ឋាន​សាងសង់​កាស៊ីណូ​ស្វែង​រក​​ចាប់​ខ្លួន​ជន​ឆបោក​ជា​ជន​ជាតិ​ចិន​ appeared first on ខេមបូឌា ដេលី.