ក្រុម​​​សកម្មជន​នៅ​​​សហរដ្ឋ​​​អាេមរិក​​​ព្រមាន​ធ្វើការតវ៉ា​មុន​​​​​ការ​​​​​បំពេញទស្សនកិច្ច​​​របស់​​​លោក ហ៊ុន ម៉ាណែត 

សកម្ម​​​ជន​​​ខ្មែរ​​-​​​អាមេរិកាំង​​​មួយ​​​ក្រុម​​​ដែល​​​កាល​​​ពី​​​ខែ​​​មុន​​​​​​បាន​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន អំឡុង​​​​​​ពេល​បំពេញ​​​ ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋជា​​​​លើក​​​ដំបូង​​​ទៅ​​​កាន់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​ព្រមាន​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ ប្រសិន​​​បើ​​​កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ទៅ​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​តាម​​​ការ​​​គ្រោង​​​ទុក​​​។

នៅ​​​ក្នុង​​​លិខិត​មួយ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​កាលពីម្សិលមិញ​ លោក ទូច វិបុល​​​ប្រធាន​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ​​​-អាមេរិកកាំង​​​​ បាន​​​លើក ​​​ឡើង​​​ថា ការ​​​បំពេញ​​​ទស្សកិច្ច​​​របស់​​​លោក ​​​ហ៊ុន ​​​ម៉ាណែត​​​ ទៅ​​​កាន់​​​សហរដ្ឋអាមេរិក​​​តាមការ​​​អញ្ជើញ​​​​របស់​​​អង្គការ​​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង ​​​នឹង​​​ត្រូវ​​​ឆ្លើយ​​​តប​​​ដោយ​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​​​​និង​​​ការ​​​តវ៉ា​​​នៅ​​​ទីក្រុង ​​​ឡងប៊ិច រដ្ឋ​ កាលី​​​ហ្វ័រ​​​ញ៉ា និង​​​ទីក្រុង​​​ឡូវ៉ែល រដ្ឋ​​​ម៉ាសា​​​ជូសេត ​​​។

លោក​​​ ទូច វិបុល​​​ បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិត​​​​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​ផ្ញើ​​​ទៅ​​​កាន់​​​អភិបាល​​​ ​​​និង​​​ក្រុម​​​ប្រឹក្សា​​​ក្រុង​ឡងប៊ិច និង​​​ក្រុង​​​ឡូវ៉ែល​​​ក៏ដូចជា​​ ក្រុង​ខ្មែរ​ ជា​​​អង្គការ​​​មួយ​​​ដែល​​​តស៊ូ​​​មតិ​​​សម្រាប់​​​ពាណិជ្ជករ​​​ និង​​​វប្បធម៌​​​ខ្មែរ​​​​ដែល មាន​មូលដ្ឋាន​នៅក្នុងទី​ក្រុង​​​ឡងប៊ិច​​​ថា “យើង​​​មាន​​​ការ​​​ស្រងាក​​​ចិត្ត​​​ដែលល​​​សមាជិក​​​គណ​​ៈ​​​កម្មការក្រុងខ្មែរ​​​​បាន​​​អញ្ជើញ​​​​​​ឧត្តម​​​សេនីយ៍  ហ៊ុន ម៉ាណែត​​​ ជា​​​ភ្ញៀវ​​​ដ៏​​​ពិសេស​​​សម្រាប់​​​​​​​​​​​​ក្បួន​​​​​​ដង្ហែរ​​​បស់​​​ខ្មែរ​​​ដែល​​​ធ្វើ​​​ឡើង​​​រៀង​​​រាល់​​​ឆ្នាំនៅខែមេសា​”។

លោក​​​ ទូច វិបុល បាន​​​បន្ថែម​​​ថា “យើង​​​រួម​​​ជាមួយ​​​ខ្មែរ​​​-អាមេរិកាំង​​​នៅ​​​​​ក្នុង​​​ក្រុង​​​ទាំង​​​ពីរ​​​នេះ​​​សូម​​​ទទួច​​​ដោយ​​​ក្តី​​​គោរព​​​ឲ្យ​​​អ្នក​​​ពិចារ​​​ណា​​​​​​ឡើង​​​វិញ​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​ខុស​​​ និង​​​មិន​​​បាន​​​គិត​​​ពិចារណា​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​សម្រាប់​​​មនុស្ស​​​ម្នាក់​​​ដែល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ស្អប់​​​យ៉ាង​​​ខ្លាំង​​​”។

“សមាជិក​របស់​​​អ្នក​​​រង​ការ​​​រិះ​​​គន់​​​ដោយ​​​សារ​​​សេចក្តី​​​សម្រេច​​​របស់​​​អ្នក​​​ ហើយ​​​យើង​​​មាន​​​គម្រោង​​​ធ្វើ​​​ពហិការ​​​ និង​​​តវ៉ា​​​ប្រឆាំង​​​ព្រឹត្តិ​​​ការណ៍​​​ណា​​​មួយ​​​ ​​​រួម​​​​​​ទាំង​​​ឧត្តម​​​សេនីយ៍ ​​​ហ៊ុន ​​​ម៉ាណែត​​​ ផង​​​ដែរ”។

លោក រឿន វាសនា អនុប្រធាន​​​សម្ព័ន្ធ​​​មិត្ត​​​ខ្មែរ-អាមេរិកាំង​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយទេ​​​ថា តើ​​​នឹង​​​មាន​​​បាតុកម្ម​​​​​​ក្នុង​​​ទម្រង់​​​បែប​​​ណា​​​ប្រឆាំង​​​នឹង​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ហ៊ុន ម៉ាណែត​​​ នោះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ថា “ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ ខ្មែរ​​​មក​​​ពី​​​សហគមន៍​​​ទាំង​​​ពីរ​​​នេះ​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​សម្រេច​​​នៅ​​​ឡើយ​​​លើ​​​ការ​​​ឆ្លើយ​​​តប​​​ដ៏​ត្រឹម​​​ត្រូវ​​​ និង​​​ល្អ​​​បំផុត​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា​សារ​​​របស់ខ្លួន​​​​​ច្បាស់​​​លាស់​​​ងាយ​​​យល់​​​”។

ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​វា​​​ជា​​​សិទ្ធិ​​​របស់​​​អ្នក​​​តវ៉ា​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ លោក​​​​​​​​​​​យល់​​​ឃើញ​​​ថា ការ​​​យល់​​​ឃើញ​​​របស់​​​ពួក​​​គេ​​​ចំពោះ​​​​ការ​​​បំពេញ​​​ទស្សនកិច្ច​​​នេះ​​​ គឺ​​​ជាការយល់ខុស​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ឯក​​​ឧត្តម ​​​ហ៊ុន ម៉ាណែត នឹង​​​មិន​​​នាំ​​​​ទ័ព​​​ទៅ​​​តតាំង​​​នៅ​​​ទី​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គាត់​​​នឹង​​​ជួប​​​ប្រជុំ​​​ ហើយ​​​និយាយ​​​ទៅ​​​កាន់​​​បង​​​ប្អូន​​​ដើម្បី​​​ជម្រាប​​​​​​ពួក​​​គាត់​​​អំពី​​​ស្ថានភាព​​​ពិត​​​ប្រាកដ​​​នៅ​​​កម្ពុជា​​​ក្នុង​​​គោល​​​បំណង​​​រារាំង​​​កុំ​ឱ្យ​​​បុគ្គល​​​មិន​​​​ល្អ​​​មួយ​​​ចំនួន​​​​​និយាយ​បំផ្លើស​​​ និង​​​និយាយ​​រឿង​​​អាក្រក់​​​អំពី​​​រដ្ឋាភិបាល​​​កម្ពុជា”​​​៕​​​ ស៊ុយឈាង​​​​

The post ក្រុម​​​សកម្មជន​នៅ​​​សហរដ្ឋ​​​អាេមរិក​​​ព្រមាន​ធ្វើការតវ៉ា​មុន​​​​​ការ​​​​​បំពេញទស្សនកិច្ច​​​របស់​​​លោក ហ៊ុន ម៉ាណែត  appeared first on ខេមបូឌា ដេលី.