ក្មេង​​​ស្រី​​​ម្នាក់​​​នៅ​​​បាត់​​​ដំបង​​​ស្ទើរ​​​បាត់​​​បង់ជីវិត​​​ បន្ទាប់​​​ពី​​​រង​​​ការ​​​រំលោភ​​​ដ៏​​​ព្រៃ​​​ផ្សៃ​​​

យោង​​​តាម​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ស្រី​​​អាយុ​​​១៦​​​ឆ្នាំ​​​ម្នាក់ កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​របួស​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​វាយ​​​ឲ្យ​​​សន្លប់​​រួច​​​រំលោភ ហើយ​​​បន្ទាប់​​​មក​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃផ្សៃ​​​ដោយ​​​យុវជន​​​ម្នាក់​​​ដែល​​​ក្មេង​ស្រី​រង​គ្រោះ​យក​ធ្វើ​ជា​​​មិត្ត​​​ភក្តិ​​​។​

ជន​​​សង្ស័យ​​​ឈ្មោះ ម៉េត​​​ ភឿន អាយុ​​​១៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​​​​សារភាព​​​ថា បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​នាង​​​ក្នុង​​​ស្រុក​​​ថ្មគោល​​​នៅ​​​យប់​​​មុនថ្ងៃសារភាព​ ខណៈ​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ចេញ​​​ពីផ្ទះ​​​ទៅ​ដើរ​​​រក​​​សត្វ​​​ល្អិត​​ដែល​​​អាច​​​ទទួល​​​ទាន​​​បាន​​​ នេះ​​​បើ​​​យោង​​​ តាម​​​លោក ផង​​​់ សុភាព អធិការ​​​នគរ​​​បាល​​​ស្រុក​​​នេះ​​​។

អធិការ​នគរបាល​ស្រុក​រូបនេះ​​ បាន​លើកឡើង​ទៀតថា​ ម៉េត ភឿន ដែល​​​គ្មាន​​​ការ​​​​​​ងារ​​​ធ្វើ​​​សោះ​​​ចាប់​​​តាំង​​​ពី​​​វិល​​​ត្រឡប់​​​ពី​​​ធ្វើ​​​ជា​​​ពលករ​​​ ចំណាក​​​ស្រុក​​​នៅ​ប្រទេស​​​ថៃ​​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ ក៏​​​បាន​​​សារភាព​​​ផងដែរ​ថា បាន​​​វាយ​​​មុខ​​​របស់​​​ជន​​​រង​​​គ្រោះ​​​នឹង​​​ដង​​​ចប​​​ “ដើម្បី​​​បំបិទ​​​មាត់​​​​​​” ​​​​​​​​​ដោយ​​​ធ្វើ​​​ឲ្យ​​​នាង​​​មាន​​​ឱកាស​​​រស់​​​តិច​​​តួច​​​ណាស់​​​។

លោក​​​បាន​​​មាន​ប្រសាសន៍​ថា “ក្មេង​​​ស្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​យ៉ាង​​​សាហាវ​​​នៅ​​​ត្រង់​ មុខ​​​ និង​​​ក្បាល ហើយ​​​យើង​​​មិន​​​សង្ឃឹម​​​ថា​​​ នាង​​​​អាច​​​រស់​​​ឡើយ​​​”។

ដោយ​​​ដក​​​ស្រង់​​​សម្តី​​​សារភាព​​​របស់​​​ ម៉េត ​​​ភឿន លោក​​​ ផង់ សុភាព បាន​​​និយាយ​​​ថា ​​​យុវ​​​ជន​​​​​​រូប​​​នេះ​​​បាន​​​​​​បង្ហាញ​​​ខ្លួន​​​​​​នៅ​​​ផ្ទះ​​​របស់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​នៅ​​​យប់​​​ថ្ងៃអាទិត្យ​​​ ខណៈ​​​នាង​​​នៅ​​​ផ្ទះ​​​តែ​​​ម្នាក់​​​ឯង​​​ជាមួយ​​​ប្អូនស្រី​​​អាយុ​​​១០​​​ឆ្នាំ​​​ បន្ទាប់​ពី​ឪពុក​​​ម្តាយ​​​ដែល​​​សុទ្ធ​តែជា​​​​កសិករ​​​​បាន​​​​​​​ចេញ​​​ពី​​​ផ្ទះដើម្បី​​​ដើរ​​​រក​​​ចង្រិត និង​​​កន្តេះ ឡង់​​​នៅ​​​វាល​​​ស្រែ​​​ដែលគេទុក​ទំនេរ​ចោល​ក្នុង​​​​​​គោល​​​បំណង​​​យក​​​មក​​​លក់​​​ដើម្បី​​​​​​​​​ប្រាក់​​​បន្ថែម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​​​​បាន​​​ទៅ​​​ផ្ទះ​​​របស់​​​នាង​​​ ហើយ​​​បន្ទាប់​​​​​​បាន​​​សុំ​​​នាង​​​រួមភេទ​​​ តែ​​​នាង​​​បដិសេធ​​​។​​​វា​​​បាន​​​វាយ​​​នាង​​​ ហើយ​​​នាង​​​ក៏​​​សន្លប់​​​ ហើយ​​​បន្ទាប់​​​មក​​​វា​​​បាន​​​រំលោភ​​​នាង ក្រោយ​​​មក​​​ទៀត​​​វា​​​បាន​​​វាយ​​​ ដំ​​​នាង​​​ម្តង​​​ទៀត​​​”។ ឪពុក​​​ម្តាយ​​​របស់​​​ក្មេង​​​ស្រី​​​រូបនេះ​​​បាន​​​វិល​​​ត្រឡប់មក​​​ផ្ទះ​​​វិញ​​​នៅ​​​ប្រហែល ​​​ពាក់​​​កណ្តាល​​​អធ្រាត្រ​​​ ហើយ​​​ក៏​​​ស្រាប់​តែ​ឃើញ​​​រាងកាយ​របស់​កូនស្រី​​​​​​ខ្លួន​​​មានសុទ្ធ​​​តែ​​​ស្នាមរបួស​ដេក​​​សន្លប់​​​​​​​ក្រោម​ផ្ទះ​​​ខ្ទម​​​​​​សសរ​​​ផុត​​​ពី​​​ដីរបស់​​​ខ្លួន​​​ ហើយ​​​បន្ទាប់​​​​​​មក​​​ពួកគាត់​​​បាន​​​​​ហៅ​​ទូស័ព្ទ​ទៅ​​​​​​មេភូមិ​​​​​​ដែល​​​បាន​​​ទាក់​​​ទង​​​បន្ត​ទៅ​​​នគរ​​​បាល​​​ឃុំ និង​​​នគរ​​​បាល​​​ស្រុក​​​។

អធិការ​នគរបាលរូបនេះ​ បាន​ពន្យល់ថា​ នគរ​​​បាល​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ ម៉េត ​​​ភឿន ​​​បន្ទាប់​​​ពី​​​​​​ឆែក​​​មើល​​​ទូរស័ព្ទ​​​របស​​​់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ ហើយ​​​បាន​​​កត់​​​សម្គាល់​​​ឃើញ​​​លេខ​​​មួយ​​​ដែល​​​ជនសង្ស័យ​បាន​តេ​​​មក​​​ក្មេង​​​ស្រី​​​រង​​​គ្រោះក្នុងពេលថ្មីៗ​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ដំបូង​​​យើង​​​សើុប​​​អង្កេត​​​ តាម​​​រយៈ​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​របស់​​​ពួក​​​គេ​​​ ហើយ​​​ទី​​​២​​​ប្អូនស្រី​​​អាយុ​​​១០​​​ឆ្នាំ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ស្គាល់​​​ជន​​​សង្ស័យ ហើយ​​​ថា ជន​​​សង្ស័យ​​​ធ្លាប់​​​មក​​​លេង​​​ផ្ទះ​​​របស់​​​នាង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​មិន​​​បាន​​​ដឹង​​​រឿង​​​រ៉ាវ​​​ច្រើន​​​អំពី​​​ទំនាក់​​​ ទំនង​​​រវាង​​​ជន​​​សង្ស័យ​​​ និង​​​ជន​​​រង​​​គ្រោះ​​​ទេ។

លោក ហេង ប៊ុន្ថា អធិការ​រង​ស្រុក​ថ្ម​​​គោល ​​​​បាន​​​លើក​​​​​​ឡើង​​​ថា ម៉េត​​​ ភឿន កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​ឯ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាលស្រុក​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​នៅ​​​ថ្ងៃ​​​នេះ​​​។

នៅក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ និសិ្សត​​​សាកលវិទ្យាល័យ​​​អាយុ​​​២៥​​​ឆ្នាំ​ម្នាក់​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពីបទ​​​​រំលោភ​​​ហើយ​សម្លាប់​ក្មេង​​​ស្រី​​​ជិត​​​ខាង​​​អាយុ​​​១១​​​ឆ្នាំ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី ម្សិលមិញ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន ​​​ទៅ​​​ពន្ធនាគារ​​​ដើម្បីរង់ចាំការ​​​​បើក​​​សវនាការ​​​នេះ​​​បើ​​​យោង​​​តាម​​​លោក ឌួង សុខា​​​ នាយ​​​ការិ​​​យាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​នេះ​​​។

​​​យោង​​​តាម​​​នគរ​​​បាលបាន​ឲ្យដឹងថា​ ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ចង​​​ក​​​នឹង​​​ចម្រឹង​​​ដែក​​​បង្អួច​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ ហើយ​​​ជន​​​សង្ស័យ​​​ឈ្មោះ សរ កុសល ​​​​​​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​សើុប​​​អង្កេត​​​បាន​​​សង្ស័យ​​​ពេល​​​ជន​​​នេះ​​​បាន​​​ទៅ​​​ស្រាយ​​​ខ្សែ​​​ចង​​​ក​​​របស់​​​ក្មេង​​​ស្រី​​​​​​រង​​​គ្រោះ​​​មុន​​​គេ​​​។​ ក្រោយ​​​មក​​​នគរ​​​បាល​​​បានរក​​​​ឃើញ​​​ឈាម​​​ និង​​​ទឹក​​​កាម​​​នៅ​​​លើ​​​ ប្រដាប់​​​ភេទ​​​របស់​​​ សរ កុសល ដែល​​​មិន​​​ព្រម​​​សារភាព​​​ថា បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​។

នៅ​​​ក្នុង​​​ករណី​​​មួយ​​​ទៀត​​​ អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ដែល​​​​​​សារភាព​​​ថា បាន​​​រំលោភ​​​កូន​​​​​​ស្រី​​​បង្កើត​​​អាយុ​​​១៤​​​ឆ្នាំ​​​របស់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ កាល​​​ពី​​​ម្សិលមិញ​​​ដែរ នេះបើយោង​​​តាម​​​លោក ស្រេង​​​ ជា​​​ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​ ដែល​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​បាន​​​ចាត​​​់ទុក​​​ជន​​​សង្ស័យ​​​រូបនេះ​​​ថា “អាក្រក់​​​ជាង​​​សត្វ​​​ធាតុ​​​” ទៅ​​​ទៀត​​​។

លោក​​​បាន​​​បន្ថែម​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​”យើង​​​បាន​​​ធ្វើ​​​តេស្ត​​​ទឹក​​​នោម​​​របស់​​​គាត់​​​នៅ​​​ព្រឹក​​​មិញ​​​នេះ​​​ ហើយ​​​បានរកឃើញ​​​​ថា គាត់​​​បាន​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន”៕​​​ ស៊ុយឈាង​​​​

 

The post ក្មេង​​​ស្រី​​​ម្នាក់​​​នៅ​​​បាត់​​​ដំបង​​​ស្ទើរ​​​បាត់​​​បង់ជីវិត​​​ បន្ទាប់​​​ពី​​​រង​​​ការ​​​រំលោភ​​​ដ៏​​​ព្រៃ​​​ផ្សៃ​​​ appeared first on ខេមបូឌា ដេលី.