សុខភាព &raquo សុខភាព

តាម​ធម្មតា បន្ទាប់​ពី​វ័យ​ខ្ទង់​២០​ឆ្នាំ​ឡើង​ទៅ ការ​រំលាយ​អាហារ​របស់​បុគ្គល​ម្នាក់​ៗ​ធ្លាក់​ចុះ​២​ភាគរយ​រៀង​រាល់​១០​ឆ្នាំ​ម្តង ។ ទោះជា​ដូច្នេះ​ក្តី នេះ​មិនមែន​មាន​ន័យ​ថា លោក​អ្នកមាន​វ័យចាស់​ត្រូវ​តែ​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​នោះ​ឡើយ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ធម្មជាតិ​ងាយ​ៗ​មួយ​ចំនួន​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ ៖

១-​ទទួលទាន​កាហ្វេ​ឬ​តែ​បៃតង ៖ ការ​ទទួលទាន​កាហ្វេ​១​ពែង​ក្នុង​ពេល​ព្រឹក​ជួយ​ជំរុញ​ការ​ដុត​បំផ្លាញ​កាឡូរី​បាន​រហូត​ដល់​២​ម៉ោង ។ យ៉ាងណា​ក៏​ដោយ អ្នកមាន​បញ្ហា​ក្រពះ​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​កាហ្វេ ។ រីឯ​តែ​បៃតង​វិញ​គឺជា​ភេសជ្ជៈ​ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ដ៏​មាន​ថាមពល​មួយ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ការ​ទទួលទាន​ជា​រឿយ​ៗ​នឹង​ជួយ​បញ្ចុះទម្ងន់ ។

២-​ទទួលទានដំណេក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​ទទួលទានដំណេក​តិច​ជាង​៧​ម៉ោង​ក្នុង​មួយ​យប់​ធ្វើ​ឱ្យ​រអាក់រអួល​ដល់​អ័រម៉ូន​គ្រប់គ្រង​ការ​រំលាយ​អាហារ ។ ប្រ​សិន​បុគ្គល​ម្នាក់​ដេក​មិន​បាន​គ្រប់គ្រាន់ ដំណើរការ​បំបែក​កាបូ​អុ​ី​ដ្រា​តរបស់​គេ​គឺ​មាន​ប្រសិទ្ធភាព​តិចតួច ហើយ​ដែល​បញ្ហា​នេះ​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ធាត់​លើស​ទម្ងន់ ។

៣-​ទទួលទាន​អាហារ​ពេល​ព្រឹក ៖ អាហារ​ពេល​ព្រឹក​ដ៏​ត្រឹមត្រូវ​មួយ​(​ផ្ទុក​នូវ​ប្រូ​តេ​អីុ​ន ខ្លាញ់​ល្អ​...)​អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​ដល់​១០​ភាគរយ ។ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Inter national Journal of Obesity កាល​ឆ្នាំ​២០១០​បាន​បង្ហាញ​ថា អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ដោយសារ​ធាតុ​ខ្លាញ់​ល្អ​ជួយ​ឱ្យ​រាង​កាយ​ដុត​បំផ្លាញ​កាបូ​អីុ​ដ្រា​ត​បាន​កាន់តែ​ច្រើន ។

៤-​ទទួលទាន​ទឹក​ត្រជាក់ ៖ ទឹកជា​ពិសេស​ទឹក​ត្រជាក់​ដូច​ទឹកកក​គឺ​ជួយ​បង្កើន​ល្បឿន​រំលាយ​អាហារ ។ នេះ​ពីព្រោះ រាង​កាយ​ត្រូវ​ប្រើប្រាស់​ថាមពល​ដើម្បី​កំ​ដៅ​ទឹក​នោះ​ឱ្យ​ក្តៅ​បន្តិច ។

៥-​ហាត់ប្រាណ​បង្កើន​សាច់ដុំ ៖ បុគ្គល​ដែល​សម្បូរ​សាច់ដុំ សកម្មភាព​ដុត​បំផ្លាញ​កាឡូរី​គឺ​មាន​ពេញ​មួយ​ថ្ងៃ ។ ចូរ​ព្យាយាម​ហាត់ប្រាណ​មាន​ដូច​ជា ដើរ រត់ ហែល​ទឹក ជិះ​កង់ លើក​ទម្ងន់​...​ឱ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ ។

៦-​ទទួលទាន​អាហារ​៣​ពេល​ដែល​ពេញ​ដោយ​ប្រូ​តេ​អីុ​ន ៖ ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ឆ្នាំ​កន្លង​ទៅ បាន​រក​ឃើញ​ថា បុគ្គល​ដែល​ទ​ទួ​ួ​ល​ទាន​អាហារ​សម្បូរ​ដោយ​ប្រូ​តេ​អីុ​ន អត្រា​រំលាយ​អាហារ​គឺ​មាន​កម្រិត​ខ្ពស់ ។ សូម​បញ្ជាក់​ថា ប្រភព​សម្បូរ​ដោយ​ប្រូ​តេ​អុ​ី​ន​សុទ្ធ​មាន​ដូច​ជា ត្រី ស៊ុត សាច់​មាន់ និង​គ្រាប់​អាល់​ម៉ុ​ន​ជាដើម ៕