សុខភាព &raquo សុខភាព

ការ​ពិត គេ​អាច​ទុក​ភាព​ឆាប់​ចាស់​និង​ស្លាប់​មុន​អាយុ​ឱ្យ​នៅ​ឆ្ងាយ​ពី​ខ្លួន​បុគ្គល​ម្នាក់​ៗ​បាន តាម​រយៈ​ការ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា ជំងឺ​បេះដូង មហារីក និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម ។ វត្តមាន​នៃ​ជំងឺ​ទាំងនេះ​នឹង​អាច​ធ្វើ​ឱ្យ​បុគ្គល​រស់នៅ​ធុញទ្រាន់​នឹង​ពិភពលោក​បាន ។ ដូច្នេះ ដើម្បី​គេច​ផុត​ពី​ជំងឺ​កាច​សាហាវ​ទាំងនេះ គេ​គួរ​ចាប់​យក​ទម្លាប់​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​បញ្ចូល​បណ្តា​ផ្លែ​ឈើ​និង​បន្លែ​ចម្រុះ​ពណ៌​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ បណ្តា​បុគ្គល​ដែល​ទទួលទាន​បន្លែ ផ្លែ​ឈើ​គ្រប់​ប្រភេទ​ជួប​អត្រា​កើត​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ទាប​បំផុត ។ ជា​ធម្មតា បន្លែ​-​ផ្លែ​ឈើ​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់ ហើយ​អ្វី​ដែល​រឹតតែ​ពិសេស វា​ជា​អាហារ​ដែល​មិន​ធ្វើ​ឱ្យ​រាង​កាយ​ធាត់​លើស​ទម្ងន់។

ពណ៌​ផ្សេង​ៗ​គ្នា​របស់​ផ្លែ​ឈើ និង​បន្លែ​គឺ​បង្ហាញ​ពី​វត្តមាន​ផ្សេង​គ្នា​នៃ​សារធាតុចិញ្ចឹម និង​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ផង​ដែរ ។ អ្វី​ទាំងនេះ​ហើយ​ដែល​គុណសម្បត្តិ​របស់​បន្លែ និង​ផ្លែ​ឈើ​ប្រឆាំង​នឹង​ភាព​ចាស់​ទៅ​តាម​អាយុ ។ ជា​ឧទាហរណ៍ Anthocyanins គឺជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​ធ្វើ​ឱ្យ​ផ្លែ​ប្លូ​៊​បឺ​រី​មាន​ពណ៌​ខៀវចាស់ ។ មួយវិញទៀត បណ្តា​ផ្លែ​ឈើ​ពណ៌​នេះ​ត្រូវ​គេ​ដឹង​ថា មាន​កម្លាំង​ប្រឆាំង​នឹង​ការ​លូតលាស់​នៃ​កោសិកា​មហារីក ។

២-​ទទួលទាន​អាហារ​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ Eicosapen taenoic(EPA) និង​អាស៊ីត Docosahexaenoic (DHA) គឺជា​ប្រភព​នៃ​ភាព​វ័យក្មេង​ដែល​ធម្មជាតិ​បាន​ផ្តល់​ឱ្យ ។

កាលពី​ពេល​កន្លង​ទៅ វេជ្ជបណ្ឌិត Ramin Farzaneh-Far និង​សហការី​របស់​ខ្លួន​នៅ​មន្ទីរពេទ្យ San Francisco General Hospital បាន​បង្កើត​ការ​សិក្សា​ស្រាវជ្រាវ​មួយ​មើល​ពី​ប្រសិទ្ធ​ភាពអាស៊ីត EPA និង DHA ទៅ​លើ​ក្រូម៉ូសូម​ដែល​បណ្តាល​ឱ្យ​ចាស់ ។ ជា​លទ្ធផល​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ JAMA ពួក​គេ​បាន​រក​ឃើញ​ថា បណ្តា​បុគ្គល​ដែល​ក្នុង​ឈាម​ផ្ទុក​អាស៊ីត EPA និង DHA កម្រិត​ខ្ពស់ ប្រឈម​ហានិភ័យ​កើត​ជំងឺ​បេះដូង​ទាប​បំផុត​ខណៈ​អត្រា​ចាស់​ទៅ​តាម​អាយុ​របស់​ក្រូម៉ូសូម​មានដំណើរ​យ៉ាង​យឿ​ត ។

៣-​ដុស​សម្អាត​ធ្មេញ​ឱ្យ​បាន​ស្អាត​ល្អ​រាល់ថ្ងៃ ៖ អនាម័យ​មាត់​ធ្មេញ​ជា​ផ្នែក​មួយ​សំខាន់​នៃ​សុខភាព​ប្រចាំ​ថ្ងៃ ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ដុស​សម្អាត​ត្រឹម​ច្រាស​គឺ​មិន​គ្រប់​គ្រាន់​ឡើយ​។ គេ​គួរ​ប្រើ​ខ្សែ​កូត​កោស​សម្អាត ឬ​ឧបករណ៍​សម្អាត​ចន្លោះ​ធ្មេញ​ផង​ដែរ ។ ឧបករណ៍​ឬ​ខ្សែ​សម្អាត​ចន្លោះ​ធ្មេញ មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​ដល់​អញ្ចាញ​ឡើយ ប៉ុន្តែ​វា​ក៏​ជួ​ួ​យ​ឱ្យ​អាយុ​វែង​ផង​ដែរ ។ វិធី​សម្អាត​បែប​នេះ វា​ជួ​​យ​កម្ចាត់​បាក់តេរី​មិន​ឱ្យ​មានឱកាស​ពូន​ផ្តុំ​ក្នុង​កំណក​ដុំ​កំបោរ​នៅ​តាម​ចន្លោះ​និង​ជើងធ្មេញ ទប់ស្កាត់​បាន​នូវ​ការ​ជ្រៀតចូល​ក្នុង​ចរន្តឈាម ។ ដូច្នេះ ឱកាស​របស់​វា​ក្នុង​ការ​បង្ក​ឱ្យ​រលាក​និង​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង​ត្រូវ​បាន​បំផ្លាញ​ចោល ។

៤-​ឧស្សាហ៍​ផឹក​តែ​បៃតង ៖ តែ​ប្រភេទ​នេះ​មិន​ត្រឹម​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​បញ្ចុះទម្ងន់​ខ្លួន​ទៀត​ផង ។ ការ​ទទួលទាន​១​ពែង​បន្ទាប់​ពី​បាយ​រួច​អាច​ជួយ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​និង​បញ្ចុះ​សារធាតុ​ខ្លាញ់ ។ តែ​បៃតង​ផ្ទុក​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មួយ​ប្រភេទ​ឈ្មោះ Epigallocatechin gallate (EGCG)។

៥-​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ ៖ អសកម្ម​រាង​កាយ​ក៏​ដូច​ជា​ការ​បាត់បង់​សាច់ដុំ​បាន​កើតឡើង ជា​ពិសេស​នៅ​ពេល​អស់លោក​អ្នកមាន​វ័យ​កាន់តែ​ចាស់​ទៅ ។ ដូច្នេះ​ដើម្បី​ទប់ទល់​ការ​ផ្លាស់​ប្តូរ​គុណភាព និង​បរិមាណ​សាច់ដុំ​ទាក់ទិន​នឹង​កា​រវិ​វ​ឌ្ឍ​អាយុ​នេះ​គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​រាង​កាយ​មាន​សកម្មភាព​ជាប់​ជា​ប្រចាំ ។ ការ​ដើរ​នៅ​ពេល​ព្រឹក​ព្រលឹម​គឺជា​វិធី​ល្អ​បំផុត​បង្កើន​ចលនា​ទូទៅ​របស់​រាង​កាយ​យ៉ា​ង​មាន​ប្រសិទ្ធភាព​៕