ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែមីនា កម្លាំង​កងទ័ពជើងទឹក​លំហ​សមុទ្រ ខណៈ​ចេញ​ល្បាត​លើ​ផ្ទៃសមុទ្រ ស្ទាក់​ចាប់​បាន​ទូក​នេសាទ​១​គ្រឿង ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​គឺ​គ្រាប់បែក​ច្នៃ នៅ​ចំណុច​កោះ​ឆ្លាម ស្ថិត​ក្នុង​ដែនសមុទ្រ​ចន្លោះ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ទោ ជា ស៊ី​ធុន​ឡាយ ដែល​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចំនួន​៧​នាក់ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទូក​នេសាទ​ខុសច្បាប់​ខាងលើ​នេះ ថ្លែង​ថា ទូក​ល្មើស​ខាងលើ​ត្រូវ​បាន​ឃាត់​ចាប់​នៅ​ត្រង់​ចំណុច​ផ្ទៃសមុទ្រ​១១o០៧ និង​១០២o៤៨ ស្ថិត​នៅ​ក្បែរ​កោះ​ឆ្លាម ។ បន្ទាប់​ពី​ឃាត់​ចាប់​ទូក​នេះ​បាន​ភ្លាម ទាំង​អ្នកបើកបរ​ទូក​ម្នាក់ និង​កម្មករ​ទូក​ចំនួន​២​នាក់ ត្រូវ​បាន​បញ្ជូន​មក​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​កោះកុង តាម​នីតិវិធី ។

លោក ឡា​ង គី​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កោះកុង ថ្លែង​ថា កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ករណី​នេះ​ទៅ​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៧ ខែមីនា ដែល​ក្នុង​នោះ​មាន​ទូក​ម៉ា​ស៊ី​ន​កម្លាំង​១៣៨​សេះ​ចំនួន​១​គ្រឿង វិទ្យុទាក់ទង​ម៉ា​ក​ស្តា​រ៍​ចំនួន​១ ឧបករណ៍​មើល​ហ្វូង​ត្រី​ចំនួន​១ GPS ចំនួន​១ ម៉ា​ស៊ី​ន​ខ្យល់​ជ្រមុជ​ទឹក និង​សម្ភារ​១​ឈុត ធុង​ក្លា​ស្សេ​ចំណុះ​៣០០​លី​ត្រ​ចំនួន​៨​ធុង រួម​នឹង​មនុស្ស​ចំនួន​៣​នាក់ ១-​ឈ្មោះ ហ៊ឹ​ម ហឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​បើកទូក ២-​ឈ្មោះ ឡេ​ង សឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​ទូក ៣-​ឈ្មោះ សុខ នៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ទូក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទាំង​៣​សារភាព​ថា ពួក​គេ​ពិតជា​ប្រើ​គ្រាប់បែក​ច្នៃ​បោក​ចូល​សមុទ្រ​យក​ត្រី​ប្រាកដ​មែន ហើយ​ម្ចាស់​ទូក​និង​កម្មករ​ទាំង​៣​នាក់​សុទ្ធតែ​មាន​ទីលំនៅ​ក្នុង​ក្រុងព្រះសីហនុ ។ ប្រភព​ពី​ប្រជា​នេសាទ​ជា​ច្រើន​នាក់​និយាយ​ថា ទូក​ប្រើ​ឧបករណ៍​នេសាទ​បែប​នេះ​មាន​ច្រើន ប៉ុន្តែ​យូរ​ៗ​ទើប​ឃើញ​ចាប់​ម្តង ៕