ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង​ ៖ ​បុរស​ម្នាក់​ដោយសារ​តែ​តូចចិត្ត​​​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​បាន​យក​ខ្សែ​គោ​​​ចង.កសម្លាប់​ខ្លួន ​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​១​និង​១០​នាទី​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​មីនា​ ​២០១៦ នៅ​ចំណុច​ខាង​​ក្រោយ​ផ្ទះ ស្ថិត​នៅ​​ក្នុងភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ ស្រុក​រលារ​ប្អៀ​រ​ ។

ស្ត្រី​ឈ្មោះ ឃុន អ៊ុ​ល អាយុ​៣៤​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​បាន​និយាយ​ថា​ ​ប្តី​របស់​គាត់​​ ឈ្មោះ ជា សុខុម អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ប្តី​គាត់​មាន​​ជំងឺ​ប្រចាំ​កាយ​ច្រើនឆ្នាំ​មក​ហើយ រាល់ថ្ងៃ​គាត់​តែងតែ​និយាយ​ប្រាប់​អ្នក​ជិតខាង​ដដែល​ៗ​ថា គាត់​មិន​ចង់​រស់​ទេ កុំ​នាំ​ឱ្យ​មានការ​ពិបាក​ដល់​ប្រពន្ធ​និង​កូន​ ព្រោះតែ​គាត់​មាន​​ជំងឺ ប្រចាំ​កាយ​បាន​​ចំណាយ​ប្រាក់​ព្យាបាល​គាត់​អស់​ច្រើន​មក​ហើយនៅ​តែ​មិនជា តើ​ឱ្យ​គាត់​រស់នៅ​យ៉ាងម៉េច? ប៉ុន្តែ​​មិន​មាន​អ្នក​ម្នាក់​ចាប់អារ​ម្ម​ណ៏នោះ​ទេ​ ។

​លុះ​នៅ​យប់​កើតហេតុ នៅ​ក្នុងភូមិ​មានកម្ម​វិធី​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត​ ពេល​នោះ​​គាត់​​ដេក​​​នៅ​លើ​គ្រែ​ជា​ធម្មតា ហើយ​កូន​ៗ​ក៏​​នាំ​គ្នា​ទៅ​រាំ​លេង​កម្សាន្ត​ជាមួយ​គេ​ឯង​​ក្នុងភូមិ រហូត​ដល់​ម៉ោង​១២​យប់​ទើប​កូនៗ​​ត្រឡប់​មក​ផ្ទះ​វិញ មិនឃើញ​ឪពុក​​​នៅ​លើ​គ្រែ​ក៏​នាំ​គ្នា​ដើរ​ក​ទាំង​យប់ ​ស្រាប់​តែ​​ប្រទះ​ឃើញ​ចង.ក​​នឹង​​ដើម​ពពេល ដែល​នៅ​ចម្ងាយ​​៥០​ម៉ែត្រ​ពី​ផ្ទះ ស្លាប់​បាត់​ទៅ​ហើយ ​។

នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​រលារ​ប្អៀ​រ​បានឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោក​បានឱ្យ​មន្ត្រី​ប៉ុស្តិ៍​គោក​បន្ទាយ ​ចុះ​ទៅ​ពិនិត្យ និង​បាន​ធ្វើ​កំណត់ហេតុ​ទាំង​យប់ លុះ​ព្រឹកឡើង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​​លើ​សព​ជន​រង​គ្រោះ​​​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​ចង.កធ្វើ​អត្តឃាត​ខ្លួនឯង ពុំ​មានរឿង​ឃាតកម្ម​អ្វី​នោះ​ឡើយ ហើយ​​ក៏​​ប្រគល់​​ឱ្យ​​​​ក្រុម​គ្រួសារ​យកទៅចាត់ចែង​ធ្វើបុណ្យ​​តាម​ប្រពៃណី​ ៕