ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជ្រើសរើស​មន្ត្រី​ថ្មី​រួច​ហើយ​សម្រាប់​ត្រៀម​ចូល​កាន់​តំណែង​អភិបាលខេត្ត​មួយ​ចំនួន ខណៈ​បណ្តា​អភិបាលខេត្ត​ទាំងនោះ មាន​អាយុ​ជិត​ចូល​និវត្តន៍ ។

បើ​តាម​សម្តេច​ក្រឡាហោម ការ​កំណត់​ជ្រើសរើស​យក​មន្ត្រី​ថ្មី ត្រៀម​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត គឺ​ធ្វើ​ឡើង​ដើម្បី​លុប​បំបាត់​ការ​អន្តរាគមន៍​របស់​មន្ត្រី​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ធ្វើ​ការងារ​អន្តរាគមន៍ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រមុខ​មហាផ្ទៃ ក៏​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​យេ​ន​ឌ័​រ ជ្រើសរើស​មន្ត្រី​ជា​ស្ត្រី ត្រៀម​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​ផង​ដែរ ហើយ​បើ​ជ្រើសរើស​មិន​បាន​នោះ​ទេ ត្រូវ​ទុក​កន្លែង​នោះ​ឲ្យ​នៅ​ទំនេរ​ដដែល និង​រង់ចាំ​ការ​ជ្រើសរើស​ស្ត្រី​ថ្មី​ចូល​ទៅ​កាន់​តំណែង​បំពេញការងារ​ភារកិច្ច​នោះ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ទៀត​ថា ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល  ការ​ជ្រើសរើស​មន្ត្រី​សម្រាប់​ចូល​កាន់​តំណែង​អភិបាលខេត្ត​ថ្មី  និង​អភិបាលខេត្ត​រង​ជានា​រី គឺ​ភាគច្រើន​ជ្រើសរើស​មន្ត្រី​ដែល​កំពុង​បំរើ​ការងារ​នៅ​ក្នុង​ខេត្ត​នោះ ហើយ​មិន​អាច​ជ្រើសរើស​ពី​ក្រៅ​បាន​ទេ ។

ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ខាងលើ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី​៨ មីនា ២០១៦ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមីនា​ម្សិលមិញ ។

ចំណែក​អភិបាលខេត្ត​ដែល​មាន​អាយុ​ជិត​ចូល​និវត្តន៍ ហើយ​ត្រូវ​ត្រៀម​ធ្វើការ​ផ្លាស់​ប្តូរ​នោះ​ដូច​ជា​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ  និង​ខេត្ត​បន្ទាយ​ជ័យ​ជាដើម ៕