កម្មករ​ជាង​៧០​ម៉ឺន​នាក់ GMAC ៖ កម្មករនិយោជិត​បាន​ទទួល​ប្រាក់​អត្ថប្រយោជន៍​លើស​ពី​១៤០​ដុល្លារ

កម្មករ​ជាង​៧០​ម៉ឺន​នាក់ GMAC ៖ កម្មករនិយោជិត​បាន​ទទួល​ប្រាក់​អត្ថប្រយោជន៍​លើស​ពី​១៤០​ដុល្លារ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ដែល​តំណាង​ឲ្យ​រោងចក្រ​ផលិត​ស្បែកជើង​និង​សម្លៀក​បំពាក់​ប្រមាណ​ជាង​៥០០ ក្នុង​ទូ​ទាំង​ប្រទេស​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​៧០​ម៉ឺន​នាក់ កំពុង​តែ​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​មុន​ថែម​ទៀត គឺ​លើស​ពី​ប្រាក់​ឈ្នួល​អប្បបរមា​១៤០​ដុល្លារ ។

ការ​ទទួល​ប្រាក់​របស់​កម្មករនិយោជិត​នេះ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​អនុវត្ត​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​កាលពី​ខែមករា​កន្លង​មក ហើយ​នេះ​ក៏​ដោយសារ​តែ​ពួក​គាត់​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ដែល​កំណត់​ដោយ​ច្បាប់ និង​ប្រាក់​រង្វាន់​ផ្សេង​ទៀត ពី​រោងចក្រ​ដែល​ខ្លួន​ធ្វើការ ។

អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា បាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ ប្រាក់​រង្វាន់ និង​ប្រាក់​ការងារ​បន្ថែម​ម៉ោង ដែល​កម្មករ​រោងចក្រ​ទទួល​បាន​គឺ​មាន​កម្រិត​យ៉ាងតិច​បំផុត​ចាប់ពី​១៧​ដុល្លារ រហូត​ដល់​ទៅ​៦០​ដុល្លារ ឬ​ច្រើន​ជាង​នេះ ។ នេះ​មាន​ន័យ​ថា ជា​មធ្យម​កម្មករ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​២០០​ដុល្លារ​ក្នុង​មួយ​ខែ​។ នៅ​ស​ប្ដា​ហ៍​នេះ កម្មករ​រោងចក្រ​កាត់ដេរ​នឹង​ទទួល​បាន​ប្រាក់ខែ​ទី​ពីរ​របស់​ខ្លួន​ហើយ ។

លោក​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បញ្ជាក់​ថា «​ជា​រួម កម្មករ​កាត់ដេរ​នៅ​កម្ពុជា មិន​ថា​មាន​ជំនាញ​ឬ​គ្មាន​ជំនាញ​នោះ​ទេ គឺ​អាច​ទទួល​បាន​ប្រាក់ខែ​យ៉ាង​ហោច​ណាស់​ក៏​ចន្លោះ​ពី​១៥៧​ដុល្លារ​ដល់​ជាង​២០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ​ៗ ហើយ​នេះ​ជា​ទឹកប្រាក់​ដែល​គាត់​ទទួល​បាន​ជាក់ស្ដែង ។ ប្រសិនបើ​យើង​ក្រឡេក​មើល​លើ​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់ខែ​ដែល​ទទួល​បាន​ជាក់ស្ដែង​វិញ ឃើញ​ថា ខុស​គ្នា​ច្រើន​» ។

លោក​បន្ត​ថា ប្រាក់​ឧបត្ថម្ភ​ដែល​កំណត់​ដោយ​ច្បាប់​រួម​មាន​១០​ដុល្លារ​យ៉ាងតិច​សម្រាប់​ការងារ​ទៀងទាត់ ៧​ដុល្លារ​យ៉ាងតិច​សម្រាប់​ការ​ស្នាក់​នៅ​និង​ធ្វើ​ដំណើរ និង​ពី​២​ដល់​១១ ដុល្លារ សម្រាប់​អតីតភាព​ការងារ ។  ចំណែកឯ​ប្រាក់​រង្វាន់​វិញ​រួម​មាន ៥​ដុល្លារ​សម្រាប់​កម្មករ​ដែល​មាន​ជំនាញ និង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ​យ៉ាងតិច​០,៥​ដុល្លារ​សម្រាប់​កម្មករ​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​ថែម​ម៉ោង ។

លោក កាំ​ង ម៉ូ​នី​កា បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ប្រាក់ខែ​ដែល​កម្មករ​ទទួល​បាន​ជាក់ស្ដែង​ចេះ​តែ​បន្ត​កើនឡើង ដូច្នេះ ឧស្សាហកម្ម​ចាំបាច់​ត្រូវ​ផ្ដោត​លើ​មធ្យោបាយ​នានា​ធ្វើ​យ៉ាងណា​បង្កើន​ផលិតភាព​ការងារ ។

លោក​សង្កត់ធ្ងន់​ថា «​ខណៈ​ដែល​បញ្ហា​ប្រាក់ខែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្ដល់​អាទិភាព​លើ​កម្មករ ដូច្នេះ​នៅ​ពេល​នេះ​ឧស្សាហកម្ម​កាត់ដេរ ចាំបាច់​ត្រូវ​រួម​គ្នា​ស្វែងរក​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​បង្កើន​ផលិតភាព​ការងារ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ផលិត​សម្លៀក​បំពាក់​ផ្សេង​ទៀត ដែល​ផ្ដល់់​ប្រាក់ខែ​ទាប​ជាង ប៉ុន្តែ​មាន​ផលិតភាព​ខ្ពស់​ជាង​កម្ពុជា​» ។

គួរ​រ​រំឭក​ថា បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៥​កន្លង​មក សហគ្រាស​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​សរុប​មាន​ចំនួន​៨.១៨៩៧​សហគ្រាស និង​មាន​កម្មករនិយោជិត​ចំនួន​១.០៧៧.០៧៩​នាក់ ៕