ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រៃវែង ៖​ ​នគរ​បាល​ស្រុក​ពាមរ​ក៍​បាន​​​ឃាត់ខ្លួន​​បុរស​​៣​នាក់ ដែល​​ជា​​ជនសង្ស័យ​ក្នុង​ករណី​លួច​ម៉ូតូ​១​គ្រឿង​នៅ​ឃុំ​អ្នក​​លឿង កាលពី​​ថ្ងៃ​ទី​៥ មីនា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​ដែល​បាត់​នោះ​នៅ​នឹង​ផ្ទះ​​របស់​ពួក​គេ ។

ជនសង្ស័យ​​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មីនា នៅ​នឹង​ផ្ទះ​របស់​​ពួក​គេ ​​ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍​ ជាមួយនឹង​វត្ថុ​តាង​ម៉ូតូ​១​​គ្រឿង​ម៉ាក​វី​វ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​កណ្តាល​១A-៦២០៩ ​។ ម៉ូតូ​នេះ​ជា​កម្ម​សិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ជាតិ រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ ដែល​ត្រូវ​​​ចាប់ខ្លួន​នេះ ​​១-​ឈ្មោះ​ម៉ក់ ភក្តី ហៅ​អឹង ​អាយុ​២០​ឆ្នាំ​ ជា​​កម្មករ ​​២-​ឈ្មោះ ឌឹ​ម សុ​ជាតិ ​អាយុ​២៧​ឆ្នាំ ជា​​កម្មករ និង​​៣-​ឈ្មោះ​កែវ សា​វឿ​ន ​អាយុ​១៥​ឆ្នាំ ​ជា​កម្មករ​ដូច​គ្នា ​។

លោក​អាត អ៊​ន នាយ​ប៉ុស្តិ៍​ត​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) បាន​ឱ្យ​​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧​ មីនា​ ជន​រង​គ្រោះ​ឈ្មោះ​ជាតិ រស្មី បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អ្នក​លឿងថា ម៉ូតូ​របស់​ខ្លួនដែល​​ត្រូវ​ចោរលួច​បាត់​កាលពី​ថ្ងៃ​ទី​៥​ មីនា ខណៈ​​​ដែល​រូបគេ​​ទុក​នៅ​ក្រោមផ្ទះ ហើយ​ឡើង​​ទៅ​ដេក​នៅ​លើ​ផ្ទះ ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំអ្នក​លឿង ​បាន​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​១​ព្រឹក ក៏​ដឹង​មុខសញ្ញា គឺជា​អ្នក​រស់នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ហើយ​​សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​​ឃុំ​ព្រែក​ខ្សាយ ​(​ខ​) ចុះ​ទៅ​តាម​រក ​ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ នៅ​នឹង​ផ្ទះ​​ជនសង្ស័យ​មែន ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ ។