វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ រង​ការ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ជឿជាក់​ទេ​

ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់តាំងពី​ចុងខែ​មករា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ ត្រូវ​មជ្ឈដ្ឋាន​នានា​ជាពិសេស​ក្រុម​សង្គម​ស៊ីវិល​និង​សកម្មជន​ការពារ​ព្រៃឈើ​រិះគន់ថា ពុំមាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ជឿជាក់​នោះទេ​។ ដោយហេតុថា ក្នុងខណៈដែល​សមត្ថកិច្ច​ចម្រុះ​កំពុង​បង្ក្រាប​បទល្មើស គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ស្ពឺ​ជាដើម​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​ពង្រឹង​ការងារ​របស់ខ្លួន​បន្ថែ​ម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​និង​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនទាន់​ចាត់វិធានការ​លើ​ឈ្មួញ​ឈើ​ណា​ម្នាក់​តាមច្បាប់​នៅឡើយ​ទេ គឺ​បានត្រឹមតែ​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​តុលាការ​ប៉ុណ្ណោះ​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព ព្រោះ​ឈ្មួញ​ធំៗ​ជាពិសេស​អ្នកមាន​ងារ​ជា​ឧកញ៉ា ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​គេច​ផុតពី​ការផ្ដន្ទាទោស​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ​ការងារ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹង​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី និង​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ដូច​មុន​ដដែល​។

ថ្មីៗ​នេះ​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅតែ​បន្ត​កើតមាន បើទោះបី​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាងណាក៏ដោយ​។ ជាងនេះទៅទៀត​ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី ក៏​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ហើយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន​រង​ការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ចូល​ដី​ខ្មែរ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យមើល​ឡើងវិញ​ហើយ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនឃើញ​ទទួលលទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ឈ្មួញ​ធំៗ​នៅតែ​មិន​ត្រូវបាន​យកទៅ​ផ្ដន្ទាទោស​នៅឡើយ​៕

logging_kgspeu303ob1 Hong-0941 Kosal-0198