ក្រុមហ៊ុន​ចិន​ឈូសឆាយ​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ យ៉ាង​គឃ្លើន​

​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ត្រូវ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស និង​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ រិះគន់ថា​មិន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​ឈ្មោះ រួយ ហ្វេ​ង​(Ruoy Feng) ឆក់​ប្លន់​ដីធ្លី​យ៉ាង​កំរោល​នោះទេ​។ ផ្ទុយទៅវិញ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​តុលាការ​ក្នុង​ខេត្ត​នេះ តែងតែ​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦ អ្នកភូមិ​ជាង​៥០០​នាក់​មកពី​ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប បាន​ប្រមូល​ផ្ដុំគ្នា​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន រួយ ហ្វេ​ង ឈូសឆាយ​រំលោភ​លើដី​ធ្លី​ស្រែចម្ការ​របស់​ពួកគាត់ ហើយ​បាន​ឃាត់​គ្រឿងចក្រ​ចំនួន​៨​គ្រឿង​នៅ​កន្លែងកើតហេតុ​ផងដែរ​។ ក្រោយមក​ដោយមាន​ការ​ចេញមុខ​សម្របសម្រួល​ពី​មន្ត្រី​អាជ្ញាធរ​ទើប​អ្នកភូមិ​ដោះលែង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​វិញ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​៣​ខាងលើ ប្ដេជ្ញា​ថា​ពួកគាត់​នឹង​រួមគ្នា​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន​ឈ្មោះ រួយ ហ្វេ​ង មិន​ឲ្យ​ឈូសឆាយ​បំពាន​លើដី​ស្រែចម្ការ​របស់​ពួកគាត់​តទៅទៀត​ឡើយ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា អ្នកភូមិ​ប្រមាណ​៥០០​នាក់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ នៅ​ឃុំ​សង្កែ​២ ស្រុក​ឆែប និង​ឃុំ​តស៊ូ ស្រុក​ជ័យ​សែន កំពុង​ព្រួយបារម្ភ​ខ្លាច​បាត់​ដីធ្លី​ស្រែចម្ការ​ដោយសារតែ​ក្រុមហ៊ុន​ចិន រួយ ហ្វេ​ង បំពាន​លើដី​ធ្លី​ស្រែចម្ការ​របស់​ពួកគាត់​ជា​បន្តបន្ទាប់​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុមហ៊ុន រួយ ហ្វេ​ង បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ពង្រីក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​កាន់តែ​ធំ​ឡើងៗ​ប៉ះពាល់​ដល់​ដីព្រៃ​សហគមន៍ និង​ស្រែចម្ការ​របស់​ពួកគាត់​យ៉ាង​កំរោល​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​ប្រមូល​ផ្ដុំគ្នា​ប្រឆាំង​ក្រុមហ៊ុន រួយ ហ្វេ​ង ពេញទំហឹង​តែម្តង​។

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​ហ៊ុមព័ទ្ធ​និង​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន រួយ ហ្វេ​ង ឈូសឆាយ​ពង្រីក​ផ្ទៃដី​ដាំ​អំពៅ​បំពាន​លើ​ព្រៃ​សហគមន៍​និង​ដីស្រែ​ចម្ការ​របស់​ពួកគាត់​តទៅទៀត​ទេ ព្រោះ​ដីធ្លី​ជា​អាយុជីវិត​របស់​ពួកគាត់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់​ចំៗ​ថា អភិបាលស្រុក​ត្បែងមានជ័យ អភិបាលស្រុក​ឆែប និង​អភិបាលស្រុក​ជ័យ​សែន មិន​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​តែង​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​ចិន​នៅតែ​បំពាន​លើ​ដីធ្លី​ស្រែចម្ការ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​អំពា​វ​នាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន រួយ ហ្វេ​ង ជាបន្ទាន់​ព្រោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ មិន​អនុវត្តន៍​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទេ ហើយ​បែរជា​ធ្វើ​សកម្មភាព​បំពាន​លើដី​ធ្លី​ស្រែចម្ការ​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ទៀតផង​៕

v_0200​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ
a4b5c0b5-1846-4412-a7f1-8a3292c99ae1ប្រជាពលរដ្ឋ៣ស្រុកប្រឆាំងនឹងក្រុមហ៊ុនចិនឈ្មោះ រួយ ហ្វេង