លោក យឹម ភាន់ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ជា​មុខសញ្ញា​ជួញដូរ​ឈើ​គ្រញូង​

​រហូតមកដល់​ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តសៀមរាប ឆ្លងកាត់​ខេត្តកំពង់ធំ នៅតែ​បន្ត​កើតមាន​បើទោះបី​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​ថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​បន្ទាប់ពី​រថយន្ត​នោះ បើក​ចូលក្នុង​ចម្ការ​ក្បែរ​ផ្ទះ​អ្នកភូមិ​មួយកន្លែង​នៅ​ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ល្ល័​ង្ក ខេត្តកំពង់ធំ​។ ប្រតិបត្តិការ​ប​ង្ក្រា​រថយន្ត​ដឹកឈើ​គ្រញូង​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា មានការ​តាម​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-3088 ហើយ​តាម​ទាន់​នៅក្នុង​ចម្ការ​ស្វាយចន្ទី​របស់​អ្នកភូមិ​មួយកន្លែង​ក្នុង​ឃុំ​តា​ឡែក​ថ្មី​។ លោក​អនុសេនីយ៍ទោ យឹម ភាន់ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ បានបញ្ជាក់​ថា​ផ្ទះ​នោះ​ជា​ផ្ទះ​របស់លោក​ដែល​បាន​សាងសង់​ក្នុង​ចម្ការ ចំណែក​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ​ដែល​នៅក្នុង​ផ្ទះ​នោះ គឺជា​អ្នកស៊ីឈ្នួល​បេះ​ស្វាយចន្ទី​ឲ្យ​លោក និង​ថា​លោក​មិន​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​នោះទេ​។ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក យឹម ភាន់ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ គឺជា​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ជា​យូរ​មកហើយ​។ ប្រសិនបើ​លោក យឹម ភាន់ មិន​ពាក់ព័ន្ធ​ទេនោះ​គឺ​គ្មាន​មូលហេតុ​អ្វីដែល​អ្នកបើក​បររថ​យន្ត​ដឹកឈើ​បើកចូលទៅ​ក្នុង​ចម្ការ​របស់​ឈ្មោះ យឹម ភាន់ ឡើយ​។

តាម​ការអះអាង​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចូលរួម​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា លោក យឹម ភាន់ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ទាក់ទង​នឹង​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​។ ជាមួយគ្នានេះ​ឈើ​គ្រញូង​ដែល​សមត្ថកិច្ច​ចម្រុះ​រឹបអូស​បាន​មាន​៥៥​ដុំ​ស្មើនឹង​១៧០០​គីឡូក្រាម​គិត​ជា​លុយ​រាប់ម៉ឺន​ដុល្លារ​។ មានការ​រិះគន់​ផងដែរ​ថា លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នោះទេ ហើយ​គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ជាក់ស្តែង​ក្នុងការ​បង្ក្រាប​រថយន្ដ​ដឹកឈើ​គ្រញូង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ គ្មាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឡើយ បើ​ទោ​បី​រថយន្ត​នោះ​ឆ្លងកាត់​តំបន់​ដែល​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ និង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង គ្រប់គ្រង​យ៉ាងណាក៏ដោយ​៕

acs-4 acs-3