៧​ចំណុច​កាន់​តែ​ច្បាស់​ពី​​ពាន​​ Khmer Real Estate​ ២០១៦​

ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ Khmer Real Estate រដូវ​កាល​​ទី​៥​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ប៉ុន្តែ​សម្រាប់​ក្រុម​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​ក៏​មិន​ទាន់​អស់​ឱកាស​ដែរ​ ពី​ព្រោះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​ទាន់​ចម្រាញ​យក​បាន​២០​ក្រុម​នៅ​ឡើយ​ទេ។ តើ​ក្រុម​នីមួយ​ៗ​ដែល​មាន​បំណង​ចង់​ចូល​រួម​ការ​ប្រកួត​​ពាន​រង្វាន់​នេះ​ត្រូវ​ដឹង​អ្វី​ខ្លះ​?

 

៧​ចំណុច​កាន់​តែ​ច្បាស់​ពី​​ពាន​​ Khmer Real Estate​ ២០១៦​លោក គីម ហ៊ាង

 

លោក​ គីម ហ៊ាង អគ្គនាយក​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ដែល​ជា​​​អ្នក​បង្កើត​ពាន​នេះ​បាន​​បង្ហាញ​សង្គម​គោល​ការណ៍​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​ការ​អនុវត្ត​នៃ​ការ​ប្រកួត​ពាន​ Khmer Real Estate រដូវ​កាល​ឆ្នាំ​២០១៦​នេះ។

 

១- គ្រូ​បង្វឹក​ក្រុម៖ គ្រប់​គ្រូ​បង្វឹក​ក្រុម​ទាំង​អស់​ដែល​​ដឹក​នាំ​ក្រុម​ចូល​រួម​ការ​ប្រកួត​ត្រូវ​តែ​មាន​ប្រវត្តិល្អ។ ប្រសិន​បើ​រក​ឃើញ​ថា គ្រូ​បង្វឹក​ណា​ម្នាក់​ដែល​មាន​ប្រ​វត្តិ​មិន​ល្អ​​ក្នុង​ការ​ដឹក​នាំ​ក្រុម​ចូល​រួម​ប្រកួត​ពាន​ផ្សេង​ៗ​កន្លង​មក​ ​​​ក្រុម​របស់​គ្រូ​បង្វឹក​រូប​នោះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​ប្រកួត​ឡើយ។

 

២-​ កីឡាករ៖ រាល់​កីឡាករ​ទាំង​អស់​នៅ​ក្នុង​ក្រុម​សុទ្ធ​តែ​មាន​ប្រវត្តិ​ល្អ​ទើប​អនុញ្ញាត​ឲ្យ​ចូល​រួម​​ប្រកួត​ជា​មួយ​ក្រុម​បាន។ ប្រសិន​បើ​​កីឡាករ​ណា​ម្នាក់​មាន​ប្រវត្តិ​មិន​ល្អ​ដូច​ វ៉ៃ​គ្នា ជេរ​ប្រមាថ​ ​ឬ​មាន​ជំលោះ​ឈ្លោះ​ប្រកួត​ជា​មួយ​កីឡាករ​ ឬ​ក្រុម​អាជ្ញា​កណ្តាល​ជា​ដើម​ កីឡាករ​នោះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​លេង​បាន​ឡើយ។

 

៣-​ លក្ខណ​កីឡាករ៖ ​ក្រុម​នីមួយ​ៗ​អាច​យក​កីឡាករ​ដែល​មាន​ឈ្មោះ​លេង​នៅ​ក្លឹប​ក្នុង​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​នេះ​បាន​ត្រឹម​តែ​​២​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​កីឡាករ​ដែល​គ្មាន​ឈ្មោះ​លេង​នៅ​លីគ​កំពូល​កម្ពុជា​២០១៦​ ទោះ​បី​ជា​​កីឡាករ​អាជីព​ក្តី​ មិន​អាជីព​ក្តី​ កីឡាករ​បរទេស​ក្តី​​អាច​ចូល​រួម​ការ​ប្រកួត​បាន​ទាំង​អស់។

 

៤- ការ​ជ្រើស​រើស​ក្រុម៖ ការ​ប្រកួត​ឆ្នាំ​នេះ​កំណត់​យក​ក្រុម​ចំនួន​២០​ដើម្បី​ចូល​រួម​ប្រកួត​ ប៉ុន្តែ​ប្រសិន​បើ​​ក្រុម​ណា​មួយ​មាន​ប្រវត្តិ​មិន​ល្អ​ គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​នឹង​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​​ថា​តើ​គួរ​ឲ្យ​ចូល​រួម​ប្រកួត​ឬ​យ៉ាង​ណា។ ​អ្នក​រៀប​ចំ​បញ្ជាក់​ថា​ ​មិន​​មាន​​ក្រុម​ដល់​២០​ក៏​ដំណើរ​​ប្រកួត​ដែរ ​​ប្រសើរ​ជាង​​មាន​​​ក្រុម​២០​​ ប៉ុន្តែ​មាន​បញ្ហា​ស្មុគស្មាញ​នោះ។

 

៥- ក្រុម​នីមួយ​ៗ​ត្រូវ​បង់​ប្រាក់​៖ ក្រុម​នីមួយ​ៗ​ដែល​ចូល​រួម​ការ​ប្រកួត​ទាំង​អស់​ត្រូវ​បង់​ប្រាក់​១០០​ដុល្លារ។ ដូច្នេះ​២០​ក្រុម​នឹង​ទទួល​បាន​ចំនួន​២​ពាន់​ដុល្លារ​​ដែល​ប្រាក់​ទាំង​អស់​នេះ​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​អស់ និង​បូក​រួម​ទាំង​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក គឹម ហៀង​ មួយ​ចំនួន​ទៀត​ផង​។

 

៦- ប្រាក់​រង្វាន់៖ សម្រាប់​រដូវ​កាល​នេះ​ ក្រុម​ជយលាភី​លេខ​១​នឹង​​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ដែល​បូក​បញ្ចូល​ទាំង​សម្ភារៈ​ និង​ទទួល​បាន​ឱកាស​ធ្វើ​ដំណើរ​​ចេញ​ទៅ​ប្រកួត​ទេសចរណ៍​​នៅ​ទី​រួម​ខេត្ត​ដែល​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ Khmer Real Estate។ ក្រុម​លេខ​២​ទទួល​បាន​​៧៥០​ដុល្លារ​ លេខ​៣​ទទួល​បាន​​៤៥០​ដុល្លារ​ និង​​ក្រុម​លេខ​៤​ទទួល​បាន​​៣០០​ដុល្លារ។

 

៧- ការ​​ប្រកួត៖ ការ​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី​១៩​ ខែ​មីនា ដល់​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​ទីលាន​ដំរីស​ និង​​​ទី​លាន​មេគង្គ​(ជិត​ផ្សារ​ហេង​លី) ​​រាល់​ចុង​សប្តាហ៍​គឺ​ថ្ងៃ​​សៅរ៍​​មាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​វេលា​ម៉ោង​៤​ដល់​៥:៣០​នាទី​ល្ងាច។ ចំណែក​ថ្ងៃ​អាទិត្យ​មាន​​៤​ប្រកួត​គឺ​ពី​ម៉ោង​៧:៣០​នាទី​ព្រឹក​​ដល់​ម៉ោង​​៩​ព្រឹក។ ការ​ប្រកួត​​ប្រព្រឹត្ត​ទៅ​តែ​​៤០​នាទី​ក្នុង​មួយ​តង់​ និង​មិន​មាន​ថែម​ម៉ោង​ឡើយ ហើយ​សម្រាក​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ។

 

លោក​ គីម​ ហ៊ាង​ បាន​ឲ្យ​ដឹង​ថា​ រហូត​ដល់​ពេល​នេះ​មាន​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​១៨​ហើយ​ ដូច្នេះ​ក្រុម​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ អាច​ចុះ​ឈ្មោះ​ចូល​ប្រកួត​បាន។ ក្រុម​ដែល​ចុះ​ឈ្មោះ​មុន​ ក៏​មិន​ប្រាកដ​ថា បាន​លេង​១០០​%​ដែរ​ ហើយ​ក្រុម​ដែល​ចុះ​ឈ្មោះ​ក្រោយ​ក៏​មិន​ប្រាកដ​ថា​ អស់​ឱកាស​ដែរ​ ពី​ព្រោះ​​លោក​នឹង​ពិនិត្យ​ និង​ស្រាវជ្រាវ​លើ​ក្រុម​នីមួយ​ៗ​​ឲ្យ​បាន​ច្បាស់។

 

សម្រាប់​ក្រុម​ដែល​ចង់​ដឹង​ព័ត៌មាន​ពិស្តារ​បន្ថែម​ និង​មាន​បំណង​ចូល​រួម​ការ​ប្រកួត​ សូម​ទាក់​ទង​លោក​ ឯក សុវណ្ណដា ​តាម​រយៈ​ពេល​ទូរសព្ទ៖ 012606058 ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​