ទួរប៊ីន​ថ្មី​បង្កើន​ផលិតកម្ម​អគ្គីសនី​នៅ​កូតឌីវ័រ

ទួរប៊ីន​ថ្មី​បង្កើន​ផលិតកម្ម​អគ្គីសនី​នៅ​កូតឌីវ័រ

ទិដ្ឋភាពក្រុម​ហ៊ុន​ផលិត​អគ្គិសនី​ប្រទេស​កូតឌីវ័រ (CIPREL) ក្នុង​ពេល​បើក​សម្ភោធនៅ​ទីក្រុង​អាប៊ីហ្សង់កាលពីថ្ងៃទី​១៧ កុម្ភៈ ២០១៦។ក្រុម​ហ៊ុន​ផលិត​អគ្គិសនី​​ឯកជន​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​កូតឌីវ័រ​ បាន​បញ្ចប់​គម្រោង​មួយ​នៅ​ថ្ងៃពុធ​នេះ។ គម្រោង​នេះ​នឹ​ងបង្កើន​ផលិតកម្ម​ប្រទេស​នៅ​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ​ ដោយ​ពង្រឹង​សារៈសំខាន់​របស់​ប្រទេស​កូតឌីវ័រ​ក្នុង​នាម​ជា​អ្នក​នាំ​ចេញ​អគ្គិសនី​​ធំ​មួយ​ ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​ផ្សេង​ទៀត​ក្នុង​តំបន់​។ អាប៊ីហ្សង់—

​ទួរប៊ីន​ម៉ាស៊ីន​កម្តៅ​និងចំហាយ​ទឹករបស់​ក្រុមហ៊ុន​ផលិត​អគ្គិសនី​នៅ​ប្រទេស​កូតឌីវ័រ​ឈ្មោះ​ Ciprel​ ដែល​ស្ថិត​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​គម្រោង​មួយ​ ដែល​មាន​តម្លៃ​ ៣៨២ លាន​ដុល្លារ​ នៅ​ក្នុង​រដ្ឋធានីពាណិជ្ជកម្ម​ Abidjan ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បង្កើន​សមត្ថភាព​ផលិត​សរុប​របស់​ក្រុមហ៊ុន​។ វា​មាន​ប្រហែលជា​ ៧០ភាគ​រយ​នៃ​កម្លាំង​អគ្គីសនី​ចំនួន​៥៥៦មេហ្គាវ៉ាត់​ ដែល​មាន​ច្រើន​ជាង​១ភាគ​៤ នៃ​ផលិតកម្ម​ក្នុង​ស្រុក​សរុប ហើយ​នឹង​ធ្វើ​ឲ្យក្រុមហ៊ុន​ Ciprel ក្លាយ​ជា​ក្រុម​ហ៊ុន​អគ្គិសនីឯករាជ្យ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​នេះ។​

នៅ​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ លោក​ Alassane Ouattara ប្រធានាធិបតី​ប្រទេស​កូតឌីវ័រ​ បាន​សម្តែង​ការពេញ​ចិត្ត​របស់​លោក​ដោយ​មាន​ប្រសាសន៍​ថា​ ប្រទេស​នេះ​បាន​ដើរជិត​ដល់​គោល​ដៅ​របស់​ខ្លួន​ ក្នុង​ការឈាន​ដល់​សមត្ថភាព​ផលិតអគ្គិសនី ២.០០០មេហ្គាវ៉ាត់​ឲ្យ​បាន​ត្រឹម​ឆ្នាំ២០១៦។

លោក​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់ ​ក្នុង​ការ​និយាយ​ប្រាប់​ប្រជាជន​កូតឌីវ័រ​ថា​ យើង​មិន​ត្រឹម​តែ​មាន​អគ្គិសនីប្រើ​ប្រាស់​ច្រើន​ជាង​មុន​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មាន​អគ្គិសនីដែល​មាន​គុណភាព​ល្អ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​របស់​ប្រជាជន​យើង​ប្រចាំថ្ងៃ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ និង​ជួយ​ដល់​ប្រទេស​ជិត​ខាង​យើង​ផងដែរ​»។​

​កូតឌីវ័រគឺ​ជា​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនីនាំ​មុខ​គេ​មួយ​ ក្នុង​ចំណោម​ប្រទេស​ដ៏ទៃ​ទៀត​នៅ​បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក ដោយ​ផ្គត់ផ្គង់អគ្គិសនីដល់​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ហ្គាណា (Ghana) ប្រទេសម៉ាលី (Mali)​ ប្រទេសប៊ូរគីណាហ្វាសូ (Burkina Faso) ប្រទេស​តូហ្គោ (Togo) និង​ប្រទេស​បេណាំង (Benin)។

លោក​ Adama Toungara រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​កូតឌីវ័រ​និយាយ​ថា ​ប្រទេស​នេះ​បាន​វិនិយោគ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​បង្កើន​ផលិតផល​អគ្គិសនីរបស់​ខ្លួន​ ដើម្បី​តាម​ឲ្យ​ទាន់​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង។​

លោក​ Toungara ​បាន​និយាយ​ថា​ តម្រូវការ​អគ្គិសនី​ដែល​កំពុង​កើនឡើង​នេះ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​១០ភាគរយ​ជារៀង​រាល់​ឆ្នាំ ហើយ​មាន​ទំនាក់​ទំនង​ជាមួយ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ ដែល​នាំ​កូតឌីវ័រ​ទៅ​រក​ការ​ចាប់​ផ្តើម​គម្រោង​សាង​សង់​មួយ​ចំនួន​ផ្សេង​ទៀត ទាក់ទង​នឹង​ហេដ្ឋារចនា​សម្ពន្ធ័​អគ្គិសនីជា​ច្រើន។​

លោក​ Toungara ក៏​បាន​បន្តថា​ប្រទេស​កូតឌីវ័រ​គ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​អគ្គិសនី​របស់​ខ្លួន​ច្រើន​ជាង​មុន​បី​ដង​នៅ​ត្រឹម​ឆ្នាំ​២០៣០ ក្នុង​ការវិនិយោគ​ដែល​ត្រូវ​បាន​ព្យាករណ៍​ថា មាន​តម្លៃ​២២ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​ទទួល​ថវិកា​ពី​វិស័យ​ឯកជន។​

ធនាគារ​ពិភព​លោក​និយាយ​ថា​ កង្វះ​ខាត​ថាម​ពល​បាន​កាត់​បន្ថយជា​ង​ពីរ​ភាគរយ​នៃ​កំណើន​ប្រចាំ​ឆ្នាំ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)ជា​មធ្យម​ក្នុង​ទ្វីបអាហ្រ្វិក​។ នៅប្រទេស​នីហ្សេរីយ៉ា​ការ​បាត់​បង់​នេះ​មាន​ស្ទើរតែ​ជិត​៤ភាគរយក្នុង​មួយ​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ