តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង ត្រូវ​គេ​គំរាម​បញ្ចេញ​រឿង​​អាស្រូវ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ត្រូវ​គេ​គំរាម​បញ្ចេញ​រឿង​​អាស្រូវ​ដូច​លោក កឹម សុខា ដែរ។

លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ​របស់​លោក ដោយ​បង្ហាញ​នូវ​លិខិត​គំរាម​នោះ​ថា កាល​ពី​ព្រលប់​ថ្ងៃ​ទី​៧ ខែ​មីនា លោក​មាន​កិត្តិយស​ដោយ​បាន​ទទួល​លិខិត​ព្រមាន​មួយ​ច្បាប់​ដែល​គេ​យក​មក​ដល់​គេហដ្ឋាន​របស់​លោក។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក អេង ឆៃអ៊ាង ផ្ទាល់ ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ទេ។

សារ​គំរាម​ដែល​លោក អេង ឆៃអ៊ាង បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នោះ មាន​ដាក់​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ ពណ៌​ធម្មជាតិ និង​មាន​ខ្លឹមសារ ៥​ចំណុច​ជូន​លោក​ អេង ឆៃអ៊ាង។

ក្នុង​នោះ​រួម​មាន សូម​ឲ្យ​លោក​អាន និង​ស្ដាប់​រឿង​អា​ស្រូវ​របស់​លោក​ផ្ទាល់ សូម​កុំ​ព្រហើន និង​ត្រូវ​ឈប់​ព្រហើន​ត​ទៅ​ទៀត​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ជាមួយ​អ្នក​កាសែត។ សូម​ឲ្យ​ដក​ខ្លួន​ចេញ​ឲ្យ​ផុត​ពី​លោក កឹម សុខា ដោយ​ត្រូវ​ឈប់​ជា​បន្ទាន់​ក្នុង​ការ​ចេញ​មក​និយាយ​ការពារ បិទបាំង​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម សុខា ហើយ​ចំណុច​ទី​៥ ក្នុង​សារ​គំរាម​នោះ​បាន​ព្រមាន​ទៀត​ថា បើ​លោក អេង ឆៃអ៊ាង មិន​ស្ដាប់ និង​មិន​ធ្វើ​តាម​ចំណុច​ទាំង​នេះ​ទេ រឿង​អាស្រូវ​របស់​លោក​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ពេញ​ស្រុក​ខ្មែរ និង​ពេញ​ពិភពលោក តាម​ហ្វេសប៊ុក និង​គេហទំព័រ (Webpage) របស់ "រឿងពិត CNRP” ដូចជា​រឿង​អាស្រូវ​របស់​លោក កឹម សុខា ដែរ។

គណនី​ហ្វេសប៊ុក និង​វ៉ឹបផេក "រឿង​ពិត CNRP” ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​នៅ​អំឡុង​ដើម​ខែ​មីនា នេះ ដែល​គេ​បង្កើត​សម្រាប់​ផ្សាយ​ជាពិសេស ផ្ដោត​លើ​រឿង​អាស្រូវ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ គណនី​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ជា​របស់​អ្នក​នរណា​ពិត​ប្រាកដ ហើយ​ក៏​មិន​ទាន់​ឃើញ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​គណនី​ហ្វេសប៊ុក និង​វ៉ឹបផេក នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។