កងកម្លាំង​នាំមុខ មួក​ខៀវ​កម្ពុជា ចេញដំណើរ​ទៅ​ប្រទេស​ម៉ាលី​

ភ្នំពេញ​: រសៀល​ថ្ងៃទី​៥ មីនា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ កងកម្លាំង​នាំមុខ​យោធា​មួក​ខៀវ​កម្ពុជា ទៅ​ចូលរួម​បេសកកម្ម ពហុ​ខ្នាត​រួមគ្នា នៃ​សហប្រជាជាតិ ដើម្បី​ស្ថេរភាព​ក្នុងប្រទេស​ម៉ាលី បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​សាធារណរដ្ឋ​ម៉ាលី តាម​ជើងហោះហើរ​លេខ   ET – ALG របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlaine ប្រភេទ​B-767 ចេញ​ចំណាយ​ដោយ​អង្គការសហប្រជាជាតិ​។​
​    ​
​សូមបញ្ជាក់ថាៈ នេះ​ជាការ​ចេញដំណើរ របស់​យោធា​មួក​ខៀវ​កម្ពុជា ដែលជា​កង​ទី​៣ នៃ​កងកម្លាំង​ត្រៀម​ចេញ បំពេញបេសកកម្ម​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ នៅ​សាធារណ​ដ្ឋ​ម៉ាលី ។​
​    ​
​កម្លាំង​នាំមុខ​ដែល​ចេញដំណើរ នាពេលនេះ មាន​ចំនួន​៨០​នាក់ ក្នុងនោះ​នារី​ចំនួន​៣​នាក់​ផងដែរ​។ បើតាម​ការបញ្ជាក់​ឱ្យដឹងពី នាយទាហានជាន់ខ្ពស់ PKO នៅឯ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ មុនពេល​ចេញដំណើរ កង​យោធា​មួក​ខៀវ ដែលជា​កម្លាំង​នាំមុខ នាពេលនេះ មាន​កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ ចំនួន​៧០​នាក់  កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ចំនួន​១០​នាក់​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កង​យោធា​មួក​ខៀវ សម្រាប់​បេសកកម្ម នៅ​សាធារណរដ្ឋ​ម៉ាលី ដែល​នឹង​ចេញដំណើរ នាពេល​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​ផ្តល់នូវ​អនុសាសន៍ ដោយ​សង្កត់ធ្ងន់​ផ្តាំផ្ញើ ដល់​កង​យោធា​មួក​ខៀវ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់ ក្រិ​ត្យ​វិន័យ​កងយោធពល​ខេមរភូមិន្ទ និង​អនុវត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ នូវ​រាល់​បទបញ្ជា​របស់ មេបញ្ជាការ​តាម​គ្រប់​គោលដៅ ដែល​ចុះ​ប្រតិបត្តិការ ។ ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន  ការសេព​គ្រឿង​ស្រវឹង​ទាំងឡាយ ត្រូវតែ​យកចិត្តទុកដាក់ ប្រតិបត្តិ​ឱ្យបាន ដើម្បី​រក្សា​សុខភាព សំដៅ​បំពេញ​ឱ្យបាន​ជោគជ័យ នាំមក​នូវ​កិត្យានុភាព និង​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​។​
​    ​
​គួរបញ្ជាក់​ផងដែរ​ថាៈ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​៩១៨ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ លេខ​៣១២ នឹងធ្វើ​មាតុភូមិ​និវត្ត មកដល់​កម្ពុជា​វិញ នា​រាត្រី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​កងកម្លាំង​ប្តូរ​វេន បាន​ទៅដល់​នាពេល​ថ្មីៗ​នេះ​៕V/S

កងកម្លាំង​នាំមុខ មួក​ខៀវ​កម្ពុជា ចេញដំណើរ​ទៅ​ប្រទេស​ម៉ាលី​

កងកម្លាំង​នាំមុខ មួក​ខៀវ​កម្ពុជា ចេញដំណើរ​ទៅ​ប្រទេស​ម៉ាលី​

កងកម្លាំង​នាំមុខ មួក​ខៀវ​កម្ពុជា ចេញដំណើរ​ទៅ​ប្រទេស​ម៉ាលី​

កងកម្លាំង​នាំមុខ មួក​ខៀវ​កម្ពុជា ចេញដំណើរ​ទៅ​ប្រទេស​ម៉ាលី​