មានការ​សង្ស័យថា លោក ឃឹម ប៊ុន​សុង និង​លោក ទា គឹម​សុទ្ធ ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

ក្នុង​ខេត្តសៀមរាប កំពុង​សង្ស័យថា លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទើប​បណ្ដោយ​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តសៀមរាប កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប​២​គ្រឿង​របស់លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប អាច​ដឹកជញ្ជូន​ឈើ​លើ​ទម្ងន់​ឆ្លងកាត់​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦​ទៅ​ខេត្តបន្ទាយមានជ័យ យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា អាជ្ញាធរខេត្ត​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ ទើប​បណ្ដោយ​ឲ្យ​កើតមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តសៀមរាប ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ករណី​លោក វណ្ណ សុ​ផា​ណ្ណា ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ត​ទ្រុង​លើស​ទម្ងន់​ឆ្លងកាត់​ខេត្តសៀមរាប អាចមាន​ការបើក​ដៃ​ពី​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ហើយក៏​អាចមាន​ការបែងចែក​ផលប្រយោជន៍​ទៅដល់​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត​ផងដែរ​។ ដោយហេតុថា ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស គឺ​នៅក្នុង​ខេត្តសៀមរាប មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​អាច​ដឹកឈើ​ប្រណីត​ចូលមក​ស្តុក​នៅក្នុង​ក្រុង​សៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

នៅក្នុង​ខេត្តសៀមរាប​នេះដែរ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​(ANGKOR ERA) ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ស្តុក​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ រាប់រយ​ម៉ែត្រគូប​នៅ​ផ្នែក​ខាងក្រោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​អាច​ដឹកជញ្ជូន​ឈើ​និង​ស្តុក​ឈើ​យ៉ាង​សុខ​ស្រួល​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈើ​ដែល​ដឹកឈើ​យកមក​ស្តុក​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា គឺជា​មន្ត្រី​យោធា​ឈ្មោះ ស៊ីណា ហើយ​ជា​កូនប្រសារ​របស់​សណ្ឋាគា​រ​តែម្តង​។ មន្ត្រី​អាជ្ញាធរ​តូចតាច​បាន​ឲ្យ​ដឹងថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទា គឹម​សុទ្ធ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈើ​ឈ្មោះ ស៊ីណា ទើ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​ឥតឈប់ឈរ​៕

b-angkor1 b-angkor3-500x306 a-car-v-500x281 a-ca-v1-500x375