រឿង​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ឃុបឃិត​គ្នា​លក់​បឹង​ប្រាំ​យ៉ា​ម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​

ករណី​លោក ស៊ីម គង់ អភិបាលរង​ស្រុក​ស្រី​សន្ធរ និង​លោក ឡេង ហម មេឃុំ​ប្រាំ​យ៉ា​ម ឃុបឃិត​គ្នា​លក់​ដី​បឹង​ប្រាំ​យ៉ា​ម យកលុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ រិះគន់​យ៉ា់ងខ្លាំង​ហើយ​អំពាវនាវ​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាំ​យ៉ា​ម បាន​ឲ្យ​ដឹងថា លោក ស៊ីម គង់ និង​លោក ឡេង ហម កាលពី​អំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ បាន​ឃុបឃិត​គ្នា​លក់​ដី​បឹង​ក្នុង​ឃុំ​ប្រាំ​យ៉ា​ម ទៅ​ឲ្យ​លោក​ផ្កាយ​២​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ហើយ​ចែក​លុយ​គ្នា​សង់​វីឡា​យ៉ាង​ក្រអឺតក្រទម​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​អំពាវនាវ​ឲ្យ​លោក លន់ លឹម​ថៃ ជា​អភិបាលខេត្ត​សើរើ​ករណី​លក់​ដី​បឹង​ប្រាំ​យ៉ា​ម ឡើងវិញ​ព្រោះ​ការលក់ដូរ​ដីធ្លី​របស់​រដ្ឋ​គឺជា​រឿង​ខុសច្បាប់​។ ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​រឿងអាស្រូវ​របស់លោក ស៊ីម គង់ និង​លោក ឡេង ហម ផងដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ការពិត​រឿង​មន្ត្រី​ទាំង​២​នាក់​នេះ​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​យកលុយ​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ីម គង់ និង​លោក ឡេង ហម ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​មួយចំនួន​នៃ​ឃុំ​ប្រាំ​យ៉ា​ម បាន​ឲ្យ​ដឹងថា លោក ឡេង ហម មេឃុំ​ប្រាំ​យ៉ា​ម មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ម្តងណា​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ទម្លាយ​រឿង​លោក ស៊ីម គង់ និង​លោក ឡេង ហម ឃុបឃិត​គ្នា​លក់​ដី​បឹង​ប្រាំ​យ៉ា​ម​ឲ្យ​ទៅ​អ្នកមានអំណាច ដើម្បី​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​លោក ស៊ីម គង់ និង​លោក ឡេង ហម ព្រោះ​ការឃុបឃិត​គ្នា​លក់​ដី​បឹង​របស់​រដ្ឋ​យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត មិនអាច​ប្រកែក​បានឡើយ​៕

urlលោក លន់ លឹមថៃ អភិបាល​ខេត្តកំពង់ចាម