ចិន បង្ហាញការព្រួយ បារម្ភខ្លាំងចំពោះ ស្ថេរភាព នៅលើ ឧបទ្វីបកូរ៉េ

ប៉េកាំង៖ យោងតាមការ លើកឡើងរបស់អ្នក នាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា រដ្ឋាភិបាល របស់លោកមាន ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការថែរក្សា ស្ថេរភាព សន្ដិសុខ នៅលើឧបទ្វីបកូរ៉េ និងប្រឆាំងជាដាច់ខាត រាល់ចលនាទាំងឡាយណា ដែលបង្កឲ្យមាន បញ្ហានៅលើឧបទ្វីបនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីលោក ហុង លី អ្នកនាំពាក្យ បន្ដទៀតថា រដ្ឋាភិបាលចិន “ពិតជាមានការ ព្រួយបារម្ភ ខ្លាំងណាស់”  ជុំវិញការចាប់ផ្តើម ធ្វើសមយុទ្ធយោធា រួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលធ្វើឲ្យមាន ប្រតិកម្មពីកូរ៉េ ខាងជើងនោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធ ប្រចាំឆ្នាំ២០១៦ នេះ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ដោយបាននាំយកនូវ កងទ័ពអាមេរិក និងសម្ភារៈយោធាចូល ទៅកាន់ ឧបទ្វីបកូរ៉េ។ ក្រោយការធ្វើ សមយុទ្ធរួមគ្នានេះ កូរ៉េខាងជើង បានចេញការព្រមានថា “នឹងធ្វើការប្រយុទ្ធ ស្លាប់រស់” ដើម្បីជាការឆ្លើយតប ទៅនឹងកូរ៉េខាងត្បូង និងអាមេរិក ពីការធ្វើ សមយុទ្ធ យោធារួមគ្នាទ្រង់ទ្រាយធំ។

អ្នកនាំរូបនេះ បានបន្ដទៀតថា នៅឧបទ្វីបកូរ៉េ និងប្រទេសចិន ត្រូវបានតភ្ជាប់ ដោយចង្កោមភ្នំ និងទន្លេ ហេតុនេះ ទើបធ្វើឲ្យរដ្ឋាភិបាលចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការរក្សា ស្ថិរភាព នៅលើឧបទ្វីបកូរ៉េ៕

ចិន បង្ហាញការព្រួយ បារម្ភខ្លាំងចំពោះ ស្ថេរភាព នៅលើ ឧបទ្វីបកូរ៉េ