ក្រុម U-១៩ កម្ពុជា ចាប់ផ្ដើម ប្រមូលផ្ដុំ ត្រៀមប្រកួតពាន GMG-២០១៦ នៅថៃ

ភ្នំពេញ៖ គ្រូបង្វឹកជនជាតិ ជប៉ុន លោក អូហារ៉ា កាហ្សូណូរី បានធ្វើការ ប្រមូលផ្ដុំកីឡាករ ក្រុមជម្រើសជាតិ អាយុក្រោម ១៩ឆ្នាំ(U-១៩)កម្ពុជា ដើម្បី ធ្វើការហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំ ជាមួយក្រុមផ្សេងៗ ដើម្បីត្រៀមចូលរួម ប្រកួតពានរង្វាន់ Goodwill Mekong Games-២០១៦ នៅប្រទេសថៃ ដែលគ្រោងនឹង ចាប់ផ្ដើមប្រកួតពីថ្ងៃទី២០-២៦ ខែមីនាខាងមុខនេះ ។

ទន្ទឹមជាមួយនឹងការ ធ្វើការប្រមូលផ្ដុំកីឡាករ U-១៩ កម្ពុជា ចំនួន ១៨នាក់នេះ លោក អូហារ៉ា កាហ្សូណូរី បានរៀបចំការ ប្រកួតមិត្តភាពមួយ ជាមួយ ក្រុមព្រះខ័នរាជ ស្វាយរៀង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ម្សិលមិញ ដែលបញ្ចប់ដោយ លទ្ធផលការប្រកួត ស្មើគ្នា ០-០ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ។

លោក អូហារ៉ា កាហ្សូណូរី បានលើកឡើងថា កូនក្រុមលោក បានបង្ហាញពីឆន្ទៈ ប្រកួតប្រជែងយ៉ាង ចិត្តទុកដាក់ ប៉ុន្ដែបញ្ហា ប្រឈម គឺពួកគេទើប ប្រមូលផ្ដុំ ដែលចាំបាច់ត្រូវ មានការស្រោចស្រង់ បច្ចេកទេស និងស្ដារកម្លាំង ជាថ្មីសិន ទើបកីឡាករម្នាក់ៗ អាចមានសង្ឃឹម ក្នុងដំណើរឆ្ពោះ ទៅ ប្រកួតនៅ ប្រទេសថៃ បាន។

ទោះជាយ៉ាងណាលោក អូហារ៉ា កាហ្សូណូរី បានចាត់ទុកការ ចូលរួមប្រកួតពាន Goodwill Mekong Games ឆ្នាំនេះ គឺជារឿងដ៏ សំខាន់មួយ ដើម្បី ជំរុញ កូនក្រុមឲ្យត្រៀម លក្ខណៈចូលរួម ប្រកួតពានរង្វាន់ AFF U-១៩ Championship នៅប្រទេសវៀតណាម ដែលគ្រោងនឹង ធ្វើការប្រកួត នាពេល ខាងមុខ ។

គួរបញ្ជាក់ថា ពានរង្វាន់ Goodwill Mekong Games-២០១៦ នេះ នឹងចាប់ផ្ដើម ការប្រកួតពី ថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ នៅ លើទឹកដី ប្រទេសថៃ ដោយមានប្រទេស ជាប់ដងទន្លេមេគង្គ ៦ក្រុមចូលរួម ក្នុងនោះមានក្រុម ជម្រើសជាតិ អាយុក្រោម ១៩ឆ្នាំថៃ, ចិន, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម និងកម្ពុជា ៕

ក្រុម U-១៩ កម្ពុជា ចាប់ផ្ដើម ប្រមូលផ្ដុំ ត្រៀមប្រកួតពាន GMG-២០១៦ នៅថៃ