រុសរាន់ចុះឈ្មោះ! ពាន Khmer Real Estate Cup រដូវកាលថ្មី ខ្វះតែ ២ក្រុមទៀតប៉ុណ្ណោះ

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ មិនអាជីព Khmer Real Estate Cup លើកទី៥ មកទល់នឹងពេលនេះ បានទទួលក្រុម ចុះឈ្មោះចូលរួម ប្រកួតចំនួន ១៨ក្រុមហើយ ប៉ុន្ដែគណៈកម្មការរៀបចំ តម្រូវឲ្យមាន ២០ក្រុម ដើម្បីប្រកួតប្រជែង ដណ្ដើមតំណែង ជើងឯក នារដូវកាលថ្មីនេះ ដោយការប្រកួត គ្រោងនឹងចាប់ផ្ដើម នៅថ្ងៃទី១៩ ខែមីនា ហើយគ្រោងនឹង បញ្ចប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែលជាអ្នកផ្ដួចផ្ដើម គំនិតបង្កើតពាននេះ បានថ្លែងប្រាប់ គេហទំព័រ LookingTODAY ថា ពេលនេះខ្វះតែ ២ក្រុមទៀតប៉ុណ្ណោះ គឺគ្រប់ចំនួន ២០ក្រុម ដើម្បី រៀបចំការប្រកួត ដែលនឹងចែកចេញជា ២ពូល ក្នុងនោះពូលA មាន ១០ក្រុម ហើយពូលB មាន ១០ក្រុមដូចគ្នា ។ ប៉ុន្ដែការប្រកួតនឹង ធ្វើឡើងនៅលើទីលាន ២ផ្សេងគ្នា ដោយពូលA ត្រូវប្រកួតលើ ទីលានដំរីស រីឯពូលB ត្រូវប្រកួត លើទីលានមេគង្គ ។

អាស្រ័យហេតុនេះ លោក គីម ហ៊ាង បានអំពាវនាវដល់ ក្រុមបាល់ទាត់មិនអាជីព រុសរាន់មកចុះឈ្មោះ ឲ្យបានទាន់ពេល ដើម្បីចូលរួម ប្រកួតពាន រង្វាន់  Khmer Real Estate Cup លើកទី៥ ដែលជាពានបំផុស ចលនាយុវជនឲ្យ ស្រលាញ់កីឡា ចូលរួមលេងកីឡា និងលើកកម្ពស់ វិស័យកីឡា បាល់ទាត់ ជាតិមួយនេះ តាមរយៈលេខទូរស័ព្ទ៖ ០១២ ៦០ ៦០ ៥៨ ។

ចំពោះលក្ខខណ្ឌ ចូលរួមប្រកួតឆ្នាំនេះ គឺគណៈកម្មការ បានសម្រេច បើកទូលាយជាងឆ្នាំមុនៗ ដោយអនុញ្ញាត ឲ្យក្រុមនីមួយៗ ជ្រើសរើស កីឡាករ អាជីពចូលរួមដោយសេរី លើកលែងកីឡាករ កំពុងលេងក្នុងក្របខណ្ឌ លីកកំពូលកម្ពុជា(C-League) ឆ្នាំ២០១៦នេះ ដែលអនុញ្ញាត ឲ្យក្នុងមួយ ក្រុមមានកីឡាករ អាជីព ២នាក់ប៉ុណ្ណោះ ។ រីឯការចុះឈ្មោះ ក្រុមនីមួយៗត្រូបង់ប្រាក់ ១០០ដុល្លារ ប៉ុន្ដែថវិការទទួល បានពីការចុះ ឈ្មោះប្រមាណ ២ពាន់ដុល្លារននោះ លោក គីម ហ៊ាង នឹងបរិច្ចាគដល់ មន្ទីរពេទ្រគន្ធបុប្ឋា ដោយលោកនឹងបន្ថែម ៥០០ដុល្លារ ឲ្យគ្រប់ ១០លាន រៀលទៀតផង ។

លោក គីម ហ៊ាង បានបន្ដឲ្យដឹងថា សម្រាប់រូបមន្ដប្រកួត រដូវកាលថ្មីនេះ គឺរក្សានៅដដែល ពោលគឺធ្វើការ ប្រកួតវិលជុំសន្សំ ពិន្ទុក្នុងពូលនីមួយៗ បន្ទាប់មកទើបកំណត់យក ៤ក្រុមមានពិន្ទុច្រើន ជាងគេក្នុងមួយពូល ឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង ។ ចំពោះ ប្រាក់រង្វាន់ ជ័យលាភីឆ្នាំនេះ លេខ១ ទទួលបានសរុប ១.៥០០ដុល្លារ, លេខ២ ទទួលបាន ៧៥០ដុល្លារ, លេខ៣ ទទួលបាន ៤៥០ដុល្លារ និងលេខ៤ ទទួលបានរង្វាន់ លើកទឹកចិត្តសរុប ៣០០ដុល្លារផងដែរ ៕

រុសរាន់ចុះឈ្មោះ! ពាន Khmer Real Estate Cup រដូវកាលថ្មី ខ្វះតែ ២ក្រុមទៀតប៉ុណ្ណោះ

រុសរាន់ចុះឈ្មោះ! ពាន Khmer Real Estate Cup រដូវកាលថ្មី ខ្វះតែ ២ក្រុមទៀតប៉ុណ្ណោះ