CNRP គាំទ្រ ឲ្យដាក់បេក្ខភាព ស្រ្តីក្នុងគណបក្ស នយោបាយ

ភ្នំពេញ៖ លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៦នេះ បានថ្លែងគាំទ្រឲ្យគណបក្ស នយោបាយដាក់បេក្ខភាព ជាស្រ្តីក្នុងលំដាប់លេខរៀង ដែលអាចជាប់ការបោះឆ្នោត។

ការថ្លែងគាំទ្រ របស់មន្រ្តីនាំពាក្យ CNRPរូបនេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជានៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បានស្នើគណបក្សនយោបាយ ឲ្យដាក់បេក្ខភាពជាស្រ្តី ទៅក្នុងលំដាប់លេខរៀង ដែលអាចជាប់ក្នុងការ បោះឆ្នោតជាពិសេស ការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តក្នុងពេលខាងមុខ។

លោក យ៉ែម បុញ្ញាឫទ្ធិ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកនេះថា "យើងគាំទ្រប្រសាសន៍របស់ លោកប្រមុខរាជរដ្ឋាភិបាល ពីព្រោះដល់ដំណាក់កាល មួយដែលយើងយល់ឃើញថា ស្រ្តីបានចូលរួមកាន់តែច្រើនក្នុងជីវភាព នយោបាយ សង្គម និងសេដ្ឋកិច្ច ដូច្នេះការរីកចម្រើន ការជឿនលឿន របស់ប្រជាជាតិយើងទៅមុខនោះ ស្រ្តីមានការចូលរួម ដូច្នេះយើងត្រូវគិតគូរផ្ដល់ឱកាសឲ្យស្រ្តី ដែលលោកស្ម័គ្រចិត្តចូលរួម ក្នុងការដឹកនាំ គណបក្សនយោបាយ ក៏ដូចជាបេក្ខជនដែលោកស្ម័គ្រចិត្ត"។

លោកបានបន្តថា គណបក្សសង្រ្គោះជាតិ មានបេក្ខភាពជាស្រ្តីចូលរួម ក្នុងឆាកនយោបាយ នៅមានកម្រិតនៅឡើយ តែទោះបីជាយ៉ាងណាគណបក្ស នឹងខិតខំបង្កើននិង លើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងឆាកនយោបាយ ឲ្យបានច្រើននៅពេលខាងមុខ តាមដែលអាចធ្វើបាន៕

CNRP គាំទ្រ ឲ្យដាក់បេក្ខភាព ស្រ្តីក្នុងគណបក្ស នយោបាយ