អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ ខណៈ​យុទ្ធនាការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់​ទំនិញ​អាជីវករ​ខ្មែរ ដែល​ដាក់​លក់​នៅ​ផ្សារ​រុង​ក្លឿ ដោយ​ចោទ​ថា​ជា​ទំនិញ​រំលោភ​កម្មសិទ្ធិ​បញ្ញា តែង​កើត​មាន​ជា​ញឹកញាប់​នា​ដំណាក់​ចុង​ក្រោយ​នេះ និង​ធ្វើ​ឲ្យ​អាជីវករ​ខ្មែរ​មានការ​ព្រួយបារម្ភ​ពីមុខ​របរ​របស់​ខ្លួន​នោះ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​គ្រោង​នឹង​កសាង​ផ្សារ​ទំនើប​មួយ​ជាប់​ជាយ​ដែន សម្រាប់​អាជីវករ​ខ្មែរ​លក់ដូរ ដើម្បី​ឲ្យ​ថៃ​ចូល​មក​ទិញ​ទំនិញ​ក្នុង​ទឹកដី​កម្ពុជា​វិញ ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​០៦ មីនា តាម​ទូរស័ព្ទ​ថា ក្រោយ​ពេល​មន្ត្រី​មាន​សមត្ថកិច្ច​ថៃ​រឹត​បន្តឹង និង​បន្ត​ចាប់​ទំនិញ​អាជីវករ​ខ្មែរ​ដែល​លក់​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រកស៊ី និង​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ។ កន្លង​មក អាជ្ញាធរ​ខេត្ត​បាន​រក​កន្លែង​លក់ដូរ​ជូន​អាជីវករ​ខ្មែរ​នៅ​ផ្សា​រ៉ា​ថ្មី និង​ផ្សា​អ​គ្គៈ​ប៉ោយ​ប៉ែ​ត តែ​បងប្អូន​អាជីវករ​មិន​ពេញចិត្ត​នឹង​ការ​លក់ដូរ​នោះ ។

លោក​អភិបាលខេត្ត​បន្ត​ថា ពេល​នេះ​យើង​កំពុងនិយាយ​ជាមួយ​ម្ចាស់​ដី និង​អ្នក​វិនិយោគ ដើម្បី​សិក្សា​គម្រោង​កសាង​ផ្សារ​ទំនើប​មួយ​កន្លែង​ក្បែរ​ព្រំដែន​ក្នុង​បរិវេណ​កាស៊ីណូ​មួយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​មក​លក់ដូរ​ក្នុង​ទឹកដី​កម្ពុជា​វិញ ។ អាជ្ញាធរ​ខេត្ត​កសាង​ផ្សារ​ជាប់​ជាយ​ដែន គឺ​សម្រាប់​ឲ្យ​អា​ជីករ​ខ្មែរ​ពី​ផ្សារ​រុង​ក្លឿ​លក់ដូរ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ចូល​ទិញ​ទំនិញ​ក្នុង​ទឹកដី​កម្ពុជា​វិញ ។ ជាមួយ​នេះ​ភាគី​កម្ពុជា​សុំ​ឲ្យ​ភាគី​ថៃ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ថៃ​ចេញចូល​បាន ដោយ​ទិញ​សំបុត្រ​ម្នាក់​តម្លៃ​១.០០០​រៀល និង​ប្រើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ចេញចូល ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា កន្លង​មក អាជ្ញាធរ​ថៃ​បាន​ចាប់​ទំនិញ​អាជីវករ​ខ្មែរ​ជា​ច្រើន​លើក និង​ចាប់ខ្លួន​អាជីវករ​ខ្មែរ​ផង​ដែរ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​អ្នក​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។

នៅ​ថ្ងៃ​ទី​០៥ ខែមីនា អា​ជីករ​ខ្មែរ​បាន​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ថៃ ពេល​មានការ​ចុះ​ចាប់​ទំនិញ​នៅ​ផ្សារ​ដំបូល​ខៀវ ស្ថិត​ក្នុង​បរិវេណ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។
អាជ្ញាធរ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ធ្វើ​អន្តរាគមន៍​ឲ្យ​អាជីវករ​ខ្មែរ​បន្ត​លក់ដូរ​ទំនិញ​ដែល​ចោទ​ថា​រំលោភ​កម្មសិទ្ធិបញ្ញា ដោយ​ទុក​ពេល​ឲ្យ​បន្ត​លក់​ចំនួន​២​ខែ​ទៀត បើ​លក់​មិន​អស់​ឲ្យ​ដឹក​ចេញពី​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ៕

អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ
អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ
អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ
អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ
អាជ្ញាធរ​ខេត្ត ​គ្រោង​សាងសង់​ផ្សារ​ទំនើប នៅ​ជាប់​ជាយ​ដែន​ថៃ ​សម្រាប់​អាជីវករ​ខ្មែរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត