សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ប្រធាន​ឥណទាន មីក្រូហិរញ្ញវត្ថុ “​ក្លែង​ឯកសារ​” ពីបទ​ស៊ីដាច់​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញ: ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦នេះ  បានសម្រេច​ឃុំខ្លួន ប្រធាន​ផ្នែក​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេឡិច​ធូ​វ​វិ​ន​” ដាក់ពន្ធនាគារ ដើម្បី​ស៊ើបអង្កេត ករណី​ក្លែងបន្លំ ឯកសារ​ស៊ី ដាច់​ប្រាក់ក្រុមហ៊ុន​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

 ជនជាប់ចោទ ប៊ុត ចាន់​វីរៈ ប្រធាន​ផ្នែក​ឥណទាន នៃ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ​ឡិច​ធូវ​វិ​ន ត្រូវបាន​ចៅក្រម ស៊ើបសួរ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពី ត្រូវបាន ព្រះរាជអាជ្ញា ចោទប្រកាន់​ពីបទ​ឆបោក និងបទ ក្លែងបន្លំ​ឯកសារ សាធារណៈ​ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេងទៀត តាមមាត្រា ៣៧៧ មាត្រា​៣៧៨ មាត្រា​៣៩១ និង មាត្រា ៣៩៣​នៃ​ក្រម​​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ ប៊ុត ចាន់​វីរៈ ត្រូវបាន​កម្លាំង​កង រាជ​អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន​តាម​ពាក្យ បណ្ដឹង​របស់ តំណាង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេឡិច​ធូ​វ​វិ​ន ដោយ​ចោទប្រកាន់ ពីបទ​ឆបោក និង​ក្លែងបន្លំ ឯកសារ សាធារណៈ ដើម្បីកិបកេង​ប្រាក់ ក្រុមហ៊ុន ជា​បន្តបន្ទាប់​អស់ ប្រមាណ​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​តាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា លោក ប៊ុត ចាន់​វីរៈ បានធ្វើសកម្មភាព កិបកេង​ប្រាក់ ក្រុមហ៊ុន ជា​បន្តបន្ទាប់ ក្នុងអំឡុង​ឆ្នាំ​២០១៥ ហើយប្រធាន ផ្នែក​ឥណទាន​រូបនេះ បាន​កិបកេង ប្រាក់​ក្រុមហ៊ុន តាម​រូបភាព បង្កើតឈ្មោះ​អតិថិជន ក្លែងក្លាយ រួច​យក​សំណុំ​ឯកសារ ទៅ​ខ្ចីប្រាក់​ពី​ក្រុមហ៊ុនសកម្មភាព​បែបនេះ បានធ្វើ​ឡើងជា​ច្រើនលើក ច្រើនសារ និង ជាច្រើន​សំណុំឯកសារ ដែល​គិត​មកដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ ឈ្មោះ ប៊ុត ចាន់​វីរៈ បានកិបកេង​ប្រាក់ ក្រុមហ៊ុន​អស់​ប្រមាណ​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក ។​

 ក្រោយពី​ឃើញ ស្ថានភាព​ហាក់ដូចជា មិន​ប្រក្រតី ប្រធាន​ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ឡិច​ធូ​វ​វិ​ន មាន ការសង្ស័យ ក៏បាន​ធ្វើ​សវនកម្ម ក្នុងក្រុមហ៊ុន​រួចមក ទើប​រកឃើញថា ឈ្មោះ ប៊ុត ចាន់​វីរៈ បាន​កិបកេង​ប្រាក់ ក្រុមហ៊ុនអស់​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ដាក់ពាក្យ បណ្ដឹង​ឈានដល់ការចាប់ខ្លួន​តែម្ដង​៕​

សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ប្រធាន​ឥណទាន មីក្រូហិរញ្ញវត្ថុ “​ក្លែង​ឯកសារ​” ពីបទ​ស៊ីដាច់​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ​