សម្តេច​ក្រឡាហោម ត្រៀម​ដក​អភិបាលខេត្ត​មួយចំនួន​ដែល​ចូលនិវត្តន៍ ហើយ​តំណែង​អភិបាលខេត្ត​ថ្មី ត្រូវបាន​ជ្រើសរើស​រួច​ហើយ​

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ បានសម្រេច​ជ្រើសរើស​មន្ត្រី​ថ្មី​រួចហើយ សម្រាប់​ត្រៀម​ចូលកាន់​តំណែង​ធ្វើជា​អភិបាលខេត្ត នៅ​បណ្តា​ខេត្ត​មួយចំនួន ខណៈ​បណ្តា​អភិបាលខេត្ត​ទាំងនោះ ដល់​អាយុ​ជិត​ចូលនិវត្តន៍​។

​នៅក្នុង​ឱកាស​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តី​ក្រសួង នា​រសៀល​ថ្ងៃទី​៧ ខែមីនា​នោះ សម្តេច​ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការកំណត់​ជ្រើស​រើសយក​មន្ត្រី​ថ្មី ត្រៀម​ចូលកាន់​តំណែង​ធ្វើជា​អភិបាលខេត្ត នៅតាម​បណ្តា​ខេត្ត​មួយចំនួន គឺធ្វើឡើង​ដើម្បី​លុបបំបាត់​ការអន្តរាគមន៍​របស់​មន្ត្រី​មួយចំនួន ដែល​ចូលចិត្ត​ធ្វើ​ការងារ​អន្តរាគមន៍​នោះ​។ សម្រាប់​អភិបាលខេត្ត ដែលមាន​អាយុ​ជិត​ចូលនិវត្តន៍ ហើយ​ត្រូវ​ត្រៀម​ធ្វើការ​ផ្លាស់ប្តូរ​នោះ គឺមាន​ដូចជា ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ ជាដើម ។

​ទន្ទឹមនឹង​ជ្រើសរើស​អភិបាលខេត្ត​ថ្មី សម្រាប់​បន្តវេន​គ្រប់គ្រង​ខេត្ត​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជា​ឲ្យ​គណៈកម្មការ​យេនឌ័រ​ដើម្បី​ស្ត្រី ជួយផ្តល់​កិច្ចសហការ ជ្រើសរើស​មន្ត្រី​ជា​ស្ត្រី ត្រៀម​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្ត​ផងដែរ ហើយ​បើ​ជ្រើសរើស​មិនបាន​នោះទេ ត្រូវ​ទុក​កន្លែង​នោះ​ឲ្យ​នៅ​ទំនេរ​ដដែល និង​រង់ចាំ​ការជ្រើសរើស​ស្ត្រី​ថ្មី ចូលទៅ​កាន់តំណែង​បំពេញការងារ​ភារកិច្ច​នោះ​។

​សម្តេច​ក្រឡាហោម បាន​បង្ហើប​ដែរ​ថា ជាគោលការណ៍​របស់​រា​ជ​រដ្ឋាភិបាល ការជ្រើសរើស​មន្ត្រី​សម្រាប់​ចូលកាន់​តំណែង​អភិបាលខេត្ត​ថ្មី និង​អភិបាលខេត្តរង​ជានា​រី គឺ​ភាគច្រើន​ជ្រើសរើស​មន្ត្រី​ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​ខេត្ត​នោះ ហើយ​មិនអាច​ជ្រើសរើស​ពី​ក្រៅ​បានទេ ៕

សម្តេច​ក្រឡាហោម ត្រៀម​ដក​អភិបាលខេត្ត​មួយចំនួន​ដែល​ចូលនិវត្តន៍ ហើយ​តំណែង​អភិបាលខេត្ត​ថ្មី ត្រូវបាន​ជ្រើសរើស​រួច​ហើយ​