ប្រធាន​ឥណទាន​មីក្រូហិរញ្ញវត្ថុ​ Collective​ Win​ ម្នាក់​ ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន​ក្នុង​រឿង​ក្លែង​ឯកសារ​បន្លំ​ស៊ីដាច់​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​

​យោង​តាម​ពាក្យបណ្តឹង​កាលពីដើម​ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ របស់​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ឈ្មោះ​ ខឹ​លេ​ក​ធី​វ​ វី​ន​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​ "Collective​ Win​ (Cambodia)​ Plc."​  គឺ​បុរស​ម្នាក់​ឈ្មោះ​ ប៊ុត​ ចាន់​វី​រៈ​ អាយុ​៣១​ឆ្នាំ​ ជា​ប្រធាន​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ Collective​ Win​ (Cambodia)​ Plc.​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ ព្រោះតែ​ក្រុមហ៊ុន​បាន​ចោទប្រកាន់​ថា​ បាន​ឆបោក​ និង​ក្លែង​ឯកសារ​ផ្សេងៗ​ដើម្បី​បន្លំ​សុំ​ឥណទាន​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​អស់​ចំនួន​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ពិសេស​ដោយ​អភិបាល​ ឬ​បុគ្គល​ផ្សេង​ទៀត​ ។​

​ពាក្យបណ្តឹង​របស់​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ Collective​ Win​ (Cambodia)​ Plc.​ បាន​អះអាង​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ បុគ្គល​ឈ្មោះ​ ប៊ុត​ ចាន់​វី​រៈ​ និង​គូកន​ ក្នុង​នាម​ជា​ប្រធាន​ឥណទាន​ និង​ជា​អ្នកត្រួតពិនិត្យ​ឯកសារ​ស្នើ​សុំ​ឥណទាន​នានា​របស់​ក្រុមហ៊ុន​ បាន​រៀបចំ​ចាត់ចែង​ក្លែង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ប្រមូល​មនុស្ស​ជា​អតិថិជន​ច្រើន​នាក់​មក​ស្នើ​សុំ​ឥណទាន​ពី​ក្រុមហ៊ុន​ ក្រោម​រូបភាព​បន្លំ​បោកប្រាស់​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ទឹកប្រាក់​អស់​ចំនួន​២៩២.៣៦៩​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​កន្លង​មក​ ក្រុមហ៊ុន​មិន​បាន​ចាប់អារម្មណ៍​ទាល់តែ​សោះ​ ទើប​នៅ​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ ក៏​បាន​រក​ឃើញ​នូវ​ល្បិច​កល​ទុច្ចរិត​របស់​បុគ្គល​ខិលខូច​ និង​គូកន​តែ​ម្តង​ ៕​

ប្រធាន​ឥណទាន​មីក្រូហិរញ្ញវត្ថុ​ Collective​ Win​ ម្នាក់​ ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន​ក្នុង​រឿង​ក្លែង​ឯកសារ​បន្លំ​ស៊ីដាច់​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​

Related