រឿង​រថយន្ត​សង្គ្រោះ​ពេទ្យ​រុ​ស្ស៊ី​ដឹក​អ្នកជំងឺ​ក្រីក្រ​យក​ទៅ​ផ្លុ​ង​ចោល​លើ​ចិញ្ចើម​ផ្លូវ​ ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​

​មានរឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​ពន់ពេក​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៦​ល្ងាច​ នា​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ដោយ​អ្នកជំងឺ​ក្រីក្រ​សឹង​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដឹក​យក​ទៅ​ទម្លាក់​ផ្លុ​ង​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១B​ ឋិត​ក្នុងភូមិ​ព្រែក​ខ្សេវ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ យ៉ាង​អមនុស្សធម៌​បំផុត​ ។​

​ស្ត្រី​ឈ្មោះ​ ខេន​ ឡេវ​ អាយុ​៤៣​ឆ្នាំ​ ត្រូវជា​ភរិយា​របស់​បុរស​អ្នកជំងឺ​នោះ​បាន​ឲ្យ​ដឹង​ថា​ ប្តី​របស់​គាត់​ឈ្មោះ​ សន​ បោ​ អាយុ​៤៩​ឆ្នាំ​ ជា​គ្រួសារ​ឋិត​ក្នុង​ស្ថានភាព​ក្រីក្រ​គ្មាន​កូនចៅ​ រស់នៅ​ជាមួយ​បងប្អូន​ ឋិត​ក្នុងភូមិ​ព្រែក​ខ្សេវ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មាន​ជំងឺ​ក្រិន​ថ្លើម​ និង​ទាច​ទឹក​ ហើយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​មិន​បាន​ធូរស្រាល​ទេ​ និង​ដោយសារ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ​លើ​ការ​ថែទាំ​ព្យាបាល​ជំងឺ​ផង​ ទើប​រថយន្ត​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដឹក​ពួក​គាត់​យក​មក​ដាក់​នៅ​ទី​នេះ​តែ​ម្តង​ ។​

​ក្រោយមក​ រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​នេះ​បាន​លេចឮ​ទៅ​ដល់​អាជ្ញាធរ​ស្រុក​ស្អាង​ ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចាត់ចែង​ដឹក​យក​អ្នកជំងឺ​ដែល​សឹងតែ​ដាច់ខ្យល់​ស្លាប់​នោះ​ ទៅ​ទុកដាក់​ក្នុង​វត្ត​ត្រពាំង​ឈូក​ សម្តែង​ពី​កាយវិការ​មនុស្សធម៌​គួរ​ឲ្យ​គោរព​ និង​កោតសរសើរ​ ខណៈ​អំពើ​របស់​ក្រុម​រថយន្ត​សង្គ្រោះ​ និង​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដែល​ដឹក​អ្នកជំងឺ​យក​ទៅ​ផ្លុ​ង​ចោល​លើ​ចិញ្ចើម​ផ្លូវ​ដូច្នេះ​ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ថា​ ជា​អំពើ​អមនុស្សធម៌​មួយ​ក្នុង​នាម​ជា​ប្រទេស​គោរព​ព្រះពុទ្ធ​សាសនា​ ៕​

រឿង​រថយន្ត​សង្គ្រោះ​ពេទ្យ​រុ​ស្ស៊ី​ដឹក​អ្នកជំងឺ​ក្រីក្រ​យក​ទៅ​ផ្លុ​ង​ចោល​លើ​ចិញ្ចើម​ផ្លូវ​ ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​

Related