ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បន្ត​ផ្អាក​ព្រឹត្តិការណ៍​ប្រដាល់​ស៊ីម៉ង់ត៍​អូដ្ឋ​មួ​យស​ប្ដា​ហ៍​ទៀត បន្ទាប់​ពី​ស​ប្ដា​ហ៍​មុន​ក៏​បាន​ខកខាន​មិន​មានការ​ប្រកួត​ដោយ​មិន​បាន​ជូនដំណឹង​ផង​ដែរ ។ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​មួយ​នេះ នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ពេល​កីឡាករ​៨​រូប​ដែល​មាន​២​រូប​មក​ពី​ប្រទេស​ថៃ និង​រុ​ស្ស៊ី ត្រូវ​បាន​ចាត់ចែង​រួច ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ការ​ប្រដាល់​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​មិន​អាច​រៀបចំ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ មីនា នេះ​ដូចដែល​បាន​ឃើញ​​នៅ​រាល់​ស​ប្ដា​ហ៍​នោះ​ឡើយ ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស​កើតឡើង​មួយ​ចំនួន ។ លោក​ថា ហេតុផល​នៃ​ការ​ផ្អាក​នេះ គឺ​ដោយសារ​តែ​មន្ត្រី​ជា​អ្នក​រៀបចំ​សុទ្ធតែ​មាន​បញ្ហា​មមាញឹក ហើយ​ត្រូវការ​ទុក​ពេល​រៀបចំ​សម្រាល​សង្វៀន​ថ្មី ជ្រើសរើស​កីឡាករ​ថ្មី និង​រង់ចាំ​ឱ្យ​មានការ​ឯកភាព​ពី​ម្ចាស់​ស្ពុ​ន​ស័​រដែ​ល​ជា​អ្នក​ផ្ដល់​កញ្ចប់​ថវិកា​តែ​ម្ដង។ លោក​មាន​ប្រសាសន៍​៖«​នៅស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​ស៊ីម៉ង់ត៍​អូដ្ឋ​នៅ​តែ​ផ្អាក​ដោយសារ​ខាង​ស្ពុ​ន​ស័ន​គាត់​ចង់​រៀបចំ​ឱ្យ​ល្អ​សិន​ចាំ​ប្រកាស​ធ្វើ​តែ​ម្ដង​!» ។ លោក​ថា  ចំណុច​ដែល​ខាង​អ្នក​ផ្ដល់​លុយ​មាន​បំណង​ចង់ឱ្យ​រួចរាល់​នោះ គឺ​សមាសភាព​កីឡាករ​សម្រាប់​ឡើង​មក​ប្រកួត​ដណ្ដើម​ជើងឯក​វគ្គ​៣ ដោយ​ត្រូវ​រង់ចាំ​សមាសភាព​របស់​កីឡា​ករ​បរទេស​ដែល​មិន​ទាន់​រួចរាល់​សិន ។

ហេតុផល​នៃ​ភាពយឺត​យ៉ាវ​នោះ គឺ​បណ្ដាល​មក​ពី​សហព័ន្ធ​ថៃ​បាន​បញ្ជូន​កីឡាករ​បរទេស​សម្រាប់​ឱ្យ​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិ​ការណ៍​ដណ្ដើម​ពាន​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​៣ មិន​ដូច​អ្វី​ដែល​ប៉ុស្ដិ៍​លេខ​៥​ចង់បាន ។ លោក​មាន​ប្រសាសន៍​ថា​៖«​ការ​ពិត​រឿង​ហ្នឹង​វា​ស្ទះ​មក​ពី​កីឡាករ​ខាង​ថៃ យើង​ចង់បាន​អា​ល្អ​ប៉ុន្តែ​គាត់​បញ្ជូន​មក​ឱ្យ​យើង​អត់​ចង់បាន ដល់​អ​ញ្ចឹ​ង​យើង​ត្រូវ​រង់ចាំ​ឱ្យ​កីឡាករ​ដែល​យើង​ចង់បាន​គាត់​ចប់​ការ​ប្រកួត​នៅ​ស្រុក​ថៃ​សិន ដើម្បី​រៀបចំ​គាត់​ឲ្យ​មក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​ថ្មី​ហ្នឹង​តែ​ម្ដង​!» ។ លោក​ថា សមាសភាព​កីឡាករ​បរទេស​ដែល​លោក​សម្រេចចិត្ត​ឱ្យ​ប្ដូរ និង​សុខចិត្ត​បិទ​ចោលការ​ប្រកួត​ដើម្បី​រង់ចាំ​នេះ គឺជា​កីឡាករ​ដែល​មាន​ថ្វីដៃ​មក​ពី​សហព័ន្ធ​ថៃ ដែល​លោក​ធានា​ថា នឹង​អាច​ឈាន​ដល់​វគ្គ​ប្រកួត​៤​នាក់​ចុង​ក្រោយ មិន​ដូច​គ្នា​នឹង​ការ​ប្រកួត​ស៊ីម៉ង់ត៍​អូដ្ឋ​កាលពី​វគ្គ​២ ដែល​ភាគី​ខាង​កីឡាករ​ថៃ​សុទ្ធតែ​ត្រូវ​ធ្លាក់​អស់​ក្នុង​វគ្គ​ឆ្លង​ពូ​ល​នោះ ។

លោក​និយាយ​ថា​៖«​ការ​ពិត​កីឡាករ​បរទេស​ដែល​ខាង​ថៃ​បញ្ជូន​មក​ហ្នឹង បើ​តាមតែ​សមត្ថភាព​ក៏​យើង​យក​បាន​ដែរ ប៉ុន្តែ​មក​ពី​យើង​ខ្លាច​មក​ចាញ់​ៗ​ដូច​កាល​វគ្គ​ទី​២​ហ្នឹង ទើប​យើង​កំណត់​ឲ្យ​យក​អា​ថៃ​មួយ និង​អា​រុ​ស្ស៊ី​មួយ​ដែល​យើង​ដឹង​ថា​ល្អ​ហ្នឹង ឱ្យមក​ប្រកួត​វិញ ហើយ​កុំ​តែ​អ​ញ្ចឹ​ង​យើង​រៀបចំ​អ្នក​ប្រកួត​វគ្គ​ថ្មី​បាន​តាំងពី​ស​ប្ដា​ហ៍​មុន​ម្ល៉េះ​អត់​មាន​បញ្ហា​ដល់​ផ្អាក​អ​ញ្ចឹ​ង​ទេ​!» ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា កុងត្រា​រវាង​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ និង​ប៉ុស្ដិ៍​លេខ​៥ គឺ​មិន​អាច​ចេះ​តែ​បណ្ដែត​ការ​ប្រកួត​មិត្តភាព​នៅ​ពេល​សមាសភាព​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ថ្មី​មិន​អាច​រៀប​ចេញ​បាន​ទេ ទើប​សម្រេច​ឲ្យ​ផ្អាក​ហើយ​យក​ពេល​នោះ​ទៅ​រៀប​កីឡាករ​ឲ្យ​ចេញ​រូបរាង​ជា​ផ្លូវការ​តែ​ម្ដង​ដើម្បី​អាច​បើក​ការ​ប្រកួត ។ លោក​ថា តាម​គម្រោង​ដែល​បាន​ឯកភាព ព្រឹត្តិការណ៍​ស៊ីម៉ង់ត៍​អូដ្ឋ​របស់​ប៉ុស្ដិ៍​លេខ​៥ នឹង​អាច​ដំណើរការ​នៅ​ថ្ងៃ​សៅរ៍​ទី​១៩ មីនា ស​ប្ដា​ហ៍​ក្រោយ ដោយសារ​តែ​សមាសភាព​របស់​កីឡាករ​ថៃ រុ​ស្ស៊ី និង​កីឡាករ​កម្ពុជា​ចំនួន​៦​រូប​ដែល​បាន​សម្រាំង​មក​បាន​បញ្ចប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ផ្សេង ឬ​ព្រឹត្តិការណ៍​ផ្សេង​។ លោក​និយាយ​ថា​៖«​បើ​អត់​ប្រែប្រួល​គឺ​ស​ប្ដា​ហ៍​ក្រោយ​យើង​បើក​ប្រកួត​បាន​ហើយ ព្រោះ​រាល់ថ្ងៃ​យើង​ចាំតែ​កីឡាករ​ថៃ និង​រុ​ស្ស៊ី​តែ​ពីរ​នាក់​ហ្នឹង​ទេ​!» ។

លោក​បញ្ជាក់​ថា សមាសភាព​របស់​កីឡាករ​បរទេស​ទាំង​ពីរ នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត​ដោយសារ​តែ​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ត្រូវ​បាន​ក្រុមការងារ​របស់​លោក​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​មុន​នឹង​សម្រេច​ឲ្យ​ភាគី​ថៃ​ទម្លាក់​មក​ដើម្បី​ឱ្យ​មានមុខ​ចូល​ប្រកួត​យក​ពាន និង​ប្រាក់​លាន ។ លោក​នៅ​តែ​អះអាង​ថា ការ​ផ្អាក​ការ​ប្រដាល់​នឹង​មិន​មាន​បញ្ហា​ចំពោះ​ប្រជាប្រិយភាព​របស់​អ្នក​ទស្សនា​នោះ​ទេ សំខាន់​ឱ្យ​តែ​ការ​ត្រឡប់​មក​វិញ គឺ​ប៉ុស្ដិ៍​លេខ​៥​អាច​ស្វែង​រកបាន​សមាសភាព​កីឡាករ​ល្អ​ៗ​ឡើង​ប្រកួត​គ្នា ដែល​មិនមែន​យក​អ្នកលេង​ៗ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត ។ លោក​និយាយ​ថា​៖«​យើង​ផ្អាក​តែ​២​ស​ប្ដា​ហ៍​អ​ញ្ចឹ​ង​អត់​អី​ទេ ព្រោះ​នៅ​ថ្ងៃ​ទី​១៩ មីនា យើង​បើក​ឡើង​វិញ ហើយ​យើង​បង្ហាញ​កីឡាករ​ល្អ​ៗ​ទាំង​កម្ពុជា និង​បរទេស​ផង គឺ​ខ្ញុំ​ថា​មាន​តែ​គេ​ចាប់អារម្មណ៍​ទៅ​វិញ​ទេ​!» ។ លោក​ថា ការ​ផ្អាក​មួ​យស​ប្ដា​ហ៍​ឬ​២​ស​ប្ដា​ហ៍ គឺជា​ការ​ទុក​ដង្ហើម​ឱ្យ​អ្នក​ទស្សនា​រង់ចាំ​តាមដាន​ទៅ​វិញ​ទេ ខណៈ​ដែល​កាល​បញ្ចប់​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​វគ្គ​១ លោក​ក៏​ធ្លាប់​បិទ​ចោលការ​ប្រកួត​មួយ​រយៈ​ដូច​គ្នា​ផង​ដែរ​។ លុះដល់​កំណត់​ថ្ងៃ​បើក​ឆាក​ការ​ប្រកួត​វគ្គ​ថ្មី ក៏​មាន​អ្នក​ទស្សនា​កក​ក្ដាំង​ជាង​មុន ។ លោក​ទទូច​ឱ្យ​រង់ចាំ​មើល​សមាសភាព​អ្នកមាន​ឈ្មោះ​មក​ដណ្ដើម​ពាន​ជើងឯក និង​ប្រាក់​លាន​សម្រាប់​វគ្គ​៣ ដោយ​មុន​ការ​បើក​សម្ពោធ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៩ មីនា​នោះ ក៏​នឹង​មាន​វេទិកា​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ផង​ដែរ ៕