ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ មីនា ថា បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កបាន​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​លើ​ជំរំ​ហ្វឹកហ្វឺន​មួយ​កន្លែង​របស់​ពួក​ឧទ្ទាម SHEBAB ជា​សាខា​អាល់​កៃ​ដា​នៅ​សូ​ម៉ា​លី និង​ថា​យុទ្ធ​ជន​ក្រុម​ភេរវកម្ម​នេះ​ជាង​១៥០​នាក់​បាន​ត្រូវ​ស្លាប់ ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក JEFF DAVIS ដែល​ដកស្រង់​ព័ត៌មាន​ពី​លទ្ធផល​នៃ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​នេះ​គូសបញ្ជាក់​ថា ពួក​ឧទ្ទាម​ទទួល​ការ​ហ្វឹកហ្វឺន​ក្នុង​ជំរំ​នេះ ដើម្បី​ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​។ បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​​មេ​រិ​កបាន​វាយប្រហារ​លើ​ជំរំ​ហ្វឹកហ្វឺន​នោះ​កាលពី​ថ្ងៃ​ទី​៥ មីនា ។ ជំរំ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ខាងជើង​ក្នុង​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ រដ្ឋធានី​សូ​ម៉ា​លី ។

លោក DAVIS បន្ត​ថា យើង​ដឹង​ថា ពួក​គេ​ត្រៀម​ចាក​ចេញពី​ជំរំ​នោះ ហើយ​បង្កើត​ការ​គំរាមកំហែង​មួយ​សម្រាប់​កងកម្លាំង​អា​មេរិ​ក និង​កងកម្លាំង​សហភាព​អាហ្វ្រិក ។

ក្រុម SHEBAB ជា​ក្រុម​អ៊ិ​ស្លា​ម​និយម​ភេរវកម្ម​មួយ​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ជា​ច្រើន​នៅ​ភាគ​ខាងកើត​អាហ្វ្រិក​ពិសេស​នៅ​ប្រទេស​កេ​ន​យ៉ា ៕