ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ជន​អត្តឃាត​ម្នាក់​កាលពី​ថ្ងៃ​ទី​៧ មីនា បាន​វាយប្រហារ​លើ​តុលាការ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​១៧​នាក់ ។ ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​ដែល​អះអាង​ថា ពួក​គេ​ចង់​សងសឹក​ចំពោះ​ការ​ព្យួរ​.​ក​ជន​អ៊ិ​ស្លា​ម​និយម​ម្នាក់​កាលពី​ស​ប្តា​ហ៍​មុន​ពី​បទ​សម្លាប់​មនុស្ស ។

ការ​វាយប្រហារ​អត្តឃាត​នេះ​ប៉ះពាល់​ដល់​តុលាការក្រុង SHABQADAR ចំ​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន និង​ខណៈ​ពេល​បណ្តា​មេធាវី ព្រមទាំង​ចៅក្រម​កំពុង​មក​កាន់​ទីនោះ។

លោកតា​រិ​ក ហា​សាន់ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់ និង​៣១​នាក់​ទៀត​រង​របួស ។ អ្នក​របួស​៤ ឬ​៥​នាក់ ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​អាយុជីវិត​ពួក​គេ ។

យោង​តាម​ការ​រៀបរាប់​នានា​ថា ជន​អត្តឃាត​ម្នាក់​បាន​ចូល​មក​ក្នុង​ទីតាំង​តុលាការ ហើយ​ប៉ូលិស​យាម​ម្នាក់​ប៉ុនប៉ង​រាំងផ្លូវ​គេ ហើយ​គេ​ក៏​បំផ្ទុះ​គ្រាប់បែក ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​នារី​៦​នាក់ កុមារ​២​នាក់ និង​ប៉ូលិស​២​នាក់ ។

ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន JMAT-UL-AHRAR ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ។ ក្រុម​នោះ​និយាយ​ថា នេះ​ជា​ការ​សងសឹក​ក្រោយ​ការ​ព្យួរ​.​ក​លោក MUMTAZ QADRI អតីត​ប៉ូលិស​ម្នាក់​ចាត់ទុកជា​វីរបុរស​ក្នុង​ផ្ទៃ​ក្រុម​អភិរក្សនិយម​មួយ​ចំនួន បន្ទាប់​ពី​រូបគេ​សម្លាប់​អភិបាលក្រុង​ម្នាក់​កាលពី​ឆ្នាំ​២០១១ ។ QADRI ត្រូវ​គេ​ព្យួរ​.​ក​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩ កុម្ភៈ កន្លង​មកនេះ ។ ក្រោយ​ពី​ព្យួរ​.​ក​មនុស្ស​រហូត​ដល់​ទៅ​១០០.០០០​នាក់ ប្រមូលផ្តុំ​គ្នា​ក្នុង​ពេល​ធ្វើ​បុណ្យសព​ជន​នេះ ។

ពួក​តា​លី​បង់​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា ខ្លួន​ធ្វើការ​វាយប្រហារ​លើ​តុលាការ​ពេល​តុលាការ​ប៉ា​គី​ស្ថាន​ពង្រឹង​ច្បាប់​ប្រឆាំង​អ៊ិ​ស្លា​ម ៕