ស្រវឹងស្រាឡើង កាប់ផ្លែត្នោត ពាក់កណ្តាលយប់ ធ្លាក់ស្លាប់

កណ្តាល៖ បុរសម្នាក់ ត្រូវបានអ្នកឡើងត្នោត ប្រទះឃើញដេកស្លាប់នៅ ក្រោមដើមត្នោត កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងកើត ភូមិចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិរាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅកើតហេតុ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន នាំគ្នាផឹកស៊ីរហូតម៉ោង១២យប់ រួចក៏បែកគ្នាមកផ្ទះរៀងៗខ្លួន ។ ដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ជនរងគ្រោះបានយកកាំបិត ចេញពីផ្ទះទៅរកកាប់ផ្លែត្នោត ហើយក៏បាត់ដំណឹងឈឹងតែម្តង ។ លុះដល់ម៉ោង៥ព្រឹក ទើបប្រជាពលរដ្ឋទៅឡើងត្នោត បានប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្រោមដើមត្នោត ដោយមានទាំងស្លឹកត្នោត១ធាង ទុំងាប់នៅជាប់សាកសពផង ។ ដើមត្នោតដែលជនរងគ្រោះឡើង មានបង្អោងចាស់ និងកម្ពស់១៥ម៉ែត្រ ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ និងជំនាញស្រុកចុះទៅដល់ កន្លែងកើតហេតុធ្វើការពិនិត្យ ដោយមានការចូលរួមមានមេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា ពិតជាស្លាប់ដោយសារមូលហេតុ ធ្លាក់ពីដើមត្នោតស្លាប់ប្រាកដមែន ។

ក្រោយពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់សព ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី  ៕

ស្រវឹងស្រាឡើង កាប់ផ្លែត្នោត ពាក់កណ្តាលយប់ ធ្លាក់ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត