បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ឡើង​កាប់​ផ្លែ​ត្នោត​ធ្លាក់​ស្លាប់

កណ្តាល: បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ឡើង​កាប់​ផ្លែ​ត្នោត​ធ្លាក់​ស្លាប់ ទាំង​កណ្តាលយប់ គ្មាន​អ្នកដឹង។​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់​នៅក្រោម​ដើមត្នោត នៅ​ចំណុច​វាលស្រែ​ខាងកើត ភូមិ​ចម្ងាយ៣០០​ម៉ែត្រ ស្ថិតក្នុង​​ភូមិ​ពោធិ​រាល់ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ផាត់ គង់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​កើតហេតុ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន នាំគ្នា​ផឹកស៊ី​រហូត​ម៉ោង​១២​យប់រួច​ក៏​បែក​គ្នា​មក​ផ្ទះ​រៀងៗ​ខ្លួន ។ ដល់​វេលា​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រជនរងគ្រោះ​បាន​យក​កាំបិត​ចេញពីផ្ទះ​ទៅរក​កាប់​ផ្លែ​ត្នោត ហើយក៏​បាត់ដំណឹង​ឈឹង​តែម្តង ។

​លុះដល់​ម៉ោង​៥​ព្រឹក ទើប​ប្រជាពលរដ្ឋ​ទៅ​ឡើងត្នោត បាន​ប្រទះឃើញ​ជនរងគ្រោះដេកស្លាប់​នៅក្រោម​ដើមត្នោត​ដោយមាន​ទាំង​ស្លឹក​​ត្នោត​១​ធាង ទុំ​ងាប់នៅជាប់​សាកសព​ផង ។ ដើមត្នោត​ដែល​ជនរងគ្រោះ​ឡើង​មាន​បង្អោង​ចាស់ និងកម្ពស់​១៥​ម៉ែត្រ ។​

 ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក​ចុះទៅ​ដល់ កន្លែងកើតហេតុធ្វើការ​ពិនិត្យ​និង​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពី​ដើមត្នោតស្លាប់​ប្រាកដ​មែន មិន​ជាប់​បាក់​ព័ន្ធ​ករណី​មនុស្សឃាត​នោះទេ រួច​ក៏បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​