រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពាវនាវ​អោយ​ពលរដ្ឋ​ប្រញាប់​ទៅ​បើកប្រាក់​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី​មន្ទីរ​សាធារណៈការ​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំពង់លែង​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង និង​ខេត្តកំពង់ឆ្នាំង ក៍​ដូចជា​ពលរដ្ឋ​ទូទាំងប្រទេស ប្រញាប់​ទៅ​បើកប្រាក់​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី​មន្ទីរ​សាធារណការ​វិញ កុំអោយ​ហួស​ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​។

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំពង់លែង​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បាន​អំពាវនាវ​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៩ អាណត្តិ​ទី​៥​ក្នុងស្រុក​កំពង់លែង នា​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ និង​ខេត្ត​ចុះជួយ​ស្រុ​កំពង់លែង ព្រមទាំង​សកម្មជន​គណៈបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំពង់លែង​ប្រមាណ​៤០០​នាក់​។​

លោក​បាន​ថ្លែងបន្តថា​៖ គោលនយោបាយ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​បាន​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយចំណែក​ទៀត ព្រោះថា​ពីមុន​បងប្អូន ប្រជា ពលរដ្ឋ​ដែលមាន​ម៉ូតូ​ជិះ ត្រូវមាន​ប័ណ្ណបើកបរ តែ​ក្រោយពី​សម្តេច​តេ​ជោ​បានទទួល ព័ត៌មាន​ផ្ទា​ល់ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ទើប​សម្តេច​តេ​ជោ​ប្រកាសថា អ្នកមាន​ម៉ូតូ កម្លាំង​ម៉ាស៊ីន​ចាប់ពី​១២៥CC​ចុះក្រោម​មិនបាច់​មាន​ប័ណ្ណបើកបរ​នោះទេ​។

​រហូតមកដល់​ពេលនេះ តាម​របាយការណ៍​ឃើញថា មាន​បងប្អូន​ដែលមាន​ប័ណ្ណ បើកបរ ម៉ូតូ​តែ​៤%​ប៉ុណ្ណោះ បានមក​បើក​យកប្រាក់​ទៅវិញ ដូច្នេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង សាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្តម​សូម​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រញាប់​ទៅ​បើកប្រាក់​ដែល​បងប្អូន​បានធ្វើ​ប័ណ្ណបើកបរ​រួចរាល់​ហើយ​នៅតាម​មន្ទីរ​សាធារណការ​ខេត្ត​ក្រុង វិញ​ព្រោះ​ដល់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ត្រូវផុត​កំណត់​ហើយ​។​

ដោយឡែក​ផ្លាកលេខ និង​ប័ណ្ណ​សំគាល់​យានយន្ត​វិញ លោក ត្រាំ អ៊ីវតឹក បាន​បន្ថែមថា​៖ តម្លៃ​នៃ​ការធ្វើ​ផ្លាកលេខ និង​ប័ណ្ណ​សំគាល់​យានយន្ត​ឥឡូវនេះ រាជរដ្ឋាភិបាល​បានអោយ បញ្ចុះតម្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៥០% ដូចនេះ​បងប្អូន​ណា​ដែល​ទិញ​ម៉ូតូ​ថ្មី យកទៅ​ធ្វើ ផ្លាកលេខ ហើយ និង​ធ្វើ​ប័ណ្ណ​សំគាល់​យានយន្ត​គឺ​តម្លៃ​ទាប​ជាង​មុន ដោយមាន​ការបញ្ចុះ តម្លៃ​៥០% លោក​បាន​អួត​សរសើ​ថា​រាជរដ្ឋាភិបាល​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​គ្រួសារ​។​

ចំពោះ​គ្រប់​រថយន្ត​វិញ សូម​បងប្អូន​កុំ​ភ្លេច ត្រូវតែ​ចូលទៅ​ត្រួតពិនិត្យ​បច្ចេក ទេស យានយន្ត​ជា​ចាំបាច់ ព្រោះ​អ្នកបច្ចេកទេស​គេ​ពិនិត្យ​ទៅលើ​កង់ ហ្វ្រាំង ភ្លើង ចង្កូត ជាដើម ដើម្បី​សុវត្ថិភាព​ពេល​បងប្អូន​បើកបរ ហើយ​តម្លៃ​ត្រួតពិនិត្យ​បច្ចេកទេស​នេះ​បាន​ថយចុះ អស់​៦០%​ផងដែរ​៕ រិ​ទ្ធិ ជ័យ​

KA-08-02-2016-01 KA-08-02-2016-02 ​ ​