ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​ទទួល​យក​ការ​ព្រមព្រៀង​ដើម្បី​ចេញ​ពី​ការដ្ឋាន​ទំនប់

បន្ទាប់ពី​ប្រជាពលរដ្ឋ​៧៣​គ្រួសារ​ផ្សេងទៀត​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ទទួល​យក​ការ​ផ្តល់​ឲ្យ​ដី​ថ្មី ជា​ថ្នូរ​នឹង​ដី​ស្រែ​ចម្ការ​ដែល​ពួកគាត់​នឹង​បាត់បង់​ទៅលើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ដែល​កំពុង​សាងសង់​សព្វ​ថ្ងៃ ក្រុម​ទី២​នឹង​ទទួល​យក​ការ​ព្រមព្រៀង​នេះ។

ប្រជាពលរដ្ឋ​៧០​គ្រួសារ​បាន​ទទួល​យក​ការ​ដោះដូរ​ដី​កាលពី​ខែ​ឧសភា ដើម្បី​បើក​ផ្លូវ​ធ្វើ​ទំនប់​មាន​ថាមពល​៤០០​មេហ្គា​វ៉ាត់​ដែល​កំពុង​សាង​សង់​ក្នុង​ការ​បណ្តាក់​ទុន​រួម​រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​ហាយដ្រូ​ឡានកាង អិុនធឺណាស្យូ​ណាល់ អិណឺជី របស់​ប្រទេស​ចិន កាត់​ទន្លេ​សេសាន​និង​ទន្លេ​ស្រែ​ពក ជា​ដៃ​ទន្លេ​មេគង្គ។

season-dam-លោក វឿន សម្បត្តិ មេឃុំ​ក្បាល​រមាស ស្រុក​សេសាន បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​៧៣​គ្រួសារ​ថ្មី​បាន​ទទួល​យក​ក្បាល​ដី​នៅ​កន្លែង​តាំង​លំនៅ​ថ្មី ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ពួកគាត់​រស់នៅ​បច្ចុប្បន្ន ប៉ុន្តែ​នៅ​ក្នុង​ឃុំ​តែ​មួយ ដោយ​ចាប់​ឆ្នោត​កាលពី​ថ្ងៃ​សុក្រ។ លោក​បាន​និយាយ​ថា ៤៦​គ្រួសារ​ក្នុង​ចំណោម​នោះ​ក៏​បាន​ជ្រើសរើស​យក​ផ្ទះ​ថ្ម ឬ​ផ្ទះ​ឈើ ដែល​ត្រូវ​សង់​នៅ​កន្លែង​ថ្មី​សម្រាប់​ពួកគាត់ ឬ​ក៏​ទទួល​យក​ប្រាក់​ដើម្បី​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង ក៏​ប៉ុន្តែ លោក​មិន​អាច​ចាំ​បាន​នូវ​ចំនួន​ប្រាក់​ផ្តល់​ឲ្យ​ទេ។

លោក​បាន​និយាយ​ថា “ស្ថានភាព​នៅ​ទីតាំង​ថ្មី​នោះ​គឺ​ល្អ ជាពិសេស​ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​កំពុង​ត្រូវ​រៀបចំ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​ក្នុង​ការ​រស់នៅ​និង​ស្រោចស្រព​ស្រែ​ចម្ការ​បាន”។

លោក សម្បត្តិ បាន​និយាយ​ថា គ្រួសារ​ទាំង​នោះ​នឹង​ត្រូវ​រើ​ចេញ​នៅ​ខែ​មេសា ហើយ​៣៣​គ្រួសារ​ផ្សេងទៀត​ក្នុង​ឃុំ​នោះ​មិន​ទាន់​ទទួល​យក​សំណង​ផ្តល់​ឲ្យ​នេះ​នៅ​ឡើយ ដោយ​បន្ទោស​ឥទ្ធិពល​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត។

លោក​បាន​និយាយ​ថា “ប្រជាពលរដ្ឋ​នៅ​សេស​សល់​មិន​ព្រម​ផ្លាស់​ទៅ​ទីតាំង​ថ្មី​ទេ ពីព្រោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បញ្ចុះ​បញ្ចូល​ពួកគាត់​កុំ​ឲ្យ​គាំទ្រ​គម្រោង​នេះ និង​ឲ្យ​ធ្វើការ​តវ៉ា ទាមទារ​និង​ជំរុញ​ឲ្យ​លុប​ចោល​គម្រោង​នេះ”។

មេឃុំ​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ដែល​សង់​ទំនប់​នេះ​នឹង​បន្ត​ព្យាយាម​បញ្ចុះ​បញ្ចូល​គ្រួសារ​នៅ​សេសសល់​ឲ្យ​ទទួល​យក​សំណង​នេះ។

លោក មៀច មាន ទីប្រឹក្សា​បណ្តាញ​ការពារ​ទន្លេ​៣ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អាច​ដាក់​សម្ពាធ​លើ​គ្រួសារ​ទាំង​នោះ​ឲ្យ​ទទួល​យក​សំណង​តិច​ជាង​អ្វី​ដែល​ពួកគាត់​សម​នឹង​ទទួល​បាន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទទួល​យក​ទាំង​ស្រុង ពីព្រោះ​តម្លៃ​សំណង​មិន​ធៀប​ទៅ​នឹង​[តម្លៃ​ដី]​ទី​ផ្សារ ចំណែក​ឯ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​តែ​រដ្ឋាភិបាល​ដើម្បី​បង្កើត​គោលនយោបាយ​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់ ឬ​ការ​ចរចា​ជាមួយ​សហគមន៍​ទេ”៕ និត

 

The post ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​ទទួល​យក​ការ​ព្រមព្រៀង​ដើម្បី​ចេញ​ពី​ការដ្ឋាន​ទំនប់ appeared first on ខេមបូឌា ដេលី.